ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-អន្តរជាតិ

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិនៅ១ខែដំបូងឆ្នាំ២០២៣ ធ្លាក់ចុះជិត២៩%


នៅ១ខែដំបូងក្នុងឆ្នាំ២០២៣នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៣ពាន់៤រយលានដុល្លារ មានការធ្លាក់ចុះជិត ២៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ទាំងទំហំនៃការនាំចេញ និងការនាំចូលសុទ្ធតែមានសញ្ញាធ្លាក់ចុះគួឱ្យកត់សម្គាល់។
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិនៅ១ខែដំបូងឆ្នាំ២០២៣ ធ្លាក់ចុះជិត២៩%

ជាក់ស្តែង ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ ធ្លាក់ចុះជិត ១៤% ខណៈការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ ធ្លាក់ចុះជាង ៣៧%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា ការធ្លាក់ចុះបែបនេះ ដោយសារមានការកាត់បន្ថយការចំណាយផ្សេងៗនៅលើសកលលោក ក្រោយសេដ្ឋកិច្ចបានរងការរង្គោះរង្គើ ដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយ និងវិបត្តិជំងឺកូវីដ-១៩ ជាដើម។

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិនៅ១ខែដំបូងឆ្នាំ២០២៣នេះ មានការធ្លាក់ចុះគួឱ្យកត់សម្គាល់ ពោលគឺធ្លាក់ចុះប្រមាណជិត ២៩% បើធៀបនឹងឆ្នាំមុន ជាមួយនឹងទំហំទឹកប្រាក់សរុបជាង ៣ពាន់៤រយលានដុល្លារ។ ក្នុងនោះ ប្រទេសចិនជាប់កំពូលតារាងជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មសរុបជិត ១ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៨%។ រីឯអាមេរិក ឈរនៅចំណាត់ថ្នាក់ពី២ បន្ទាប់ពីប្រទេសចិន មានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជាជិត ៦រយលានដុល្លារ ធ្លាក់ចុះ ២៣% បន្ទាប់ពីនេះ គឺប្រទេស វៀតណាម ថៃ និងជប៉ុន គឺសុទ្ធតែមានការធ្លាក់ចុះផងដែរ។

ទាក់ទងនឹងការធ្លាក់ចុះ នៃទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិនេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការធ្លាក់ចុះនេះ ដោយឃើញពីសាវតានៃការបញ្ជាទិញពីបណ្តាប្រទេសមួយចំនួនដូចជាអាមេរិក អឺរ៉ុប និងចិនជាដើម កាលពីចុងឆ្នាំ២០២២ ហាក់មានការថយថយមួយចំនួនផងដែរ។ យ៉ាងណាមិញ ឥទ្ធិពលនៃវិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងវិបត្តិជំងឺកូវីដ-១៩ គឺជាកត្តាធំៗ ធ្វើឱ្យខ្សែចង្វាក់ផ្គត់ផ្គង់លើសកលលោកជួបនូវបញ្ហា ដែលធ្វើឱ្យតម្រូវការក៏ជួបបញ្ហាផងដែរ និងបានជះឥទ្ធិពលជាច្រើនដល់សេដ្ឋកិច្ចពិភពលោក រួមទាំងក្នុងតំបន់ និងកម្ពុជា។ ពោលគឺការចំណាយផ្សេងៗត្រូវបានកាត់បន្ថយ ដែលធ្វើឱ្យការបញ្ជាទិញមានការថយចុះ ធ្វើឱ្យការនាំចេញក៏មានការថយចុះដូចគ្នាដែរ។

យ៉ាងណាក៏ដោយចុះ បើតាម បណ្ឌិត ហុង វណ្ណៈ ការធ្លាក់ចុះនៃការការដោះដូរពាណិជ្ជកម្មនៅ១ខែដំបូងនេះ នៅមិនទាន់អាចសន្និដ្ឋានបានទេថា វានឹងអាចជះឥទ្ធិពលទៅខែក្រោយៗបន្តទៀត ដោយសារកិច្ចពាណិជ្ជកម្មតែងមានការប្រែប្រួល។

មិនខុសគ្នាពី បណ្ឌិត ហុង វណ្ណៈ នោះទេ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជាក់ដែរថា ជាទូទៅ សម្រាប់តួលេខ១ខែដំបូងនេះ គេមិនទាន់អាចសន្និដ្ឋានជាក់លាក់ពីទំនោរពាណិជ្ជកម្មថា កើនឡើង ឬ ថយចុះនោះទេ។ ដោយឯកឧត្តម បានបញ្ជាក់ថា ជួនកាល ដោយសារមានបញ្ហាអ្វីមួយក្នុងរយ:ពេលខ្លី ឧទាហរណ៍ដូចជា ការដឹកជញ្ជូនមានការយឺតយ៉ាវជាដើម ក៏អាចធ្វើឲ្យតួលេខនាំចេញ នាំចូលទាបផងដែរ, ប៉ុន្តែនៅខែបន្ទាប់ក៏មានការហក់ឡើងខ្ពស់វិញ នៅពេលដែលបញ្ហាប្រឈមទាំងនោះត្រូវបានដោះស្រាយរួច។

សូមបញ្ជាក់ថា មុខទំនិញ សំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម៕




អត្ថបទបន្ទាប់


អាហ្រ្វិកខាងត្បូងប្រកាសអាសន្នពីកង្វះខាតចរន្តអគ្គិសនី ខណៈសេដ្ឋកិច្ចកំពុងខាតបង់រាប់លានដុល្លារក្នុងមួយថ្ងៃៗ

ព័ត៌មាន
កាលពីថ្ងៃព្រហស្បតិ៍ទី៩កុម្ភៈ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៊ីរីល រាម៉ាផូសា(Cyril Ramaphosa) បានប្រកាសអាសន្ននៅក្នុងប្រទេសរបស់ខ្លួន ពី…

អ្នកជំនាញថា តម្លៃផ្លែស្វាយឆ្នាំនេះប្រសើរជាងឆ្នាំមុន ប៉ុន្ដែ ទិន្នផលអាចនឹងថយចុះដោយសារកត្តាអាកាសធាតុ

ព័ត៌មាន
អ្នកជំនួញក្នុងវិស័យនាំចេញផ្លែស្វាយស្រស់ បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមចំពោះទីផ្សារនាំចេញផ្លែស្វាយស្រស់ថា មានស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ២០២៣…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ