ក្រុមអ្នកជំនាញ

តើសកលលោកប្រឈមមុខនឹងហានិភ័យធំៗអ្វីខ្លះនៅក្នុងឆ្នាំ២០២៤ នេះ?


ព័ត៌មានក្លែងក្លាយ ការកើនឡើងនៃជម្លោះ និងស្ថានការណ៍មិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ស្ថិតក្នុងចំណោមហានិភ័យធំៗបំផុតដែលសកលលោកប្រឈមនៅក្នុងឆ្នាំ២០២៤ នេះ។ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលជាស្ថាប័នតាមដានយន្តការសេដ្ឋកិច្ចសកលបានបញ្ជាក់ថា បញ្ហាទាំងនេះ គឺជាក្តីបារម្ភដ៏ធំ ដែលត្រូវបានលើកឡើងដោយក្រុមពាណិជ្ជករ អ្នកសិក្សាស្រាវជ្រាវ និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់នៃប្រទេសជាច្រើន។
ក្រុមអ្នកជំនាញ
ដោយ

របាយការណ៍ស្ទង់មតិហានិភ័យសកលឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា បង្ហាញថា ព័ត៌មានក្លែងក្លាយ ការកើនឡើងនូវជម្លោះក្នុងតំបន់នានា និងស្ថានការណ៍មិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច គឺជាហានិភ័យដែលសកលលោកនឹងប្រឈមខ្លាំងបំផុតនាឆ្នាំនេះ និងនៅប៉ុន្មានឆ្នាំខាងមុខ។

របាយការណ៍ដដែលអះអាងថា ៥៤%នៃអ្នកដែលបានចូលរួមឆ្លើយនៅក្នុងការស្ទង់មតិបានបង្ហាញការជឿជាក់ថា ពិភពលោកនឹងប្រឈមបញ្ហាអស្ថិរភាព និងមហន្តរាយកម្រិតមធ្យម ខណៈដែល៣០%ទៀតរំពឹងថា សកលលោកនឹងធ្លាក់ចូលក្នុងស្ថានការណ៍កាន់តែច្របូកច្របល់។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងទៅលើមនុស្សជិត១ពាន់៥រយនាក់ស្ថិតក្នុងវិស័យផ្សេងៗគ្នារួមមានក្រុមពាណិជ្ជករ អ្នកសិក្សាស្រាវជ្រាវ និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់នៃប្រទេសជាច្រើន។

ប្រភពដដែលបានអះអាងថា ទស្សនវិស័យនេះបង្ហាញពីស្ថានភាពកាន់តែអាប់អួរគួរឱ្យកត់សម្គាល់ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ហើយក៏មានអ្នកដែលជឿជាក់ថា សកលលោកប្រឈមមុខនឹងចលាចលផងដែរ គឺមានរហូតដល់ទៅ២ភាគ៣ឯណោះ។

លទ្ធផលនៃស្ទង់មតិនេះត្រូវបានប្រកាសក្នុងគ្រាដែលសកលលោកកំពុងស្ថិតក្នុងស្ថានភាពរញ៉េរញ៉ៃដោយសារបញ្ហាអតិផរណា ការកើនឡើងនូវការចំណាយលើថ្លៃជីវភាពរស់នៅ និងបញ្ហាអត្រាការប្រាក់កាន់តែខ្ពស់នៅក្នុងតំបន់មួយចំនួននៃពិភពលោក បូករួមជាមួយនឹងការផ្ទុះឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងជម្លោះថ្មីៗជាបន្តបន្ទាប់រួមទាំងបញ្ហានៅតំបន់ហ្គាហ្សា ការបន្តអូសបន្លាយនៃសង្រ្គាមនៅអ៊ុយក្រែន ការផ្ទុះអំពើហិង្សានៅអាហ្រ្វិកជាដើម។

ប្រភពដដែលបានបន្ថែមទៀតថា បញ្ហាដែលកើតឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយដ៏អាក្រក់ ការកើនឡើងកម្ដៅផែនដី ការលេចចេញនូវជំងឺឆ្លងដូចជាករណីកូវីដ-១៩ ជាដើមក៏សុទ្ធតែជាបច្ច័យដែលនាំឱ្យមានការព្រួយបារម្ភខ្លាំង។

ស្ថាប័នតាមដានយន្តការសេដ្ឋកិច្ចសកលនេះ បានសម្ដែងក្តីព្រួយបារម្ភបំផុតចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានបង្កការយល់ច្រឡំដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ បញ្ញាសិប្បនិម្មិត AI គឺជាឆ្អឹងខ្នងនៃបញ្ហាសន្តិសុខនៅលើប្រព័ន្ធអ៊ិនធឺណែត និងបច្ចេកវិទ្យា។ រីឯបញ្ហានៃការកើនឡើងទំនាស់ ក្រុមអ្នកឆ្លើយតបសង្កត់ធ្ងន់លើបញ្ហាសង្រ្គាមនៅតំបន់ហ្គាហ្សា អ៊ុយក្រែន និងក្តីបារម្ភនៅច្រកសមុទ្រតៃវ៉ាន់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើបញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុអាចនឹងអាចដោះសា្រយបញ្ចប់បាននៅឆ្នាំនេះទេ?

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបញ្ហាជាប់គាំងដំណើរការសាងសង់នៃអគារមួយចំនួនក្នុងខេត្តព្រះសីហនុ ជាបញ្ហារាំងស្ទះសម្រាប់ដំណើរការនៃការអ…

ការនាំចេញដូងប្រេងនៅឆ្នាំ២០២៣ មានការកើនឡើង តែតម្លៃធ្លាក់ចុះ

ព័ត៌មាន
ការនាំចេញដូងប្រេងទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបនៅក្នុងឆ្នាំ២០២៣ សម្រេចបានជាង៦ម៉ឺនតោន មានការកើនឡើងប្រមាណ៥ពាន់តោន បើធៀបនឹងឆ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ