បំណុលគ្រួសារ

រដ្ឋាភិបាលថៃ កំពុងឈឺក្បាលវិលមុខជាមួយបញ្ហាបំណុលគ្រួសារ និងកម្ចីខូចកើនឡើង


ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ការដោះស្រាយបញ្ហាបំណុលគ្រួសារពលរដ្ឋថៃ ដែលបានកើនឡើងខ្លាំងរហូតដល់ទៅជាង៩០%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ គួរឱ្យព្រួយបារម្ភ នឹងក្លាយជារបៀបវារៈកំពូលនៃកិច្ចប្រជុំបន្ទាន់មួយរវាងនាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៅដើមសប្ដាហ៍ក្រោយនៅវិមានរដ្ឋាភិបាល។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
បំណុលគ្រួសារ
ដោយ

រហូតមកទល់ពេលនេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវីស៊ីន បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបែបនេះចំនួនពីរលើករួចមកហើយ ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច ដែលវិស័យសាធារណៈ និងឯកជនក្នុងប្រទេសនេះកំពុងប្រឈមមុខ។ ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ នឹងចូលរួមជាអធិបតីក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចនៅថ្ងៃទី១៥ ខែកក្កដា សប្ដាហ៍ក្រោយ ដើម្បីពិភាក្សាលើការដោះស្រាយបន្ទាន់ពាក់ព័ន្ធបញ្ហាការកើនឡើងបំណុលគ្រួសាររបស់ពលរដ្ឋ ក៏ដូចជាឥណទានមិនដំណើរការ ឬកម្ចីខូចនៅក្នុងវិស័យជាច្រើន។

ធនាគារកណ្ដាលថៃ បានរាយការណ៍មុននេះថា បំណុលគ្រួសារពលរដ្ឋថៃ គិតត្រឹមត្រីមាសទី៤ ចុងឆ្នាំ២០២៣ មានទំហំរហូតដល់ទៅជាង៩១%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ ដោយជាង៦៧%នៃបំណុលទាំងនោះ គឺជាកម្ចីផ្ទាល់ខ្លួន និងបំណុលបណ្ណឥណទានដែលមិនទាន់ទូទាត់សង។

កាលពីខែមេសា កន្លងទៅ ធនាគារកណ្ដាលថៃ ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានចាប់ផ្តើមដាក់ចេញកម្មវិធីរៀបចំឥណទានឡើងវិញ សម្រាប់អ្នកដែលមានបញ្ហាបំណុលរយៈពេលវែង ក្នុងគោលបំណងជួយឱ្យពួកគេមានលទ្ធភាពសងបំណុលក្នុងរយៈពេល៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់មិនឱ្យលើសពី១៥% ក្នុង១ឆ្នាំ។ ជាលទ្ធផលពលរដ្ឋប្រមាណ១៤ម៉ឺន៣ពាន់នាក់ ដែលមានបំណុលរួមបញ្ចូលគ្នាប្រមាណ២៨៣លានដុល្លារអាម៉េរិក បានដាក់ពាក្យស្នើសុំប្រើកម្មវិធីរៀបចំឥណទានឡើងវិញនេះ។

​ទន្ទឹមនឹងនេះ ការិយាល័យជាតិ ឥណទាន (NCB) បានរាយការណ៍ថា ចំនួនឥណទានមិនដំណើរការ ឬកម្ចីខូចក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤ នេះមានទំហំជាង៣១ពាន់លានដុល្លារអាម៉េរិក បើធៀបនឹង៣០ពាន់លានដុល្លារអាម៉េរិក ក្នុងអំឡុងវិបត្តិកូវីដ-១៩។

ឥណទានមិនដំណើរការ ឬកម្ចីខូចថ្មីៗនៅក្នុងខែឧសភា បានកើនឡើង៣,២% ពីខែមេសា ហើយបានកើនឡើង១១,៣% បើធៀបនឹងឆ្នាំមុន។ ហើយភាគច្រើននៃឥណទានមិនដំណើរការទាំងនេះ គឺចេញពីឥណទានរថយន្ត ឥណទានលំនៅឋាន ឥណទានសហករណ៍ និងបណ្ណឥណទាន។

ការិយាល័យជាតិឥណទាន (NCB បានគូសបញ្ជាក់ថា ឥណទានមិនដំណើរការ ឬកម្ចីខូចពីឥណទានរថយន្តបានកើនឡើងខ្លាំងជាងគេបំផុតរហូតដល់ទៅ៣០% ឈានដល់៦,៩ពាន់លានដុល្លារអាម៉េរិក ដែលសរុបជាគណនីមានជាង៨សែនគណនី៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកើនឡើង៥០% ខណៈការនាំចេញគ្រប់ស្វាយចន្ទីកែច្នៃរួចធ្លាក់ចុះជាង៨៧% តើមកពីមូលហេតុអ្វី?

ព័ត៌មាន
កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៥៤ម៉ឺនតោន នៅឆមាសទី១ឆ្នាំនេះ មានការកើនឡើងប្រមាណ៥០% បើធៀបនឹងរយៈពេ…

ទីផ្សាររថយន្តអាល្លឺម៉ង់ធំៗពីរកាន់តែយាប់យ៉ឺន ដោយសារការវាយលុករថយន្តអគ្គិសនី

ព័ត៌មាន
ទីផ្សាររថយន្តអាល្លឺម៉ង់ធំៗពីរ គឺ Volkswagen និង Audi កំពុងតែស្ថិតក្រោមសម្ពាធ ខណៈការលក់នៅចិនធ្លាក់ចុះនៅត្រីមាសទី២ឆ្នាំ២០២៤ នេះ។ ក្រោយពេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ