មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ន

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា ការផ្លាស់ប្តូរឆ្នាំគោល GDP មិនមែនដើម្បីបើកផ្លូវសម្រាប់ខ្ចីលុយពីបរទេសនោះទេ


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ការរំកិលឆ្នាំគោលគណនេយ្យជាតិ ឬឆ្នាំគោលផលិតផលក្នុងស្រុកសរុប(GDP)ពីឆ្នាំ២០០០មកឆ្នាំ២០១៤ មិនដើម្បីបើកផ្លូវសម្រាប់ការខ្ចីលុយពីបរទេសនោះទេ បើទោះបីការផ្លាស់ប្តូរនេះបានពង្រីកគម្លាតពិដានក្នុងការខ្ចីបំណុលពីបរទេសឱ្យកាន់តែធំជាងមុនក៏ដោយ។ ផ្ទុយទៅវិញការផ្លាស់ប្តូរឆ្នាំគោល GDP នេះ គឺដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចឱ្យកាន់តែមានសុគតភាព និងជាក់លាក់បន្ថែមទៀត។ ជាធម្មតាបើតាមការណែនាំរបស់អង្គការសហប្រជាជាតិស្ដីពីស្ថិតិគណនេយ្យជា
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ន
ដោយ

នាសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ២០០០ ទៅឆ្នាំ២០១៤ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ ឬឆ្នាំគោលផលិតផលក្នុងស្រុកសរុប មិនមែនដើម្បីបើកផ្លូវសម្រាប់ខ្ចីបំណុលពីបរទេសនោះទេ បើទោះបីការផ្លាស់ប្តូរនេះជួយពង្រីកគម្លាតរវាងទំហំ GDP និងបំណុលសាធារណៈរបស់កម្ពុជាឱ្យកាន់ធំជាងមុន ដែលផ្តល់ឱកាសឱ្យកម្ពុជាអាចខ្ចីបំណុលបានច្រើនជាងមុនក៏ដោយ។ បន្ថែមលើនេះ ការផ្លាស់ប្តូរឆ្នាំគោលនេះ ក៏មិនមែនដើម្បីជួយគាំទ្រផែនការក្នុងការឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ នោះដែរ។ ផ្ទុយទៅវិញការផ្លាស់ប្តូរឆ្នាំគោល GDP នេះ គឺដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចឱ្យកាន់តែមានសុគតភាព និងជាក់លាក់បន្ថែមទៀត។

បើតាមការអះអាងរបស់ឯកឧត្តម ផាន់ ផល្លា ការផ្លាស់ប្តូរឆ្នាំគោលផលិតផលក្នុងស្រុកសរុបនេះចង់ ឬមិនចង់វានឹងធ្វើឱ្យកម្ពុជាបានបង់នូវឱកាសក្នុងការទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសផ្សេងៗក្នុងអត្រាការប្រាក់សម្បទាន ក៏ដូចជាបាត់បង់ការអនុគ្រោះពន្ធក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន។ សំណួរសួរថា បើដឹងដូច្នេះហេតុកម្ពុជានៅតែបន្តផ្លាស់ប្តូរឆ្នាំគោល GDP របស់ខ្លួន? ឆ្លើយតបនឹងសំណួរនេះ ឯកឧត្តម ផាន់ ផល្លា បានគូសបញ្ជាក់ថា ប្រព័ន្ធសេដ្ឋកិច្ចនៅតាមប្រទេសនីមួយៗតែងតែមានការផ្លាស់ប្តូរទៅតាមពេលវេលា និងភាពរីកចម្រើននៃសេដ្ឋកិច្ចសកល ដូច្នេះប្រសិនបើកម្ពុជាមិនផ្លាស់ប្តូរឆ្នាំគោលនេះទេ នោះតួលេខ GDP របស់កម្ពុជាមិនមានការបញ្ចូលវិស័យ និងអនុវិស័យដែលកំពុងមានភាពរីកចម្រើននោះទេ។

ជាមួយគ្នានេះឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបានមានប្រសាសន៍ថា ស្ថិតិគណនេយ្យជាតិជាស្ថិតិដ៏សំខាន់មួយក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជា និងក្នុងស្ថិតិម៉ាក្រូសេដ្ឋកិច្ច ដែលមានវិសាលភាពគ្រប់វិស័យក្នុងសេដ្ឋកិច្ចជាតិកម្ពុជា។ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នការគណនាផលិតផលក្នុងស្រុកសរុប (GDP) គឺផ្អែកលើឆ្នាំគោលឆ្នាំ២០០០ ដែលគិតមកដល់ឆ្នាំ២០២២ មានរយៈពេល២២ឆ្នាំ ដែលតាមអនុសាសន៍នៃសេចក្ដីណែនាំរបស់អង្គការសហប្រជាជាតិស្ដីពីស្ថិតិគណនេយ្យជាតិ(UN-SNA) ត្រូវផ្លាស់ប្តូរឆ្នាំគោលជារៀងរាល់៥ឆ្នាំម្ដង ឬយ៉ាងយូរបំផុត១០ឆ្នាំម្ដង ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចមានសង្គតិភាព។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៊ិន ត្រឈៃ ឆ្នាំគោលគណនេយ្យជាតិ ឬឆ្នាំគោលផលិតផលក្នុងស្រុកសរុប គឺជាដំណើរការនៃការជំនួសឡើងវិញឆ្នាំគោលចាស់ឆ្នាំ២០០០ ដែលបានប្រើប្រាស់សម្រាប់ចងក្រង ផ.ស.ស. ជាងម្ភៃឆ្នាំមកហើយ ជាមួយនឹងឆ្នាំគោលថ្មី (ឆ្នាំ២០១៤) ដើម្បីធ្វើការគណនាថ្លៃថេរ ផ.ស.ស. សម្រាប់វាស់វែងទំហំ និងកំណើនសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំរូបនេះសង្កេតឃើញថា នៅក្នុងរយៈពេលមួយដ៏វែងមកនេះ សេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលថ្លៃ និងរចនាសម្ព័ន្ធគួរឱ្យកត់សម្គាល់ ដែលទាមទារចាំបាច់ក្នុងការផ្លាស់ប្តូរឆ្នាំគោលថ្មីជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងប្រែប្រួលនេះ ដើម្បីលើកកម្ពស់គុណភាព និងរបាយការណ៍ ផ.ស.ស.។ តាមពិតឆ្នាំគោល GDP ឆ្នាំ២០១៤ បានផ្លាស់ប្តូរតាំងពីឆ្នាំ២០១៧ មកម្ល៉េះហើយត្រូវបានបិទបញ្ចប់នៅឆ្នាំ២០១៩ ហើយកម្ពុជានឹងឈានទៅប្រើប្រាស់ឆ្នាំគោលឆ្នាំ២០២៤ នាពេលអនាគតដ៏ខ្លីខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការព្យាករស្ថានភាពសេដ្ឋកិច្ចមានការកើនឡើង តែពលរដ្ឋមួយចំនួននៅតែរអ៊ូពិបាករកស៊ី តើមកពីមូលហេតុអ្វី?

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងដំណើរដូចការព្យាករ បើទោះបីប្រាក់ចំណូលរបស់ពល…

គណៈរដ្ឋមន្ត្រីថៃ អនុម័តឲ្យរដ្ឋាភិបាលខ្ចីប្រាក់រហូតដល់ទៅ៧ពាន់៥រយលានដុល្លារបន្ថែម

ព័ត៌មាន
គណរដ្ឋមន្រ្តីថៃ បានអនុម័តឲ្យរដ្ឋាភិបាលអាចមានលទ្ធភាពខ្ចីប្រាក់ ដែលមានទំហំរហូតដល់ទៅប្រមាណ៧ពាន់៥រយលានដុល្លារបន្ថែមលើឆ្នាំសារពើពន្ធប្រចាំឆ្នាំ។…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ