ធនាគារអាមេរិក First Republic ដួលរលំ

ធនាគារអាមេរិក First Republic ដួលរលំ និងក្លាយជាធនាគាររងគ្រោះក្ស័យធនទី៣ហើយ ក្នុងរយៈពេល ២ ខែមកនេះ


បណ្ដានិយតករសហរដ្ឋអាមេរិកបានរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ធនាគារ ហ្វើស រីផាប់ប្លិក (First Republic) កាលពីថ្ងៃចន្ទ ហើយលក់ទៅឱ្យក្រុមហ៊ុនហិរញ្ញវត្ថុ ចេភីម័រហ្គែន (JPM)។ ធនាគារ ហ្វើស រីផាប់ប្លិក បានក្លាយជាធនាគារពាណិជ្ជទី ៣ នៅសហរដ្ឋអាមេរិកបន្ទាប់ពីធនាគារ ស៊ីលីកូន វ៉ល្លី និងធនាគរ ស៊ិកណេតឈើ ដែលដួលរលំក្នុងរយៈពេលត្រឹមតែ ២ ខែ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ធនាគារអាមេរិក First Republic ដួលរលំ និងក្លាយជាធនាគាររងគ្រោះក្ស័យធនទី៣ហើយ ក្នុងរយៈពេល ២ ខែមកនេះ

និយតករសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំមួយ មានទីតាំងនៅទីក្រុងញូយក ត្រូវទិញយកទ្រព្យសម្បត្តិភាគច្រើនរបស់ធនាគារ ហ្វើស រីផាប់ប្លិក និងប្រាក់បញ្ញើទាំងអស់ ដោយរួមទាំងប្រាក់បញ្ញើដែលមិនមានកិច្ចធានាផងដែរ។

សម្ព័ន្ធក្រុមហ៊ុន ចេភីម័រហ្គេន គឺជាអ្នកទិញធនាគារ ហ្វើស រីផាប់ប្លិក បន្ទាប់ពីបានដាក់សំណើដេញថ្លៃទិញកាលពីថ្ងៃអាទិត្យ ប្រជែងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត ក្នុងការដេញថ្លៃដែលស្ថិតក្រោមការចាត់ចែងរបស់សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ។

សម្ព័ន្ធក្រុមហ៊ុន ចេភីម័រហ្គេន នឹងបង់ប្រាក់ចំនួន ១០,៦ ពាន់លានដុល្លារទៅឱ្យសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ ដែលជាស្ថាប័នរដ្ឋ។ នេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីមានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិភាគច្រើនរបស់ធនាគារ ហ្វើស រីផាប់ប្លិក ដែលមានមូលដ្ឋាននៅទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ និងដើម្បីអាចចូលទៅធ្វើអាជីវកម្មលើមូលដ្ឋានអតិថិជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ធនាគារ ហ្វើស រីផាប់ប្លិក។

យោងតាមការប៉ាន់ប្រមាណគ្រាដំបូង, កិច្ចព្រមព្រៀងទិញធនាគារ ហ្វើស រីផាប់ប្លិក ដោយសម្ព័ន្ធក្រុមហ៊ុន ចេភីម័រហ្គែន ទាមទារឱ្យមូលនិធិធានារ៉ាប់រងប្រាក់បញ្ញើរបស់សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ ទទួលបន្ទុកចំណាយប្រហែល ១៣ ពាន់លានដុល្លារ។

នាពេលបច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន ចេភីម័រហ្គែន កាន់កាប់ច្រើនជាង ១០ ភាគរយ នៃប្រាក់បញ្ញើសរុបនៃធនាគារទាំងអស់របស់សហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ស្រាវជ្រាវមួយរបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ វេល ហ្វាហ្គូ, ប្រាក់បញ្ញើសុទ្ធរបស់សម្ព័ន្ធក្រុមហ៊ុន ចេភីម័រហ្គែន នឹងកើនឡើង ៣ ភាគរយ បន្ទាប់ពីការទិញធនាគារ ហ្វើស រីផាប់ប្លិក។

លោក ចេមី ឌីមន (Jamie Dimon) ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន ចេភីម័រហ្គេន បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទក្នុងសម្ដីផ្ទាល់ថា៖ «យើងត្រូវការធនាគារធំៗ និងជោគជ័យ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលើពិភពលោក។»

សម្ព័ន្ធក្រុមហ៊ុន ចេភីម័រហ្គែន បានទទួលកាន់កាប់ប្រាក់បញ្ញើទាំងអស់របស់ធនាគារ ហ្វើស រីផាប់ប្លិក ហើយគ្រោងសងប្រាក់ទំហំ ២៥ ពាន់លានដុល្លារទៅឱ្យធនាគារធំដែលបានរួមគ្នាដាក់ប្រាក់ចំនួន ៣០ ពាន់លានដុល្លារ ក្នុងធនគារ ហ្វើស រីផាប់ប្លិក កាលពីខែមីនា ក្នុងគោលបំណងជួយសង្គ្រោះធនាគារនេះ។

សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ បានឱ្យដឹងថា ធនាគារ ហ្វើស រីផាប់ប្លិក មានទ្រព្យសកម្មសរុបចំនួនជាង ២២៩ ពាន់លានដុល្លារ បើគិតត្រឹមថ្ងៃទី ១៣ ខែមេសា និងមានប្រាក់បញ្ញើទំហំជិត ១០៤ ពាន់លានដុល្លារ។

សម្ព័ន្ធក្រុមហ៊ុន ចេភីម័រហ្គែន បានប្រកាសថា ចាប់ពីថ្ងៃច័ន្ទតទៅ សាខាទាំង ៨៤ ទីតាំង របស់ ធនាគារ ហ្វើស រីផាប់ប្លិក នៅ ៨ រដ្ឋ ទូទាំងសហរដ្ឋអាមេរិក នឹងត្រូវបើកដំណើរការឡើងវិញ នៅក្នុងនាមជាសាខារបស់ធនាគារ ចេភី ម័រហ្គែន។

បណ្ដាអ្នកវិភាគនិងនាយកប្រតិបត្តិឧស្សាហកម្មហិរញ្ញវត្ថុ បាននិយាយថា កិច្ចព្រមព្រៀងនេះគួរតែធ្វើឱ្យទីផ្សារហិរញ្ញវត្ថុស្ងប់ស្ងាត់ហើយ។ ប៉ុន្តែពួកគេបានបន្ថែមថា វាបានមកដោយតម្លៃមួយ ពោលគឺធនាគារធំជាងគេកាន់តែរឹងមាំ ខណៈពេលដែលធនាគារតូចៗកាន់តែពិបាកធ្វើអាជីវកម្ម៕




អត្ថបទបន្ទាប់


លោកចូ បៃដិន ប្រាប់លោកម៉ាកូសថា ការប្តេជ្ញារបស់អាមេរិកដើម្បីការពារហ្វីលីពីនគឺ«ម៉ឺងម៉ាត់»

ព័ត៌មាន
ការឆ្លើយតបទៅនឹងការពង្រីកឥទ្ធិពលយ៉ាងឆាប់រហ័សលើផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក ក៏ដូចជាការក្រសោបយកបន្តិចម្តងៗនូវបណ្ដាកោះយុទ្ធសាស្ត្រជ…

អូស្ត្រាលីនឹងហាមប្រាមការជក់ ការនាំចូល និងការវេចខ្ចប់បារីអេឡិចត្រូនិក

ព័ត៌មាន
ប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារនេះបានស្នើឱ្យធ្វើការរឹតបន្តឹងច្បាប់ស្ដីពីបារីអេឡិចត្រូនិច និងណែនាំឱ្យមានការគ្រប់គ្រងថ្មីលើការនាំចូល និងការវេចខ្ចប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ