កូរ៉េខាងត្បូង និងអាមេរិក

កូរ៉េខាងត្បូង និងអាមេរិក ចែករំលែកផែនការនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង


សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានសន្យាផ្តល់ព័ត៌មានកាន់តែស៊ីជម្រៅអំពីគម្រោងនុយក្លេអ៊ែររបស់ខ្លួន ឱ្យសម្ព័ន្ធមិត្តកូរ៉េខាងត្បូងបានដឹង ដើម្បីទប់ទល់នឹងសត្រូវកូរ៉េខាងជើង ស្របពេលដែលមានក្ដីបារម្ភច្រើនឡើងនៅចំពោះមុខកំណើនកាំជ្រួចនិងគ្រាប់បែករបស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
កូរ៉េខាងត្បូង និងអាមេរិក ចែករំលែកផែនការនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង

ការប្រកាសអំពីផែនការចែករំលែកព័ត៌មាននុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង បានកើតឡើង ក្រោយពេលដែលមេដឹកនាំកូរ៉េខាងត្បូងលោក យូន ស៊ុក យើល និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបពិភាក្សាគ្នានៅសេតវិមានកាលពីថ្ងៃពុធ។ អំឡុងកិច្ចប្រជុំកំពូលនោះ កូរ៉េខាងត្បូងបានសន្យាជាថ្មីថា ខ្លួននឹងមិនផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯងទេ។

នៅឯសន្និសីទសារព័ត៌មានរួមគ្នាមួយ លោក យូន និងលោក បៃដិន បានសម្រេចព្រមព្រៀងគ្នាលើជំហានទាំងឡាយ ក្នុងការពង្រឹងវិស័យការពារជាតិរបស់កូរ៉េខាងត្បូង ដើម្បីអាចឆ្លើយតបទៅនឹងការគំរាមកំហែង និងការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង។ ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយក្នុងសម្ដីដើមថា៖ «ប្រទេសយើងទាំងពីរបានយល់ព្រមគ្នាដើម្បីផ្ដល់ប្រឹក្សាគ្នាភ្លាមៗជាទ្វេភាគី ក្នុងករណីដែលមានការវាយប្រហារនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង និងបានសន្យាឆ្លើយតបយ៉ាងរហ័ស យ៉ាងសម្បើម និងយ៉ាងដាច់ខាត ដោយប្រើពេញលេញរបស់សម្ព័ន្ធភាព រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែរ។»

ក្នុងឱកាសនោះ លោក ចូ បៃដិន វិញ បាននិយាយថា សហរដ្ឋអាមេរិកនៅតែបន្តស្នើឱ្យកូរ៉េខាងជើងគិតគូរពីសាជាថ្មីអំពីការចូលតុពិភាក្សាគ្នា ទាក់ទងនឹងកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ មីស៊ីលរបស់កូរ៉េខាងជើង។ សំណើនេះតែងតែត្រូវបានលោក គីម ជុង អ៊ុន ប្រមុខរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ធ្វើមិនដឹងមិនឮ។

បើតាមមន្ត្រីអាមេរិកជាច្រើនរូប, នៅក្រោម«សេចក្តីថ្លែងការណ៍ទីក្រុងវ៉ាស៊ីនតោន»ថ្មី សហរដ្ឋអាមេរិកនឹងផ្តល់ព័ត៌មានលម្អិតឱ្យទីក្រុងសេអ៊ូល និងអនុញ្ញាតឱ្យទីក្រុងសេអ៊ូលមានសិទ្ធិនិយាយទាក់ទងនឹងផែនការយថាហេតុរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ និងឆ្លើយតប ចំពោះឧបទ្ទវហេតុនុយក្លេអ៊ែរណាមួយនៅក្នុងតំបន់ តាមរយៈក្រុមប្រឹក្សានុយក្លេអ៊ែរសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង។

លើសពីនេះទៀត ប្រភពដដែលបានប្រាប់ថា ទីក្រុងវ៉ាស៊ីនតោនក៏នឹងដាក់ពង្រាយនាវាមុជទឹកបំពាក់កាំជ្រួចផ្លោង នៅកូរ៉េខាងត្បូងដែរ ដើម្បីបង្ហាញកម្លាំងយោធា ដែលនេះជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។ ប៉ុន្តែលោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអាវុធនុយក្លេអ៊ែររបស់អាមេរិកណាមួយ ដែលនឹងត្រូវយកទៅទុកនៅលើទឹកដីកូរ៉េខាងត្បូងឡើយ។

លោកស្រី ចេន្នី ថោន (Jenny Town) សមាជិកក្រុមឃ្លាំមើលកូរ៉េខាងជើង ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានមើលឃើញថា ជំហាននានាដែលបានព្រមព្រៀងគ្នានេះ ពុំបានគ្របដណ្ដប់អ្វីដែលប្រទេសកូរ៉េខាងត្បូងចង់បានទេ ហើយក៏ទំនងជាមិនអាចរារាំងកូរ៉េខាងជើងឱ្យបញ្ឈប់កម្មវិធីអភិវឌ្ឍន៍អាវុធប្រល័យលោក និងការសាកល្បងជាបន្តបន្ទាប់នោះទេ ឬទំនងជាមិនអាចធ្វើឱ្យការជជែកដេញដោលគ្នាក្នុងប្រទេសកូរ៉េខាងត្បូងអំពីអនាគតនុយក្លេអ៊ែររបស់ខ្លួនស្ងប់ស្ងាត់ឡើយ។

ចំណែកឯលោកស្រី ស៊ូ មី ធឺរី (Sue Mi Terry) នៅមជ្ឈមណ្ឌលស្រាវជ្រាវ វិលសុន (Wilson) បានមើលឃើញថា ការវិវឌ្ឍថ្មីនេះមានលក្ខណៈជាវោហាសាស្ត្រ និងជាការបិទបាំង ដើម្បីរារាំងកូរ៉េខាងត្បូងមិនឱ្យមាននុយក្លេអ៊ែរ។

កិច្ចប្រជុំកំពូលរវាងលោក យូន និងលោក បៃឌិន ក៏សម្រេចបាននូវកិច្ចព្រមព្រៀងមួយចំនួនទៀត អាទិ៍ទាក់ទងនឹងសន្តិសុខតាមអ៊ីនធឺណិត រថតយន្តអគ្គិសនីនិងអាគុយ បច្ចេកវិទ្យា ក្វានធឺម (quantum) ជំនួយអន្តរជាតិ និងការវិនិយោគផ្នែកសេដ្ឋកិច្ចជាដើម។ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីភាពតានតឹងរវាងប្រទេសចិន និងកោះតៃវ៉ាន់ ព្រមទាំងអំពីសកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងត្បូងផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រធានាធិបតីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់៕




អត្ថបទបន្ទាប់


វៀតណាមប្រកាសគម្រោងតម្លៃជិត ១២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍឧស្សាហកម្ម និងទេសចរណ៍នៅខេត្ត និញ ប៊ិញ

ព័ត៌មាន
ខេត្ត និញ ប៊ិញ (Ninh Binh) ដែលជាខេត្តមួយស្ថិតនៅតំបន់ដែនដីសណ្តទន្លេក្រហម ភាគខាងជើងនៃប្រទេសវៀតណាម បានទទួលគម្រោងវិនិយោគ ដែលមានថវិកាសរុប…

ខេត្តព្រះសីហនុ កំពុងសិក្សាគម្រោងបង្កើតសារមន្ទីរសង្គ្រាមក្រោមបាតសមុទ្រ ដើម្បីទាក់ទាញទេសចរ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុ បានអះអាងថា រដ្ឋបាលខេត្ត និងសហការជាមួយក្រុមជំនាញខាងមុជទឹកនៅបាតសមុទ្រ «ខ្មែរ ដាយវ៍ គ្រុប (Khmer Dive Group…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ