ការតភ្ជាប់មធ្យោបាយដឹកជញ្ជូនរវាងកម្ពុជា និងផ្លូវដែកឡាវចិន មានសារៈសំខាន់យ៉ាងណា?

ហេតុអ្វីកម្ពុជាត្រូវជំរុញការតភ្ជាប់មធ្យោបាយដឹកជញ្ជូនរវាងកម្ពុជា និងផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិនឲ្យបានឆាប់?


កម្ពុជា និងភាគីឡាវបាននិងកំពុងស្វែងរកវិធីសាស្ត្ររួមគ្នា ក្នុងការធ្វើយ៉ាងណាតភ្ជាប់ការធ្វើដំណើរទាំងផ្នែកទេសចរណ៍ និងការដឹកជញ្ជូនទំនិញរវាងកម្ពុជាតាមរយៈផ្លូវដែកល្បឿនលឿនចិន-ឡាវ ដើម្បីជំរុញការដោះដូរទំនិញឆ្លងដែន ពិសេសទៅកាន់ទីផ្សារចិនឆ្លងកាត់ប្រទេសឡាវ ក៏ដូចជាចរន្ដទេសចរឆ្លងដែនផងដែរ។ អ្នកជំនាញរំពឹងថា គម្រោងតភ្ជាប់ការធ្វើដំណើរឆ្លងដែន និងដឹកជញ្ជូនឆ្លងដែននេះ នឹងអាចសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះ។
រថភ្លើងល្បឿនលឿនឡាវ-ចិន រូបភាព៖ ក្រសួងទេសចរណ៍

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា នៅពេលខាងមុខ ប្រសិនជាគម្រោងមធ្យោបាយដឹកជញ្ជូនតភ្ជាប់រវាងផ្លូវរថភ្លើងកម្ពុជាជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍(ចិន-ឡាវ) អាចសម្រេចការតភ្ជាប់បានជោគជ័យនោះ វាជាគម្រោងមួយដែលប្រសើរមែនទែនក្នុងការជួយសម្រួលដល់ការដឹកជញ្ជូនទំនិញកម្ពុជាទៅកាន់ប្រទេសចិន និងពីចិនមកកម្ពុជាវិញ ដោយឆ្លងកាត់ប្រទេសឡាវ ហើយការដឹកជញ្ជូននេះនឹងអាចប្រើប្រាស់រយៈពេលខ្លីជាងការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

បើតាម ឧកញ៉ា ស៊ិន ចន្ធី សមាគមភស្ដុភារកម្មកម្ពុជាធ្លាប់បានជួបពិភាក្សារជាមួយភាគីឡាវចំនួន២លើករួចមកហើយ ក្នុងការចរចាលើគម្រោងមធ្យោបាយដឹកជញ្ជូនតភ្ជាប់រវាងកម្ពុជាជាមួយផ្លូវដែក ឡាវចិននេះ ដោយឃើញថា នៅមានកិច្ចការមួយចំនួនដែលមិនទាន់អាចដោះស្រាយបាននៅឡើយទេ។ ដោយបច្ចុប្បន្ន គឺការដឹកជញ្ជូនទំនិញត្រូវធ្វើតាមរយៈរថយន្តដើម្បីបន្ដទៅកាន់រថភ្លើងនៅឡើយ ដែលវាហាក់មានការលំបាក ដោយត្រូវការចំណាយខ្ពស់ និងត្រូវប្រើប្រាស់រយៈពេលវែង ដែលមិនទាន់អាចប្រកួតប្រជែងបាន បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវទឹក។

យ៉ាងណាមិញ កាលពីថ្ងៃទី១៣ ខែមីនានេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងឱកាសនោះ រដ្ឋមន្រ្តីទាំងពីរ យល់ស្របគ្នាក្នុងការជំរុញឲ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញកំណើនទេសចរទៅវិញទៅមក។

ជាពិសេសភ្ញៀវទេសចរអាចបើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជា ប្រើប្រាស់ផ្លូវល្បឿនលឿនមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាចឲ្យទេសចរកម្ពុជាអាចធ្វើដំណើរកម្សាន្ដតាមរថភ្លើងល្បឿនលឿនរបស់ឡាវពីទីក្រុងវៀងចន្ទន៍ទៅកាន់តំបន់ទាក់ទាញផ្សេងៗ។ ជាពិសេសថែមទៀតនោះ គឺការជំរុញលំហូរទេសចរចិន និងប្រទេសទីបីផ្សេងទៀតមក ប្រទេសទាំងពីរតាមរយៈសក្តានុពលនៃរថភ្លើងល្បឿនលឿនរបស់ឡាវ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរផងដែរ៕




អត្ថបទបន្ទាប់


កម្ពុជារកចំណូលពន្ធពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជិត១៥លានដុល្លារ នៅត្រឹម២ខែឆ្នាំនេះ

ព័ត៌មាន
នៅដើមឆ្នាំ២០២៣នេះ ការប្រមូលចំណូលពន្ធដារ នៅតែបង្ហាញពីសម្ទុះកំណើនល្អប្រសើរ។ តួយ៉ាង ទោះបីជាយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារ…

សម្ទុះនៃការជួញដូរផ្សារភាគហ៊ុនកម្ពុជាថយចុះ ក្រោយព្រឹត្តិការណ៍ដួលរលំភ្លាមៗនៃធនាគារធំៗ២របស់អាមេរិក

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាកត់សម្គាល់ឃើញថា ការជួយដូរភាគហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជាមាននិន្នាការធ្លាក់ចុះនៅ២ទៅ៣ថ្ងៃចុងក្រោយនេះ ពោលគឺ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ