ករណីស្លាប់ជនបរទេស

នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យសមត្ថកិច្ចស៊ើបអង្កេតឲ្យច្បាស់ ពាក់ព័ន្ធករណីជនជាតិវៀតណាម៦នាក់ ស្លាប់ ដោយសារការបំពុលក្នុងសណ្ឋាគារ


បន្ទាប់ពីមានហេតុការណ៍ស្លាប់ជនជាតិវៀតណាមចំនួន ៦នាក់ ដោយសារការបំពុលនៅក្នុងសណ្ឋាគារប្រណីតមួយនៅកណ្ដាលទីក្រុងបាងកក កាលពីថ្ងៃទី ១៦ ខែ កក្កដា លោក ស្រ៊ីថា នាយករដ្ឋមន្ត្រីថៃ នៅយប់ថ្ងៃដដែលនោះ បានចុះទៅដល់ទីតាំងកើតហេតុ និងបានបញ្ជាឲ្យសមត្ថកិច្ចស៊ើបអង្កេតឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងករណីនេះ។
ករណីស្លាប់ជនបរទេស
ដោយ

ជនជាតិវៀតណាមទាំង៦នាក់ (ស្រី៣នាក់) បានចូលស្នាក់នៅសណ្ឋាគារមួយឈ្មោះ Grand Hyatt Erawan នៅក្នុងទីក្រុងបាងកក នៅម៉ោងផ្សេងគ្នា បន្ទាប់ពីបានមកដល់ប្រទេសថៃនៅថ្ងៃទី ១៣-១៤ ខែកក្កដា។

ក្រុមបុរស ៣នាក់ និងស្ត្រី៣នាក់ ដែលបានស្លាប់នោះ បានបើកបន្ទប់ស្នាក់នៅផ្សេងគ្នា ប៉ុន្ដែសាកសពរបស់ពួកគេត្រូវបានរកឃើញនៅក្នុងបន្ទប់តែមួយ ប៉ុន្ដែ មិនមាន​ភស្ដុតាងបង្ហាញថា មានការប្រតាយប្រតប់ ឬស្លាកស្នាមរបួសអ្វីទាំងអស់។

ក្រោយការធ្វើកោសល្យ​វិច័យ អាជ្ញាធរមានសមត្ថ​កិច្ចបញ្ជាក់ថា ករណីនេះ គឺជាការស្លាប់ដោយសារការបំពុល។
បន្ទាប់ពីបានចុះទៅដល់កន្លែងកើតហេតុ​នៅយប់ថ្ងៃទី ១៦ កក្កដា លោកស្រ៊ីថា ក៏បាន​បញ្ជាក់ឲ្យសមត្ថកិច្ច​ស៊ើបអង្កេតឲ្យ​បានម៉ត់ចត់ និងឆាប់រហ័ស​លើករណីនេះ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីថៃរូបនេះ ក៏បាន​បញ្ជាឲ្យ​ភ្នាក់ងារដ្ឋាភិបាលទាំងអស់ ចាត់សកម្មភាពជាបន្ទាន់​ ដើម្បីបញ្ជៀសផលប៉ះពាល់នានា​ទៅលើវិស័យទេសចរណ៍របស់ថៃ។

គិតមកត្រឹមព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤នេះ​ នៅពុំទាន់មានសេចក្ដីរាយការណ៍បន្ថែម ជុំវិញករណីពុលស្លាប់​ជនជាតិវៀតណាមទាំង៦នាក់នេះនៅឡើយទេ ថាតើពួកគេស្លាប់​ដោយសារការដាក់ថ្នាំបំពុល ឬក៏ពុលចំណីអាហារ។

យ៉ាងណាក៏ដោយចុះ ករណីស្លាប់ជនបរទេស ដែលជាភ្ញៀវទេសចរ​នៅក្នុងសណ្ឋាគារនេះ ក៏បានធ្វើឲ្យ​រាជរដ្ឋាភិបាល​ថៃ ដេកមិនលក់បក់មិនល្ហើយផងដែរ ដោយសារតែបារម្ភថា ហេតុការណ៍នេះអាចធ្វើឲ្យ​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​វិស័យទេសចរណ៍ ដ្បិតកន្លងមក ករណីបាញ់ប្រហារដ៏រន្ធត់​នៅក្នុង​ផ្សារទំនើប​ក្នុង​ប្រទេសថៃ កាលពីខែតុលា ឆ្នាំមុន ក៏បានធ្វើឲ្យ​រង្គោះង្គើដល់វិស័យទេសចរណ៍មិនតិចដែរ។

វិស័យទេសចរណ៍ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចថៃ ខណៈនៅឆ្នាំនេះ ប្រទេសក្បែរខាងកម្ពុជា​មួយនេះ រំពឹងទទួលបានទេសចរសរុប ៣៥លាននាក់ បន្ទាប់ពីទទួលបាន​២៨លាននាក់​កាលពីឆ្នាំមុន និង​រំពឹងថា ទេសចរអន្តរជាតិ​នឹងចំណាយសរុប​ប្រមាណជិត ៣៤ពាន់លានដុល្លារអាមេរិកសម្រាប់​ការដើរកម្សាន្ដនៅឆ្នាំនេះ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


BNI កម្ពុជា នឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអន សែនសុខ ក្រោមប្រធានបទ Breakthrough to Level UP Your Business

ព័ត៌មាន
BNI កម្ពុជា ដែលជាបណ្ដាញធុរកិច្ចធំមួយ គ្រោងនឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៤ នៅក្នុងខែសីហាខាងមុននេះ នៅផ្សារទំនើបអ៊ីអន សែនសុខ ក្រោមប្រធា…

តម្លៃមាសហក់ឡើងជាង១០០ដុល្លារក្នុង១តម្លឹងនៅពីរសប្តាហ៍ចុងក្រោយនេះ តើដោយសារកត្តាអ្វី?

ព័ត៌មាន
តម្លៃមាសនៅ២សប្ដាហ៍ដើមខែកក្កដាឆ្នាំ២០២៤នេះ បានហក់ឡើងខ្ពស់មកវិញដល់ជាង២ពាន់៩រយដុល្លារក្នុង១តម្លឹង ដោយបានកើនឡើងប្រមាណជាង១០០ដុល្លារ ក្នុង១តម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ