រូបិយប័ណ្ណចិន

ប្រាក់យន់ចិន មានការទទួលស្គាល់ជារូបិយប័ណ្ណសកលកាន់តែច្រើន ប៉ុន្តែអ្នកជំនាញថា នៅមានបញ្ហាប្រឈមធំៗ ដែលចិនត្រូវជម្នះ


មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើអន្តរជាតូបនីយកម្មប្រាក់យន់ ឬការប្រើប្រាស់ប្រាក់យន់ជាអន្តរជាតិ ដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណបម្រុងអន្តរជាតិដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ពិភពលោក។ ជាលទ្ធផលប្រាក់យន់ ត្រូវបានទទួលស្គាល់កាន់តែច្រើនជារូបិយប័ណ្ណសកល ប៉ុន្តែនាយកប្រតិបត្តិកំពូលៗជឿថា នៅមានបញ្ហាប្រឈមធំៗដែលចិនត្រូវជម្នះ ដើម្បីឈានទៅសម្រេចគោលដៅដ៏មហិច្ឆតានេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
រូបិយប័ណ្ណចិន
ដោយ

លោកស្រី ប៊ុននី ចាន់ (Bonnie Chan) នាយកប្រតិបត្តិក្រុមហ៊ុនផ្សារមូលបត្រហុងកុង Hong Kong Exchanges and Clearing Limited (HKEx) បានលើកឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ថា កម្មវិធី App ថ្មីៗសម្រាប់ប្រាក់យន់របស់មហាយក្សចិន ដូចជា App សម្រាប់ជួញដូរភាគហ៊ុន និងសញ្ញាប័ណ្ណ ឬមូលបត្របំណុលជាដើម គឺពិតជាចាំបាច់ណាស់ ដើម្បីជំរុញឱ្យរូបិយប័ណ្ណយន់ ត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ។

ក្រុងប៉េកាំង បានបង្ហាញមហិច្ឆតារបស់ខ្លួនជាយូរមកហើយដោយចង់ឃើញប្រាក់យន់ ត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយទូទាំងពិភពលោកក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដែលគ្របដណ្ដប់លើសលប់ដោយប្រាក់ដុល្លារអាម៉េរិក។ ហើយទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក លើប្រទេសរុស្ស៊ី ក៏បានបង្កើនសម្ពាធបង្ខំប្រទេសមួយចំនួនធំងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារផងដែរ។

ថ្លែងនៅឯកិច្ចប្រជុំ "Summer Davos" នៃវេទិកាសេដ្ឋកិច្ចពិភពលោកដែលរៀបចំឡើងនៅទីក្រុងតាលាន (Dalian) ប្រទេសចិន លោកស្រី ប៊ុននី ចាន់ (Bonnie Chan) បានគូសបញ្ជាក់ថា មនុស្សរក្សាទុកលុយសម្រាប់ធ្វើប្រតិបត្តិការទូទាត់អាជីវកម្ម ឬអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺមនុស្សរក្សាទុកលុយសន្សំជាទ្រព្យ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុនក្រុមហ៊ុនផ្សារមូលបត្រហុងកុង Hong Kong Exchanges and Clearing Limited (HKEx) បានប្រកាសដាក់ឱ្យដំណើរការកម្មវិធី App មួយមានឈ្មោះថា ឌួល ខោនធ័រ (Dual-Counter) ដែលអនុញ្ញាតឱ្យអ្នកវិនិយោគអាចជួញដូរមូលបត្រ ដែលចុះបញ្ជីនៅហុងកុងជាប្រាក់ដុល្លារហុងកុង ឬប្រាក់យន់របស់ចិន។

នៅក្នុងវិធានការដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើអន្តរជាតូបនីយកម្មប្រាក់យន់ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីឆ្នាំ២០១៥ បានប្រកាសថា ខ្លួននឹងដាក់បញ្ចូលប្រាក់យន់ ទៅក្នុងបញ្ជីរូបិយប័ណ្ណបម្រុងរបស់ខ្លួននៅឆ្នាំបន្ទាប់។

យោងតាមទិន្នន័យនៃប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT បង្ហាញថា ប្រាក់យន់ គឺជារូបិយប័ណ្ណសកម្មបំផុតទី៤ សម្រាប់ការទូទាត់ជាសកលគិតត្រឹមខែឧសភា ឆ្នាំនេះ ដែលមានចំណែកគ្រប់ដណ្ដប់៤,៥%នៃប្រតិបត្តិការទូទាត់បែបនេះទូទាំងពិភពលោក ខណៈដែលប្រាក់ដុល្លារអាម៉េរិក មានចំណែកគ្របដណ្ដប់រហូតដល់ទៅជិត៤៨%ឯណោះ។

ទិន្នន័យដដែលបង្ហាញទៀតថា នៅក្នុងផ្នែកហិរញ្ញប្បទានពាណិជ្ជកម្ម ឬ Trade Finance ប្រាក់យន់ ជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានចំណែកគ្របដណ្ដប់៥,១% ក្នុងខែឧសភា ឆ្នាំនេះ ខណៈដែលប្រាក់អឺរ៉ូ មានចំណែកគ្របដណ្ដប់៥,៦% ហើយប្រាក់ដុល្លារអាម៉េរិក មានចំណែកគ្របដណ្ដប់រហូតដល់ទៅជិត៨៥%។

លោក ហ្វ្រេដ ហ៊ូ (Fred Hu) ដែលជាស្ថាបនិក ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគចិន ឈានមុខ ព្រីម៉ាវេរ៉ា ខេបភីថល (Primavera Capital) បានលើកឡើងក្នុងកិច្ចប្រជុំ "Summer Davos" នេះដែរថា ការធ្វើអន្តរជាតូបនីយកម្មប្រាក់យន់ ឬការប្រើប្រាស់ប្រាក់យន់ ជាអន្តរជាតិ ឱ្យឈានដល់កម្រិតខ្ពស់មួយ អាចនឹងត្រូវការពេលយូរជាងការរំពឹងទុករបស់មជ្ឈដ្ឋានជាច្រើន បើទោះបីជាក្រុងប៉េកាំង បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់សរសើរចំពោះវឌ្ឍនភាពនៃការធ្វើអន្តរជាតូបនីយកម្មប្រាក់យន់យ៉ាងណាក្ដី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Tesla នឹងប្រមូលយករថយន្ត Cybertruck ត្រឡប់មកវិញ ក្រោយមានបញ្ហាផ្លិតទឹក

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញរបស់អាម៉េរិក Tesla គ្រោងប្រមូលរថយន្ត Cybertruck ត្រឡប់មកវិញ ដើម្បីក្រោយមានបញ្ហាផ្លិតទឹក និងបញ្ហាបា្លស្…

គណៈរដ្ឋមន្ត្រីថៃ ត្រៀមទុកថវិកាជាង៨០០លានដុល្លារ សម្រាប់ជួយសម្រួលការចំណាយលើថ្លៃជីកសិកម្មរបស់កសិករ

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើការត្រៀមទុកកញ្ចប់ថវិកាជាង៨១៥លានដុល្លារ ដើម្បីជួយប្រជាកសិករក្នុងការដោះស្រាយបញ្ហាថ្លៃជីកសិកម្ម ដោយគេរំពឹងថា អាច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ