វិស័យកាត់ដេរ

តើមានទឡ្ហីករណ៍អ្វីខ្លះទើបជំរុញឱ្យភាគីតំណាងកម្មករសុំដំឡើងរហូតដល់១៤ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បរមានៅឆ្នាំ២០២៥?


នៅក្នុងការចរចាប្រាក់ឈ្នួលអប្បរមាជូនកម្មករ និយោជិត ប្រចាំឆ្នាំ២០២៥ ដំណាក់កាលដំបូង កាលពីពេលថ្មីៗ តំណាងកម្មករទាមទារឱ្យបន្ថែមចំនួន១៤ដុល្លារ លើប្រាក់ឈ្នួលគោលបច្ចុប្បន្ន២០៤ដុល្លារ ប៉ុន្តែភាគីនិយោជកហ៊ានបន្ថែមតែ១ដុល្លារប៉ុណ្ណោះ។ ភាគីតំណាងកម្មករចាត់ទុកលទ្ធផលនេះ គឺជាសញ្ញាល្អមួយសម្រាប់ការចរចានៅដំណាក់កាលជាបន្តបន្ទាប់ទៀត។ យ៉ាងណាមិញអ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ការចរចាប្រាក់ឈ្នួលនេះ ត្រូវធ្វើឡើងក្រោមគោលការណ៍ស្វែងរកចំណុចរួម និងឱ្យស្របតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង។
វិស័យកាត់ដេរ
ដោយ

លោក ហ្វា សាលី ប្រធានសហព័ន្ធសហជីពជាតិ បានចាត់ទុកលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បរមាជូនកម្មករនិយោជិត ដំណាក់កាលដំបូង កាលពីថ្ងៃទី២៩ ខែសីហា គឺជាលទ្ធផលផ្លែផ្កាមួយសម្រាប់ការចរចាបន្ទាប់ បើទោះបីភាគីនិយោជិត ស្នើសុំដំឡើង១៤ដុល្លារ ហើយភាគីនិយោជកហ៊ានដំឡើងត្រឹមតែ១ដុល្លារក៏ដោយ តែវាជាលទ្ធផលដែលមិនធ្លាប់កើតមានសម្រាប់ការចរចាកន្លងមក។ បើតាមថ្នាក់ដឹកនាំសហជីពរូបនេះ ការទាមទារប្រាក់ឈ្នួលបន្ថែម១៤ដុល្លារ គឺផ្អែកលើចំណុចសំខាន់ចំនួន៣ រួមមាន កម្រិតអតិផរណា ផលិតភាព និងកម្រិតចំណេញរបស់ជយោជក។

លោកសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះការនាំចេញផលិតផលរបស់កម្ពុជា និងការបញ្ជាទិញពីបរទេសមានការកើនឡើង ដោយសារសង្រ្គាមផ្ទៃក្នុងនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដែស​​ ក៏ដូចជាវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសស្រីលង្ការ និងម្យ៉ាងទៀត ក៏ដោយសារតែកម្ពុជា មានមេដឹកនាំថ្មី និងជាប្រទេសមានស្ថិរភាពនយោបាយល្អ ជាហេតុធ្វើឱ្យអ្នកវិនិយោគមានការចាប់អារម្មណ៍មកបណ្ដាក់ទុន​ជាបន្តបន្ទាប់។ តែយ៉ាងណាការទាមទារប្រាក់ឈ្នួលបន្ថែម១៤ដុល្លារនេះ ត្រូវបានប្រធានសហព័ន្ធសហជីពជាតិរូបនេះ បានគូសបញ្ជាក់ថា មិនមែនជាការទាមទារដាច់ខាតនោះទេ ប៉ុន្តែវាជាជំហានដំបូងក្នុងការដាក់ឱ្យវិភាគ ដើម្បីពិចារណាក្នុងការផ្ដល់ឈ្នួលបន្ថែមសម្រាប់ឆ្នាំ២០២៥ ប៉ុណ្ណោះ។

​ស្រដៀងគ្នានេះដែរ លោក អាត់ ធន់ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានឱ្យដឹងថា ការដាក់តួលេខប្រាក់ឈ្នួលបន្ថែម១៤ដុល្លារនេះ គឺយោងទៅតាមកំណើននៃការផលិតមានការកើនឡើង។

ការកើនឡើងនេះ គឺដោយសារតែស្ថានភាពវិបត្តិនៅប្រទេសបង់ក្លាដែស និងវិបត្តិនៅមីយ៉ាន់ម៉ា ជាដើម បានធ្វើឱ្យអ្នកវិនិយោគក្នុងប្រទេសទាំងនេះ ងាកមកបណ្ដាទុននៅប្រទេសផ្សេងៗ ក្នុងនោះក៏មានកម្ពុជាដែរ។ បើតាមលោក អាត់ ធន់ វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើររបស់កម្ពុជា នៅតែមានសក្ដានុពលរយៈពេលយូរឆ្នាំទៀត ខណៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% របស់សហភាពអឺរ៉ុប ពុំឃើញមានសញ្ញាប៉ះពាល់ដល់វិស័យនេះនោះទេ។ តាមរយៈសញ្ញាវិជ្ជមាននេះ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា រំពឹងថា ភាគីពាក់ព័ន្ធនឹងដំឡើងប្រាក់ឈ្នួលដល់កម្មករដើម្បីឱ្យពួកគេទទួលបានប្រាក់យកមកដោះស្រាយជីវភាពបានសមរម្យ។

​ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការទាមទារ និងការផ្ដល់ឱ្យនៃលទ្ធផលពិភាក្សារវាងតំណាងសហជីព និងនិយោជកនៅដំណាក់កាលដំបូងនេះថា មិនមានអ្នកខុស ឬអ្នកត្រូវនោះទេ ប៉ុន្តែត្រូវស្វែងរកចំណុចរួមមួយ និងឱ្យស្របតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង។

​សូមរំលឹកថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ កន្លងទៅ ត្រូវបានភាគីពាក់ព័ន្ធឯកភាព ចំនួន២០២ដុល្លារក្នុង១ខែ។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់​២ដុល្លារបន្ថែម ដែលធ្វើឲ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត នៅឆ្នាំ២០២៤ កើនដល់២០៤ដុល្លារក្នុង១ខែ។ ចំនួននេះមានការកើនឡើង៤ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃកំពុងរងគ្រោះដោយទឹកជំនន់ ខណៈគ្រាន់តែវិស័យទេសចរណ៍ខាតបង់អស់ជិត១៥លានដុល្លារ

ព័ត៌មាន
ថៃដែលជាប្រទេសក្បែរខាងកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់ ដោយបានបង្កឱ្យខូចខាតយ៉ាងដំណំ ក្នុងនោះគ្រាន់តែវិស័យទេសចរណ៍ប្រទេសនេះបានខាតបង់ថវិក…

លោក ពូទីន នឹងធ្វើដំណើរទៅម៉ុងហ្គោលី នៅសប្តាហ៍ក្រោយ ដោយគ្មានញញើតនឹងការចាប់ខ្លួនរបស់ ICC

ព័ត៌មាន
បើគ្មានការប្រែប្រួលទេលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនឹងធ្វើដំណើរទៅប្រទេសម៉ុងហ្គោលី នៅ សប្តាហ៍ក្រោយនេះ ដោយគ្មានញញើតនឹងការចាប់ខ្លួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ