ណាតូ

ណាតូបង្ហាញច្បាស់ថា«អនាគតរបស់អ៊ុយក្រែនគឺនៅជាមួយណាតូ» ខណៈលោកហ្សេលេនស្គីខកចិត្តយ៉ាងខ្លាំងថា មិនដឹងពេលណា


ក្រោយកិច្ចប្រជុំកំពូលនៅទីក្រុង Vilnius ប្រទេសលីទុយអានី មេដឹកនាំណាតូបានសម្រេចចេញសេចក្តីប្រកាសមួយថា «អនាគតរបស់អ៊ុយក្រែនគឺស្ថិតនៅជាមួយសម្ព័ន្ធភាពយើង»។ ក្នុងន័យនេះ ទីក្រុងកៀវត្រូវរងចាំតទៅមុខទៀត ពោលគឺមិនអាចក្លាយជាសមាជិកនៅពេលនេះ ឬពេលខាងមុខដ៏ខ្លីតាមការស្នើសុំរបស់ខ្លួននោះឡើយ។
ណាតូបង្ហាញច្បាស់ថា«អនាគតរបស់អ៊ុយក្រែនគឺនៅជាមួយណាតូ» តែមិនដឹងពេលណា
ដោយ

ទន្ទឹមនឹងការប្រកាសនេះ ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងសារដោយសំដែងការខកចិត្តយ៉ាងខ្លាំង និងថាការសម្រេចចិត្តនេះហាក់«គ្មានន័យ»ទាល់តែសោះសម្រាប់អ៊ុយក្រែន ព្រោះលោកថា អ៊ុយក្រែនត្រូវការសន្យាមួយដ៏ច្បាស់លាស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

នៅឯកិច្ចប្រជុំកំពូលរបស់ខ្លួនកាលពីថ្ងៃអង្គារ អង្គការណាតូបានទម្លាក់ចោលនូវលក្ខខណ្ឌសម្រាប់ឱ្យអ៊ុយក្រែនបំពេញ ជាអ្វីដែលគេហៅថាផែនការសកម្មភាពសមាជិកភាពប្រកបដោយប្រសិទ្ធភាព ដើម្បីបើកផ្លូវឱ្យទីក្រុងកៀវចូលទៅក្នុងសម្ព័ន្ធភាពបានស្រួលជាងមុន។ សេចក្តីប្រកាសរបស់ណាតូឱ្យដឹងថា៖ «យើងនឹងមានជំហរមួយថាអញ្ជើញប្រទេសអ៊ុយក្រែនឱ្យចូលរួមក្នុងសម្ព័ន្ធភាពនៅពេលដែលសម្ព័ន្ធមិត្តទាំងអស់យល់ព្រម និងលក្ខខណ្ឌត្រូវបានបំពេញ»។

ទោះយ៉ាងនេះក្ដី គេហាក់មិនឃើញពីលក្ខខណ្ឌដែលមេដឹកនាំណាតូទាមទារ ឬតម្រូវសម្រាប់ឱ្យអ៊ុយក្រែនបំពេញ ត្រូវបានលើកឡើងឡើយ តែមេដឹកនាំទាំងនោះបានប្តេជ្ញាថានឹងជួយទីក្រុងកៀវឱ្យមានការរីកចម្រើនបន្ថែមទៀត ក្នុងសហប្រតិបត្តិការយោធាជាមួយសមាជិកអង្គារណាតូ ក៏ដូចជាលើកំណែទម្រង់ផ្នែកប្រជាធិបតេយ្យ និងសន្តិសុខ។

ភ្លាមៗ ក្រោយការប្រកាសរបស់អង្គការណាតូ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លាឌីមៀរ ហ្សេលេនស្គី បាននិយាយដោយការខកចិត្តថា «វាមិនធ្លាប់មាន ហើយឥតន័យទាល់តែសោះ នៅពេលដែលពេលវេលាមិនត្រូវបានកំណត់ ទាំងការអញ្ជើញក៏អត់មាន សម្រាប់សមាជិកភាពអ៊ុយក្រែន»។

លោក ហ្សេឡិនស្គី បានថ្លែងក្នុងពីធីជួបជុំមនុស្សរាប់ពាន់នាក់ដែលក្រវីទង់របស់អ៊ុយក្រែននៅទីក្រុង Vilnius កាលពីថ្ងៃអង្គារថា៖ «ណាតូនឹងធ្វើឲ្យអ៊ុយក្រែនមានសុវត្ថិភាព អ៊ុយក្រែននឹងធ្វើឲ្យណាតូកាន់តែខ្លាំង»។ លោកបានបន្តថា៖ លោកបានធ្វើដំណើរមកទីនេះ នៅថ្ងៃនេះ ដោយមានជំនឿលើការសម្រេចចិត្ត ដោយមានជំនឿលើដៃគូ ជាមួយនឹងជំនឿលើអង្គការណាតូដ៏រឹងមាំ»។ លោកហ្សេឡិនស្គីបានចោទសួរថា៖លោកចង់ឱ្យជំនឿនេះក្លាយជាភាពប្រាកដប្រជា ភាពប្រាកដប្រជាក្នុងការសម្រេចចិត្តដែលយើងទាំងអស់គ្នាសមនឹងទទួលបាន និងជាអ្វីដែលទាហានរបស់យើងគ្រប់គ្នារំពឹងទុក ប្រជាពលរដ្ឋរបស់យើងម្នាក់ៗ ម្តាយគ្រប់រូប និងកូនៗរបស់យើង ហើយតើនេះជាបំណងប្រាថ្នាធំពេកឬ?»

ទោះបីជាមិនបានចូលជាសមាជិកណាតូមែន តែលោក ហ្សេលេនស្គី មានជោគជ័យនៅកន្លែងផ្សេង។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ទីក្រុងប៉ារីសនឹងចាប់ផ្តើមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ឱ្យអ៊ុយក្រែន បន្ទាប់ពីមានការប្រកាសស្រដៀងគ្នាដោយចក្រភពអង់គ្លេស។ សព្វាវុធទាំងនេះនឹងអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនវាយលុកលើពួកទាហានរុស្ស៊ីនិងភ័ស្តុភាររបស់ពួកគេដែលនៅពីក្រោយសមរភូមិ។ ទន្ទឹមនឹងនេះ ប្រទេសអាឡឺម៉ង់បានប្រកាសជំនួយថ្មីដែលមានតម្លៃ ៧០០ លានអឺរ៉ូ រួមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ចំនួនពីរ និងរថក្រោះ ព្រមទាំងយានយន្តប្រយុទ្ធជាច្រើនទៀតផងដែរ។

ទោះបីជាយ៉ាងណាក្តី អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថេនប៊ឺក បានប្រាប់អ្នកកាសែតដោយសង្កត់ធ្ងន់ថា ពីមុនមក ណាតូមិនដែលបញ្ចេញសារណាប្រកបដោយទម្ងន់ ដូចសារដែលបង្ហាញការប្តេជ្ញាគាំទ្រអ៊ុយក្រែនទេ។ តែលោកថាមិនអាចប្រាប់ពីពេលច្បាស់លាស់សម្រាប់សមាជិកភាពអ៊ុយក្រែនឡើយ តាំងពីដើមរៀងមក រឿងនេះ«អាស្រ័យលើលក្ខខណ្ឌជាក់ស្តែង»៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ ក្រោយចាញ់ឆ្នោត

ព័ត៌មាន
នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានប្រកាសថា លោកនឹងលាលែងពីជីវិតនយោបាយ និងលាឈប់ពីតួនាទីន…

អតីតប្រធានាធិបតីរុស្ស៊ីថ្លែងថា ជំនួយយោធាណាតូសម្រាប់អ៊ុយក្រែននាំសង្គ្រាមលោកលើកទី៣ឱ្យខិតកាន់តែជិត

ព័ត៌មាន
លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បានថ្លែងនៅល្ងាចថ្ងៃអង្គារថា ការកើនឡើងនៃជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ