អនុប្រធានាធិបតីអាមេរិក

អនុប្រធានាធិបតីអាមេរិក៖ បច្ចុប្បន្នអាមេរិកផ្តោតលើបញ្ហាអាហ្វហ្កានីស្ថាន ប៉ុន្តែក៏មិនភ្លេចរឿងសមុទ្រចិនខាងត្បូង


អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅដើមសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីជាលើកដំបូងរបស់ខ្លួន បានអះអាងថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងផ្តោតការយកចិត្តទុកដាក់ លើកិច្ចការងារប្រឹងប្រែងជម្លៀសមនុស្សនៅអាហ្វហ្កានីស្ថាន ហើយក៏មិនភ្លេចពីបញ្ហាផ្សេងៗទៀតនោះដែរ ពិសេសបញ្ហាសមុទ្រចិនខាងត្បូង។
លោកស្រី ហារីសបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី
ដោយ

លោកស្រី ហារី​សបាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក​លី សៀន​ឡុ​ង ក្រោយ​ជំនួប​ពិភាក្សា​ថា​៖ វា​នៅ​មាន​ពេល​ច្រើន​ទៀត ដើម្បី​វិភាគ​ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​កា​រដក​កងទ័ព​អា​មេ​រិ​ក​ចេញពី​ប្រទេស​មួយ​នេះ​។ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោកស្រី កា​ម៉ា​ឡា​បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​អា​មេ​រិ​ក​ផ្តោត​សំខាន់​ពេល​នេះ​គឺ​ត្រូវ​ជម្លៀស​ពលរដ្ឋ​អា​មេ​រិ​ក ក៏​ដូច​ជា​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ណា ដែល​បម្រើ​ការ​ឲ្យ​អា​មេ​រិ​ក ពិសេស​ស្ត្រី និង​កុមារ ចេញពី​ប្រទេស​មួយ​នេះ​សិន​។

ការ​លើក​ឡើង របស់​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​ដូចនេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​សហរដ្ឋអាមេរិក ក្រោម​រដ្ឋបាល​លោក ចូ បៃ​ឌិន បាន​រង​ការ​រិះគន់​ចំ​ៗ​ពី​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​ដែល​មិនមែន​ជា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក ជុំវិញ​កា​រដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​ពួក​គេ​រិះគន់​ថា ជា​ការ​ធ្វើ​ឡើង​លឿន​រហ័ស​ពេក បណ្តាល​ឲ្យ​អា​ហ្វ​ហ្កា​នី​ស្ថាន​ធ្លាក់​ក្នុង​ភាព​ចលាចល​។

គួរ​ជម្រាប​ថា បញ្ហា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន មិនមែន​ជា​ប្រធានបទ​តែ​មួយ​ដែល​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​រូប​នេះ លើកយក​មក​ពិភាក្សា​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​នោះ​ទេ ប៉ុន្តែ​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត ដោយ​ក្នុង​នោះ សំណុំរឿង​ដ៏​ក្តៅ​គគុក​សមុទ្រ​ចិន​ខាងត្បូង​ក៏​ត្រូវ​បាន​អា​មេ​រិ​ក​និង​សិង្ហ​បុរី​យក​មក​ដាក់​លើ​តុ​ពិភាក្សា​ផង​ដែរ​។

អនុ​ប្រធានាធិបតី​រូប​នេះ​ដដែល​បាន​សង្កត់ធ្ងន់​ថា​៖ អា​មេ​រិ​ក​ប្តេជ្ញា​ចិត្ត​ធ្វើការ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត និង ប្រទេស​ជា​ដៃគូ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ក្នុង​ជំហ​គាំទ្រ និង​គោរព​ច្បាប់​អន្តរជាតិ ព្រមទាំង​សេរីភាព​នាវាចរណ៍​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។

គួរ​កត់​សម្គាល់ថា តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជា​ផ្លូវទឹក​យុទ្ធសាស្ត្រ​ដ៏​មាន​សក្តានុពល​និង​សម្បូរ​ទៅ​ដោយ​ប្រេង និង​ឧស្ម័ន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ហើយ​តំបន់​នេះ​ត្រូវ​បាន វៀតណាម ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី និង​ព្រុយ​ណេ​ទាមទារ​ចំណែក​រៀង​ៗ​ខ្លួន ខណៈ​ចិន​វិញ​ទាមទារ​ស្ទើរតែ​ទាំងស្រុង​នៅ​ផ្ទៃ​ទឹក​។

សូម​បញ្ជាក់​ថា អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោកស្រី កា​ម៉ា​ឡា ហារី​ស បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុ​ង កាលពី​ថ្ងៃ​ច័ន្ទ​ស​ប្ដា​ហ៍​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច ដែល​មាន​បំណង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​នៅ​ក្នុង​តំបន់ ហើយ​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ដើម្បី​ប្រឆាំង ឥទ្ធិពល​សេដ្ឋកិច្ច និង​សន្តិសុខ​របស់​ចិន ដែល​កំពុង​កើនឡើង​នៅ​ក្នុង​តំបន់​។ លោកស្រី ហារី​ស នឹង​បន្តដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម បន្ត​ទៀត ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ តម្លៃ៧៨លានដុល្លារគ្រោងចាប់ផ្ដើមនៅដើម ខែវិច្ឆិកាឆ្នាំនេះ

ព័ត៌មាន
គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលជាហិរញ្ញប្បទានរបស់សាធារណៈរដ្ឋកូរ៉េ គ្រោងនឹងចាប់ផ្ដើមនៅដើម ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ គ…

ធនាគារកណ្ដាលឥណ្ឌូនេស៊ី នឹងទិញបណ្ណបំណុលរដ្ឋក្នុងតម្លៃជាង ៣០ពាន់លានដុល្លារ

ព័ត៌មាន
ធនាគារកណ្ដាល និងក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឲ្យធនាគារកណ្ដាលឥណ្ឌូនេស៊ី អាចទិញយកបណ្ណបំណុលរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ