វិស័យទេសចរណ៍

ថៃ កំពុងបង្កើនវិធានការបង្ក្រាបក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ ជាពិសេសក្រុមហ៊ុនចិនតែម្តង


ក្រសួងទេសចរណ៍ និងកីឡាថៃ បានបើកការស៊ើបអង្កេតលើបណ្ដាក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ ជាពិសេសក្រុមហ៊ុនចិន ដែលលក់កញ្ចប់ទេសចរណ៍ក្នុងតម្លៃថោកខ្លាំងស្ទើរមិនគួរឱ្យជឿ និងប្រើមគ្គុទេសក៍ទេសចរបរទេសដោយខុសច្បាប់ជាដើម។ ចំណាត់ការនេះបានបង្ខំឱ្យក្រុមចហ៊ុនជាច្រើនត្រូវបិទទ្វារ ហើយក្រុមហ៊ុនខ្លះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ បណ្ដាភ្នាក់ងារទេសចរណ៍ថៃ អះអាងថា ក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ទាំងនោះគ្របដណ្ដប់ស្ទើរ៥០% ដោយក្រុមហ៊ុនទេសចរណ៍ចិន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
វិស័យទេសចរណ៍
ដោយ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក សឺមសាក់ ពង់ផានីត (Sermsak Pongpanit) បានថ្លែងថា ក្រសួងរបស់លោកបានបញ្ជាឱ្យនាយកដ្ឋានទេសចរណ៍ដែលមានសមត្ថកិច្ចគ្រប់គ្រងបណ្ដាក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសថៃ ចាត់វិធានការយ៉ាងតឹងរ៉ឹងលើសកម្មភាពអាជីវកម្មមិនប្រក្រតីរបស់ក្រុមហ៊ុនទាំងនេះ ជាពិសេសក្រុមហ៊ុនទេសចរណ៍ដែលទម្លាក់តម្លៃខ្លាំង និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ។

ការចេញបទបញ្ជាណែនាំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពីសមាគមភ្នាក់ងារទេសចរណ៍ថៃ ដែលថ្មីៗនេះបានលើកឡើងពីការព្រួយបារម្ភពីការត្រលប់មកវិញនៃកញ្ចប់ទេសចរណ៍ចូលក្នុងប្រទេសថៃ ដែលមានតម្លៃថោកខ្លាំងស្ទើរមិនគួរឱ្យជឿ។ ក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ទាំងនេះលក់កញ្ចប់ទេសចរណ៍ក្នុងតម្លៃទាបខ្លាំងឱ្យទៅអ្នកទិញដែលជាភ្ញៀវទេសចរ តែបន្ទាប់ពីភ្ញៀវទាំងនោះមកដល់ប្រទេសថៃ ក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ទាំងនោះក៏បានបង្ខិតបង្ខំឱ្យភ្ញៀវចាយលុយ និងទិញទំនិញក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារខ្លាំង ឬតម្លៃកោរមិនដាក់ទឹក​។

ដើម្បីដោះស្រាយបញ្ហានេះ លោក ចាទូរ៉ុន ផាកឌីវ៉ានីត (Jaturon Phakdeewanit) អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ បាននិយាយថា ទីភ្នាក់ងាររដ្ឋាភិបាលចំនួន៦ បានបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការរួមគ្នាមួយ ដើម្បីបង្ក្រាបក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ដែលប្រើប្រាស់ពលរដ្ឋថៃ ឱ្យឈរឈ្មោះតំណាង និងលក់កញ្ចប់ទេសចរណ៍តម្លៃទាបខ្លាំងនៅក្នុងរយៈពេល៦ខែកន្លងមកនេះ។

ក្រោយបើកប្រតិបត្តិការស៊ើបអង្កេតលើក្រុមហ៊ុនទេសចរណ៍ចំនួន៣០ នាយកដ្ឋានទេសចរណ៍បានដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនទេសចរណ៍ចំនួន១០ ដោយចាប់បង្ខំឱ្យបិទទ្វារតែម្ដង។ ពលរដ្ឋថៃ ដែលគេរកឃើញថា បានឈរឈ្មោះតំណាងក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ទាំងនោះ ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មទេសចរណ៍រយៈពេល៥ឆ្នាំ ហើយត្រូវទទួលទោសទណ្ឌដូចមានចែងក្នុងច្បាប់ធុរកិច្ចបរទេស ដែលរួមមានទោសដាក់ពន្ធនាគារទាំងពលរដ្ឋថៃ និងជនបរទេសផងដែរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើលោក ស៊ី និងលោក ពូទីន ទទួលជោគជ័យកម្រិតណាក្នុងការអន្ទងមេដឹកនាំនៅអាស៊ីឱ្យចូលរួមជាមួយប្លុក BRICS?

ព័ត៌មាន
ស្របពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានបញ្ចប់ដំណើរទស្សនកិច្ចដាច់ដោយឡែកពីគ្នានៅអាស៊ីអាគ្នេយ៍ក្…

វិស័យអាកាសចរណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានព្យាករថា នឹងមានប្រាក់ចំណេញទាបត្រឹមតែ១,២ដុល្លារក្នុងអ្នកដំណើរម្នាក់

ព័ត៌មាន
សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បាននិយាយថា វិស័យអាកាសចរណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានព្យាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ