កម្ពុជា-ថៃ

បក្សប្រឆាំងរបស់ថៃ ទាមទារឱ្យរដ្ឋាភិបាលថ្មីលុបចោល MoU ស្តីពីការអភិវឌ្ឍធនធានរ៉ែប្រេង និងឧស្ម័នរួមគ្នាជាមួយកម្ពុជា នៅឈូងសមុទ្រថៃ


គណបក្សប៉ាឡាង ប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ PPRP ដែលជាបក្សប្រឆាំងរបស់ថៃ ទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) លុបចោលអនុស្សរណៈនៃការយោគយល់ (MoU) ឆ្នាំ២០០១ រវាងភាគីថៃ និងភាគីកម្ពុជា ស្តីពីការអភិវឌ្ឍរួមគ្នាលើធនធានរ៉ែប្រេង និងឧស្ម័ន ក្នុងតំបន់មានជម្លោះនៃឈូងសមុទ្រថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍។
កម្ពុជា-ថៃ
ដោយ

អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍរួមគ្នាលើធនធានរ៉ែប្រេង និងឧស្ម័ននៅក្នុងឈូងសមុទ្រថៃនេះ ត្រូវបានចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាឪពុករបស់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បច្ចុប្បន្ន។ ជាមួយគ្នានេះ គណបក្សប្រឆាំងរបស់ថៃ PPRP ទាមទារឱ្យរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា លុបចោលអនុស្សរណៈនៃការយោគយល់គ្នានេះ ព្រោះពួកគេបារម្ភថា អាចធ្វើឱ្យប្រទេសថៃ បាត់បង់ទឹកដីមួយចំនួនរបស់ខ្លួនមកខាងភាគីកម្ពុជា។

សមាជិកសភាថៃ លោក ធីរ៉ាឆៃ ភូវ៉ាណាតណារ៉ានូបាឡា(ThirachaiPhuvanatnaranubala) ប្រធានគណៈកម្មាធិការអប់រំ នៃបក្សប្រឆាំង ប៉ាឡាង ប្រាឆារ៉ាត បានថ្លែងក្នុងសន្និសីទកាសែតនៅរដ្ឋសភាថៃកាលពីថ្ងៃពុធ ទី៣០ ខែតុលា ថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ នេះបង្ហាញថា ភាគីថៃ និងភាគីកម្ពុជា បានទទួលស្គាល់តំបន់មួយនៅឈូងសមុទ្រថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា។ លោកបានបន្តថា ឯកសារនេះក៏បានទទួលស្គាល់ការទាមទាររបស់ភាគីកម្ពុជា ដែលបានធ្វើក្នុងឆ្នាំ១៩៧២ ដើម្បីកាន់កាប់ពាក់កណ្តាលនៃកោះគុត (Koh Kut) ដែលស្ថិតក្នុងខេត្តត្រាតរបស់ថៃ ផងដែរ។

លោកបានបញ្ជាក់ថា លោកគ្មានបញ្ហាទេជាមួយនឹងបំណងរបស់រដ្ឋាភិបាលថៃ ក្នុងការពិភាក្សាអំពីការវិនិយោគរួមជាមួយភាគីកម្ពុជា។ ប៉ុន្តែលោកនឹងជំទាស់ ប្រសិនបើរដ្ឋាភិបាលថៃ ប្រើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ធ្វើជាក្របខណ្ឌសម្រាប់កិច្ចពិភាក្សា ព្រោះវាមិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងបណ្តាលឱ្យប្រទេសថៃ បាត់បង់ទឹកដីផងដែរ។

ទន្ទឹមនេះ សមាជិកប្រតិបត្តិនៃបក្សប្រឆាំងរបស់ថៃ លោក អឹមអិល កនកាស៊ីវ៉ាត់ កាសេមស្រ៊ី (ML Kornkasiwat Kasemsri) បានលើកឡើងថា ភាគីថៃ និងភាគីកម្ពុជា បានពិភាក្សាគ្នាអំពីការកំណត់ព្រំដែនសមុទ្រនៅឆ្នាំ១៩៧០។ នៅពេលនោះ ភាគីថៃ បានផ្អែកលើព្រំដែនរបស់ខ្លួនលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៨ ស្តីពីច្បាប់សមុទ្រ ប៉ុន្តែភាគីកម្ពុជា បានប្រកាសដែនទឹករបស់ខ្លួននៅឆ្នាំ១៩៧២ ដោយមិនបានយោងទៅលើច្បាប់អន្តរជាតិ ណាមួយឡើយ។

លោកបានបន្តអះអាងទៀតថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ នេះបានបណ្តាលឱ្យមានការទាមទារត្រួតស៊ីគ្នាលើផ្ទៃដីប្រហែល២៦.០០០គីឡូម៉ែត្រការ៉េ រវាងភាគីថៃ និងភាគីកម្ពុជា ទោះបីជាតំបន់ត្រួតស៊ីគ្នានេះមិនត្រូវបានទទួលស្គាល់ដោយឯកសារច្បាប់ណាមួយក៏ដោយ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ ចាប់ផ្តើមដាក់ពាក្យសុំចូលជាសមាជិកអង្គការ OECD ក្រោយក្លាយជាដៃគូរបស់ BRICS

ប្រទេសថៃ បានចាប់ផ្តើមដំណើរការដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ដែលជាផ្នែកមួយ…

ថៃហាមឃាត់ការនាំចេញប្រេងដូងដើម្បីធានាការប្រើប្រាស់ ក្រោយតម្លៃប្រេងដូងក្នុងស្រុកហក់ឡើងខ្ពស់

ក្រសួងពាណិជ្ជកម្មថៃ បានចាត់វិធានការហាមឃាត់ការនាំចេញប្រេងដូងទៅកាន់ទីផ្សារអន្តរជាតិ ជាបន្ទាន់ ដើម្បីធានាការប្រើប្រាស់ក្នុងស្រុក ក្រោយតម្លៃប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ