ពាណិជ្ជកម្ម​កម្ពុជា-ចិន

កម្ពុជា-ចិន រំពឹងសម្រេចទំហំពាណិជ្ជកម្មកើនដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅចុងឆ្នាំនេះ


ទំហំពាណិជ្ជកម្មទ្វេភាគី ១០ពាន់លានដុល្លារអាមេរិក ត្រូវបានភាគីកម្ពុជា និងចិន កំណត់ទិសដៅសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០២៣ ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ក៏ត្រូវបានរំពឹងថា នឹងអាចចុះហត្ថលេខានៅចុងឆ្នាំនេះផងដែរ។ ការប្ដេជ្ញាបែនេះ គឺធ្វើឡើងនៅក្នុកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិរដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥ តាមរយៈ Video Conference កាលពីពេលថ្មីៗនេះ។
កម្ពុជា-ចិន រំពឹងសម្រេចទំហំពាណិជ្ជកម្មកើនដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅចុងឆ្នាំនេះ
ដោយ

កិច្ចប្រជុំនោះ គឺធ្វើឡើង​ក្រោមការដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង ​ ជាសហប្រធាន​ខាងភាគីកម្ពុជា ជាមួយនឹង​ឯកឧត្តម​ វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី​ការបរទេស​នៃសាធារណរដ្ឋ​ប្រជាមានិតចិន ជាសហប្រធាន​ខាង​ភាគីចិន។

ឯកឧត្តម ហោ ណាំហុង បាន​បញ្ជាក់​លើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់លោកថា នៅ​ក្រោយបញ្ចប់​កិច្ចប្រជុំថា ភាគីទាំងពីរ​ គឺកម្ពុជា និងចិន​បានឯកភាពគ្នា​លើ​បញ្ហា​សហប្រតិបត្តិការ​ជិតស្និទ​ជាច្រើន ដោយក្នុងនោះ ភាគីទាំងពីរ​ក៏បាន​ប្តេជ្ញា​នឹងខិតខំ​ជំរុញ​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបានដល់​ ១០ពាន់លាន​ដុល្លារអាមេរិក​នៅឆ្នាំ២០២៣ផងដែរ។

​បណ្ដាញ​សារព័ត៌មាន​ចិន CCTV បាន​រាយការណ៍អំពី​កិច្ចប្រជុំ​នោះដែរថា ប្រទេសកម្ពុជា និងចិន ដែលជាមិត្តដែកថែប​ដ៏យូរអង្វែង បាន​ពិភាក្សាគ្នា​លើបញ្ហាសុខាភិបាល​ជុំវិញ​នឹង​ការទប់ស្កាត់​មេរោគកូវីដ-១៩, បញ្ហាល្បែងភ្នាល់តាមអនឡាញ, ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាជាច្រើនទៀត។

តាមប្រភពព័ត៌មាន​ដដែលនេះ បានស្រង់​ប្រសាសន៍​របស់​ឯកឧត្តម វ៉ាង យី ថា ភាគី​កម្ពុជា និងចិន បានប្រកាស​កសាង​ច្រក​រហ័ស​មួយសម្រាប់​ទំនាក់ទំនង​ទៅវិញទៅមក នៃក្រុមការងារ និងច្រកបៃតង​សម្រាប់​ពាណិជ្ជកម្ម​ទំនិញ  ព្រមទាំង​បង្កើនល្បឿនចរចា​កាន់តែឆាប់រហ័ស​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​រវាង​ប្រទេសទាំងពីរ ហើយ​នឹងសម្រេច​អនុញ្ញាត​ឲ្យ​ផ្លែស្វាយ​របស់​កម្ពុជា​នាំចេញ​មកកាន់​ទីប្រទេសចិន​បាន​កាន់តែឆាប់ផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានស្នើរដ្ឋាភិបាល​ចិនជួយ​ទិញ​កសិផល​កម្ពុជា​បន្ថែម​ទៀតដូចជា ពោត ដំឡូងមី ទុរេន ស្វាយចន្ទី កៅស៊ូ ស្ករស មៀនប៉ៃលិន ម្រេច ដូង ស្រកានាគ និងទឹកមាត់ត្រចៀកកាំ ក្រៅពីទិញចេក ស្វាយនិងអង្ករកន្លងមកហើយនោះ។​

បើតាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានបញ្ជាក់នាពេលថ្មីៗនេះដែរថា ក្រុមការងារ​ចរចា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​កម្ពុជា-ចិន នឹង​ស្នើសុំគោលការណ៍​ពីរដ្ឋាភិបាល​រៀងៗខ្លួន ដើម្បី​ផ្ដល់ការយល់ព្រម​លើ​អត្ថបទ​​កិច្ចព្រមព្រៀង និងសំណើ​បើកច្រក​ទីផ្សារ ព្រមទាំង​ជំពូក​ផ្សេងៗ ដើម្បីធ្វើការ​សម្រេចចិត្ត ប្រកាសបិទ​បញ្ចប់​ការចរចា និងឈានទៅចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេររី​កម្ពុជា-ចិននេះ ណៅចុងឆ្នាំ២០២០នេះ។

ក្រសួងពាណិជ្ជកម្ម​បញ្ជាក់ថា តាមរយៈ​កិច្ចព្រមព្រៀងនេះ កំណើននាំចេញ​ពីកម្ពុជា​ត្រូវបាន​រំពឹងថា នឹងកើនឡើងលើស​ពីអត្រា​កំណើន​នៃឆ្នាំកន្លងទៅ ប្រមាណជាង ២០% គិតជាមធ្យម​ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ កំណើនវិនិយោគ​ពីបរទេស​ក៏ត្រូវបាន​រំពឹងថា នឹងកើនឡើងខ្លាំងផងដែរ។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ស៊ាង ថៃ ធ្លាប់បាន​អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិននេះ គឺនឹងផ្ដល់អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​មុខទំនិញ​កសិកម្ម​របស់​កម្ពុជា ដើម្បីអាច​មានលទ្ធភាព​នាំចេញ​ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលចិន​ជាទីផ្សារធំ និងមានតម្រូវការច្រើន​លើមុខទំនិញទាំងអស់នេះ។​

ជុំវិញទៅនឹង​កិច្ចព្រមព្រៀងនេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួង​កសិកម្មបាន​ឲ្យដឹងដែរថា បើទោះបីជា​មាន​ពាណិជ្ជកម្មសេរី​រវាង​កម្ពុជា និងចិន ត្រូវបាន​ចុះហត្ថលេខាក៏ពិតមែន​ ប៉ុន្ដែ មុខទំនិញ​របស់​កម្ពុជា​ ត្រូវតែ​គោរព​ទៅ​តាម​លក្ខខណ្ឌ​ស្ដង់ដារ​ភូតគាម​អនាម័យ​ ទើបអាចនាំចេញបាន។ ប៉ុន្ដែ ឯកឧត្តមជឿជាក់ថា តាម​រយៈបទពិសោធន៍​នៃចំណងមិត្តភាពដ៏ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ភាគី​កម្ពុជា និងចិន​នឹងអាចពន្លឿនការងារ​ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីអនុញ្ញាត​ឲ្យ​កសិផល​របស់​កម្ពុជា​អាចនាំចេញ​ទៅកាន់ទីផ្សារ​ចិន​បានកាន់តែឆាប់រហ័ស៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អភិបាលរាជធានីភ្នំពេញទទួលស្គាល់ពីភាពខ្វះចន្លោះនៅតាមសង្កាត់ ក្នុងការបំរើសេវាសាធារណៈដល់ពលរដ្ឋ

ព័ត៌មាន
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់រដ្ឋសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានទទួលស្គាល់ថា …

គម្រោង​វិនិយោគ​រោងចក្រ​កែច្នៃ​អំបិល​នៅ​ខេត្ត​កំពត-កែប របស់​ចិន មិន​អាច​យក​ជា​ការ​បាន​ឡើយ!

ព័ត៌មាន
ថ្មីៗ​នេះ មាន​ការលើកឡើង​ជា​ហូរហែ​អំពី​គម្រោង​ផែនការ​វិនិយោគ​រោងចក្រ​កែច្នែ​អំបិល​រាប់​រយ​ហិកតា​នៅ​ខេត្ត​កំពត កែប ពី​សំណាក់​វិនិយោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ