វិស័យកសិកម្ម

កម្ពុជា រកចំណូលបានជាង២៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ ខណៈតម្លៃកើនឡើងជាង១៤០ដុល្លារក្នុង១តោន


កម្ពុជា រកចំណូលបានជាង២៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ នៅ៧ខែឆ្នាំ២០២៤ នេះ មានការកើនឡើងជាង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្របពេលការនាំចេញមានការកើនឡើង តម្លៃជ័រកៅស៊ូ ក៏បានរើបឡើងវិញគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺបានកើនឡើងប្រមាណជាង១៤០ដុល្លារក្នុង១តោន។ អ្នកជំនាញអះអាងថា កត្តាដែលជំរុញឱ្យបរិមាណនាំចេញ និងតម្លៃកៅស៊ូមានការកើនឡើង គឺដោយសារមានតម្រូវការខ្ពស់ពីទីផ្សារអន្តរជាតិ បន្ទាប់ពីប្រទេសផលិតកៅស៊ូធំៗមួយចំនួនបានកាត់បន្ថយការផលិត។
វិស័យកសិកម្ម
ដោយ

របាយការណ៍របស់អគ្គនាយកដា្ឋនកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា បានឱ្យដឹងថា នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជា រកចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង២៧០លានដុល្លារ មានការកើនឡើងជាង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះការនាំចេញជ័រកៅស៊ូ សម្រេចបានទឹកប្រាក់ជាង២៦៩លានដុល្លារ ជាមួយបរិមាណនាំចេញជាង១៧ម៉ឺនតោន ខណៈការនាំចេញឈើកៅស៊ូ សម្រេចបានទឹកប្រាក់ជាង២លានដុល្លារ ជាមួយបរិមាណនាំចេញជាង១ម៉ឺនម៉ែត្រគូប។

ទន្ទឹមនឹងការនាំចេញមានការកើនឡើង តម្លៃជ័រកៅស៊ូជាមធ្យមគិតត្រឹមខែកក្កដា ឆ្នាំ២០២៤នេះ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺជ័រកៅស៊ូអាចលក់បានក្នុងតម្លៃជាង១​៦០០​ដុល្លារក្នុង១តោន កើនឡើងប្រមាណជាង១៤០ដុល្លារក្នុងមួយតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យការនាំចេញជ័រកៅស៊ូ និងតម្លៃលក់ជ័រកៅស៊ូរបស់កម្ពុជា មានការកើនឡើងនៅ៧ខែឆ្នាំនេះ គឺដោយសារការផ្គត់ផ្គង់ផលិតផលជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិ មានតិចជាងតម្រូវការប្រើប្រាស់ ក្រោយប្រទេសផលិតកៅស៊ូធំៗមួយចំនួនដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ជាដើម បានកាត់បន្ថយការដាំដំណាំកៅស៊ូទៅដាំដំណាំដូងប្រេងជំនួសវិញ។

យ៉ាងណាមិញ សម្រាប់ការដាំដុះដំណាំកៅស៊ូនៅកម្ពុជា បច្ចុប្បន្នវិញ អ្នកជំនាញរូបនេះវាយតម្លៃថា គឺមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ហើយប្រសិនបើតម្លៃកៅស៊ូនៅតែបន្តកើនឡើងទៀតនោះ លោកជឿជាក់ថា កសិករនឹងបង្កើនការដាំដុះបន្ថែមទៀតផងដែរ។

​អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ដែរថា វត្តមានរបស់រោងចក្រផលិតសំបកកង់រថយន្តមួយចំនួននៅកម្ពុជា ក៏បានជួយស្រូបទាញផលិតផលជ័រកៅស៊ូក្នុងស្រុកបានមួយចំណែកផងដែរ ហើយនៅពេលថ្មីៗនេះទៀតសោត រោងចក្រផលិតសំបកកង់រថយន្តទាំងនេះ ក៏បានបង្ហាញចេតនាចង់បង្កើនបរិមាណទិញជ័រកៅស៊ូនៅក្នុងស្រុកបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ក្នុងខ្សែច្រវាក់ផលិតរបស់ខ្លួនផងដែរ។

​សូមជម្រាបថា ជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជា ភាគច្រើនត្រូវបាននាំចេញទៅទីផ្សារអាស៊ី ដូចជាប្រទេសចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុន ជាដើម។ បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្ម មានជាង៤ម៉ឺន៦ពាន់ហិកតា, ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ច មានជាង១៨ម៉ឺនហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានជាង១៨ម៉ឺនហិកតា។ ដោយឡែក ផ្ទៃដីចៀរជ័រកៅស៊ូ មានប្រមាណ៣២ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៨ម៉ឺនហិកតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចូលដែក និងដែកថែបរបស់កម្ពុជា កើនឡើងជាង៦០% នៅ៧ខែឆ្នាំនេះ តើមកពីមូលហេតុអ្វី?

ព័ត៌មាន
ដែក និងដែកថែប នៅតែមានតម្រូវការខ្ពស់សម្រាប់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។ ជាក់ស្ដែងនៅរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ការនាំចូលដ…

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការដាក់ឱ្យប្រើប្រព័ន្ធ Cambodia e-Arrival នាពេលខាងមុខ?

ព័ត៌មាន
ប្រព័ន្ធ Cambodia e-Arrival គឺជាប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចេញចូលប្រទេសកម្ពុជា។ ប្រព័ន្ធនេះ ត្រូវបានបណ្ដាប្រទេសជឿនលឿនមួយចំនួនលើពិភពលោកបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ