វិស័យធនាគារ

ការដំឡើងប្រាក់ឈ្នួល៤% នឹងជួយឱ្យធនាគារកណ្ដាលជប៉ុនបញ្ចប់អត្រាការប្រាក់អវិជ្ជមានជាប្រវត្តិសាស្ត្រ


អតីតនាយកប្រតិបត្តិនៃធនាគារកណ្ដាលជប៉ុន (BOJ) ទទួលបន្ទុកគោលនយោបាយរូបិយវត្ថុ និងដែលដើរតួនាទីជាឧបការីទេសាភិបាល បានទម្លាយឱ្យដឹងថា លទ្ធផលនៃការចរចាដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំក្នុងអត្រា៤% សម្រាប់ឆ្នាំ២០២៤ នេះ នឹងជួយត្រួសត្រាយផ្លូវសម្រាប់ធនាគារកណ្ដាលជប៉ុន (BOJ) បញ្ចប់អត្រាការប្រាក់អវិជ្ជមានរបស់ខ្លួននៅត្រឹមនិទាឃរដូវនេះ។
វិស័យធនាគារ
ដោយ

លោក អីជិ ម៊ែដា (Eiji Maeda) អតីតនាយកប្រតិបត្តិធនាគារកណ្ដាលជប៉ុន (BOJ) ដែលដើរតួនាទីជាឧបការីទេសាភិបាល បានលើកឡើងក្នុងបទសម្ភាស​មួយកាលពីពេលថ្មីៗនេះថា ការចរចាជុំវិញការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំនៅនិទាឃរដូវ ឬរដូវផ្ការីកនេះ អាចទទួលបានផលលទ្ធផលល្អប្រសើរជាងឆ្នាំមុន ដោយការដំឡើងប្រាក់ឈ្នួលអាចឈានដល់៤% ដែលនឹងជួយត្រួសត្រាយផ្លូវសម្រាប់ធនាគារកណ្ដាលជប៉ុន (BOJ) បញ្ចប់អត្រាការប្រាក់អវិជ្ជមានរបស់ខ្លួនជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times។

អត្រាការប្រាក់អវិជ្ជមាន ឬ Negative Interest Rate សំដៅដល់អត្រាការប្រាក់ដែលស្ថិតក្រោម០%។ យោងតាមការចុះផ្សាយរបស់គេហទំព័រ ស្តាធីស្តា (Statista) អត្រាការប្រាក់គោលនយោបាយរបស់ធនាគារកណ្ដាលជប៉ុន (BOJ) នៅតែស្ថិតក្នុងរង្វង់-០,១% ក្នុងមួយឆ្នាំគិតត្រឹមខែធ្នូ ចុងឆ្នាំ២០២៣។ បណ្ដាវិនិយោគិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការចរចាដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំនេះ ពីព្រោះវាអាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចាប់បង្ខំឱ្យធនាគារកណ្ដាលជប៉ុន (BOJ) បញ្ចប់អត្រាការប្រាក់អវិជ្ជមានរបស់ខ្លួនជាប្រវត្តិសាស្ត្រ។

សម្រាប់ហេតុផលនេះ អ្នកតាមដានស្ថានការណ៍របស់ធនាគារកណ្ដាលជប៉ុន (BOJ) ភាគច្រើនជឿថា ធនាគារកណ្ដាលមួយនេះនឹងរង់ចាំរហូតដល់ខែមេសា មុននឹងដំឡើងអត្រាការប្រាក់ ជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៧ មក។

លោក អីជិ ម៊ែដា (Eiji Maeda) បានព្យាករថា ប្រសិនបើការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំកើនឡើងដល់៤% ដូចការរំពឹងទុក វានឹងក្លាយជាការដំឡើងប្រាក់ឈ្នួលក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩២ មក។ លទ្ធផលបឋមរបស់ រ៉េនហ្គោ (Rengo) ដែលជាសហព័ន្ធសហជីពធំបំផុតនៅប្រទេសជប៉ុន នឹងត្រូវបញ្ចេញនៅថ្ងៃទី១៥ ខែមីនា មុនពេលធនាគារកណ្ដាលជប៉ុន (BOJ) កោះប្រជុំនៅក្នុងខែដដែលនេះ។

លោក អីជិ ម៊ែដា (Eiji Maeda) ដែលបច្ចុប្បន្នជាប្រធានវិទ្យាស្ថានស្រាវជ្រាវឈីបាហ្គីន (Chibagin Research Institute) បានលាឈប់ពីធនាគារកណ្ដាលជប៉ុន (BOJ) ក្នុងឆ្នាំ២០២០ បន្ទាប់ពីលោកបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរៀបចំគោលនយោបាយបឋមរបស់ធនាគារកណ្ដាលមួយនេះសម្រាប់ឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសធំៗ៣ព្រមព្រៀងបង្កើតរូបិយប័ណ្ណ BRICS ប្រជែងលុយដុល្លារ ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសំខាន់ៗរបស់អាម៉េរិក

ព័ត៌មាន
ក្ដីស្រមៃបង្កើតរូបិយប័ណ្ណរួមដ៏ថ្មីសន្លាងមួយសម្រាប់ប្លុកប្រទេស BRICS នឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះហើយ ខណៈដែលប្រទេសសមាជិកចំនួន៣របស់ប្លុក…

Apple ផ្តួល Samsung ក្លាយជាក្រុមហ៊ុនផលិតស្មានហ្វូនក្នុងចំនួនច្រើនបំផុតរបស់ពិភពលោក

ព័ត៌មាន
ក្រុមហ៊ុន Apple បាននាំមុខគេជាយូរមកហើយក្នុងទីផ្សារស្មាតហ្វូន បើគិតពីទំហំប្រាក់ចំណូល និងប្រាក់ចំណេញ ហើយពេលនេះក្រុមហ៊ុនយក្សរបស់សហរដ្ឋអាម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ