OPEC- អាមេរិក

អាមេរិកត្រៀមធ្វើអ្វីខ្លះ ក្រោយអង្គការ OPEC+ សម្រេចកាត់បន្ថយការផលិតប្រេងដល់ទៅ ២លានបារ៉ែលក្នុងមួយថ្ងៃ?


នៅទីបំផុត អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត ហៅថា OPEC+ បានសម្រេចកាត់បន្ថយការផលិតប្រេងដ៏ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីការផ្ទុះរីករាលដាលជំងឺកូវីដ-១៩មក។ ការបន្ថយផលិតកម្មប្រេងដ៏សម្បើមនេះ ដោយសារតែ ក្រុមប្រទេសផលិត និងនាំចេញប្រេងទាំងអស់នេះ បានមើលឃើញពីការធ្លាក់ចុះនៃតម្លៃប្រេងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ និងដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាសកលដែលកំពុងកើតឡើងផងដែរ។
OPEC+ កាត់បន្ថយការផ្គត់ផ្គង់ប្រេងក្នុងពិភពលោក ដល់ ២លានបារ៉ែលក្នុងមួយថ្ងៃ

យ៉ាងណាមិញ ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ ក៏ទទួលរងនូវប្រតិកម្មពីបណ្តាប្រទេសអ្នកប្រើប្រាស់ និងមានការខកចិត្តពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនផងដែរ។

អារ៉ាប៊ី សាអ៊ូឌីត ដែលជាមេដឹកនាំនៃអង្គការ OPEC បានប្រកាសក្រោយកិច្ចប្រជុំកាល ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងវីយ៉ែន ថា អង្គការនាំចេញប្រេងនេះ បានព្រមព្រៀងកាត់បន្ថយការផលិតប្រេង ២លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹង ២ភាគរយ នៃការផ្គត់ផ្គង់ប្រេងក្នុងពិភពលោក ដោយបានបញ្ជាក់ថា វាគឺជាវិធានការចាំបាច់ដើម្បីឆ្លើយតបទៅនឹងការដំឡើងអត្រាការប្រាក់គោលរបស់ប្រទេសលោកខាងលិច និងការចុះខ្សោយនៃសេដ្ឋកិច្ចសាកលជាដើម។

ការកាត់បន្ថយការផ្គត់ផ្គង់ប្រេងនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតម្លៃប្រេងងើបឡើងវិញ ខណៈដែលនៅមួយរយៈចុងក្រោយនេះ តម្លៃប្រេងបានធ្លាក់ចុះពី ១២០ដុល្លារ មកត្រឹមរង្វង់ ៩០ដុល្លារក្នុងមួយបារ៉ែល អស់ជាច្រើនខែមកហើយ។

ជុំវិញទៅនឹងការកាត់បន្ថយការផលិតប្រេងដល់ទៅ២លានបារ៉ែលក្នុងមួយថ្ងៃនេះដែរ សេតវិមានអាមេរិក បានចេញមកអះអាងថា ប្រធានាធិបតីអាមេរិក បានខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តទាំងងងឹតងងល់របស់អង្គការ OPEC+ ចំពេលដែលសេដ្ឋកិច្ចសកលកំពុងតស៊ូជាមួយនឹងផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន។

ឆ្លើយតបចំពោះកាយវិការដ៏ដាច់ណាត់របស់ OPEC+ នេះដែរ រដ្ឋបាលលោក ចូ បៃឌិន កំពុងពិចារណាបញ្ចេញប្រេងពីស្តុកបន្ថែមទៀត ដើម្បីទប់ទល់នឹងតម្លៃប្រេងកំពុងតែកើនឡើង។ បើយោងតាមសេចក្តីថ្លៃងការណ៍របស់សេតវិមាន។

គួរកត់សម្គាល់ដែរថា ការបន្ថយការផលិតប្រេងខាងលើនេះ ក៏ជាសកម្មភាពផ្ទុយនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ផងដែរ ដែលលោកបានស្នើសុំឱ្យអារ៉ាប៊ី សាអ៊ូឌីត បង្កើនការបូមប្រេងបន្ថែម ដើម្បីបន្ទាបតម្លៃប្រេងបន្ថែមទៀត ក្នុងការឈានទៅកាត់បន្ថយប្រភពចំណូលរបស់រុស្ស៊ី ដែលជាចំណូលដ៏រឹងមាំដើម្បីផ្គត់ផ្គង់សង្គ្រាមនៅអ៊ុយក្រែន។

យ៉ាងណាក៏ដោយចុះ ផែនការកាត់បន្ថយប្រេងរបស់អង្គការ OPEC+ នឹងមានការប្រែប្រួលទៀត ដោយអង្គការនេះនឹងបន្តបើកកិច្ចប្រជុំនៅថ្ងៃទី៤ ខែធ្នូខាងមុខ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


កម្ពុជាត្រៀមខ្លួនចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម

ព័ត៌មាន
ប្រទេសកម្ពុជាកំពុងត្រៀមខ្លួន ក្នុងការចាប់ផ្ដើមលើការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយនឹង អេមីរ៉ាតអារ៉ាប់រួមក្នុងពេលឆ…

កត្តាអ្វីខ្លះនឹងរុញឲ្យវិស័យថាមពលអឺរ៉ុបនឹងកាន់តែយ៉ាប់យ៉ឺននៅឆ្នាំក្រោយ?

ព័ត៌មាន
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិហៅកាត់ថា IEA បានអះអាងកាលពីថ្ងៃទី៥តុលាថា តំបន់អឺរ៉ុបអាចប្រឈមមុខនឹងវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរថែមទៀតនៅឆ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ