តម្លៃប្រេងសាំងនៅកម្ពុជា

តម្លៃប្រេងសាំងនៅកម្ពុជាបន្ដហក់ឡើង ចំពេលស្ថានការពិភពលោកតានតឹងកាន់តែខ្លាំង


តម្លៃប្រេងឥន្ធនៈ នៅទីផ្សារកម្ពុជា បានហក់ឡើងថ្លៃបន្ថែមទៀតហើយ នៅថ្ងៃទី ១៦ខែមីនានេះ ដោយប្រេងសាំងធម្មតា និង ប្រេងម៉ាស៊ូត បានកើនឡើងដល់តម្លៃ ៥ពាន់៣រយរៀលក្នុងមួយលីត្រដូចគ្នា។ បើធៀបនឹងតម្លៃចាស់ ឃើញថា ប្រេងសាំងធម្មតាបានឡើងថ្លៃបន្ថែមដល់ទៅ ៥០០រៀល រីឯប្រេងម៉ាស៊ូតវិញ ឡើងថ្លៃបន្ថែម ៨០០រៀលក្នុងមួយលីត្រ។
រូបតំណាង៖ តម្លៃប្រេងសាំងនៅកម្ពុជា នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២

ការ​ឡើងថ្លៃ​នៃ​តម្លៃ​ប្រេងសាំង​នេះ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​និន្នាការ​ទីផ្សារ​ប្រេង​ពិភពលោក​ដែល​កំពុង​ហក់​ឡើង​ខ្ពស់ ដោយសារ​តែ​វិបត្តិ​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​កំពុង​បង្ក​ជា​ហានិភ័យ​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​។

សេចក្ដីជូនដំណឹង​ពី​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា តម្លៃ​ប្រេងសាំង​ធម្មតា​ដែល​ត្រូវ​ដាក់​លក់​ចាប់ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ៣១ ខែមីនា មាន​តម្លៃ ៥​ពាន់​៣​រយ​រៀល​ក្នុង​មួយ​លី​ត្រ ខណៈ​ប្រេងម៉ាស៊ូត​ក៏​ឡើងថ្លៃ​ដល់​៥​ពាន់​៣​រយ​រៀល​ក្នុង​មួយ​លី​ត្រ​ដូច​គ្នា​ដែរ​។ បើ​ធៀប​នឹង​នឹង​តម្លៃ​ចាស់​ដែល​លក់​នៅ​ពាក់កណ្ដាល​ខែមីនា​កន្លង ឃើញ​ថា តម្លៃ​ប្រេងសាំង​ធម្មតា ឡើងថ្លៃ​បន្ថែម ៥០០​រៀល​ក្នុង​មួយ​លី​ត្រ ខណៈ​ប្រេងម៉ាស៊ូត​វិញ​ឡើងថ្លៃ​បន្ថែម​៨០០​រៀល​ឯណោះ​ក្នុង​មួយ​លី​ត្រ​។

ការ​ឡើងថ្លៃ នៃ​តម្លៃ​ប្រេងសាំង​នេះ វា​ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា គឺ​មួយ​ផ្នែក​ធំ គឺ​បណ្ដាល​មក​ពី​វិបត្តិ​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​បង្ក​ឲ្យ​មានការ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់​ផ្គត់​ប្រេង​ឆៅ និង​ឧស្ម័ន​។ ហើយ​មិនមែន​មាន​តែ​កម្ពុជា​ទេ ដែល​ជួ​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ ប្រទេស​ស្ទើរតែ​ទាំងអស់ សុទ្ធតែ​ជួប​ប្រទះ​ដូច​គ្នា​ដែរ​។

ពិត​ណាស់ បញ្ហា​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​នេះ ចង់​មិន​ចង់ វា​គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយសារ​តែ​វា​បង្ក​ឲ្យ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​មានការ​ឡើងថ្លៃ​ខ្ពស់ ហើយ​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី កង់​បី ដែល​ប្រើប្រាស់​ប្រេងសាំង ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ​ដែរ​។

នៅ​ចំ​ពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ​មានការ​ប្រែប្រួល​ឡើងថ្លៃ​ខ្ពស់ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ថ្មី​ៗ​នេះ​បាន​គូសបញ្ជាក់​ដែរ​ថា ក្រសួង​នឹង​រៀបចំ​ធ្វើការ​ផ្លាស់​ប្តូរ​ការ​ជូនដំណឹង​ពី​ពេល​កំណត់​តម្លៃ​ប្រេងឥន្ធនៈ ពី​រយៈពេល ១៥​ថ្ងៃ​ម្តង មក​ត្រឹម ១០​ថ្ងៃ​ម្តង​វិញ ដើម្បី​ឱ្យ​ឆាប់​មានការ​ផ្លាស់​ប្តូរ​ប្រែប្រួល​នូវ​តម្លៃ​ប្រេង និង​ដើរ​ឱ្យទាន់​នៃ​ការ​ឡើង​ចុះ​នៃ​តម្លៃ​ប្រេងឥន្ធនៈ​ផង​ដែរ​។ ឯកឧត្តម មាន​ប្រសាសន៍​បន្ថែម​ថា ដោយសារ​ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន​និង​រុ​ស្ស៊ី និង​បញ្ហា​ទណ្ឌកម្មសេដ្ឋកិច្ច​រុ​ស្ស៊ី​ទៅ​កន្លែង​ផ្សេង​ៗ ពិតជា​បាន​ជះ​ឥទ្ធិពល​ខ្លះ​ដែរ​ទៅ​ដល់​ការ​ប្រែប្រួល​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​។

សំណួរ​សួរ​ថា តើ​នៅ​ពេល​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់​បែប​នេះ តើ​រាជរដ្ឋាភិបាល​អាច​នឹង​មាន​វិធានការ​បញ្ចុះ​ពន្ធ​ប្រេងសាំង​ឲ្យ​តម្លៃ​មានការ​ថយ​ចុះ​ដែរ​ទេ?

ពាក់ព័ន្ធ​នឹង​សំណួរ​នេះ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​គូសបញ្ជាក់​ក្នុង​វេទិកា ស្តី​ពី​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២ កាលពី​ខែកុម្ភៈ​ថា ការ​បញ្ចុះ​ពន្ធ​លើ​ប្រេងសាំង​បន្ថែម​ទៀត សម្រាប់​កម្ពុជា​នៅ​ពេល​នេះ មិន​ទាន់​ជា​ជម្រើស​ល្អ​នោះ​ទេ​។

ឯកឧត្តម វ​ង្សី វិស្សុត បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា កាលណា​បញ្ចុះ​ពន្ធ មាន​ន័យ​ថា ប្រាក់​ចំណូល​របស់​ជាតិ​នឹង​ត្រូវ​ធ្លាក់​ចុះ ដូច្នេះ រាជរដ្ឋាភិបាល​មិន​ទាន់​អាច​បញ្ចុះតម្លៃ​ពន្ធ​លើ​ប្រេងឥន្ធនៈ​បាន​នោះ​ទេ ហើយ​វា​មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​កម្ពុជា​នោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ចំណូល និង​ថវិកាជាតិ សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច ពិសេស​គឺ​ជួយ​ទៅ​ដល់​ពលរដ្ឋ​ក្រីក្រ ងាយ​រង​គ្រោះ​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩​។

ក៏​ប៉ុន្តែ ឯកឧត្តម វ​ង្សី វិស្សុត បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​ក៏​មិន​បាន​បណ្ដោយ​ឱ្យ​តម្លៃ​ប្រេងឥន្ធនៈ ឡើង​តាម​ចិត្ត​នៅ​លើ​ទីផ្សារ​នោះ​ដែរ​។ កន្លង​មក រាជរដ្ឋាភិបាល​បាន​កំណត់​ទំហំ​ពន្ធ​មួយ​ដែល​ច្បាស់លាស់ ជា​មូលដ្ឋាន បើ​ទោះជា​តម្លៃ​ប្រេង​ឡើង ឬ​ចុះ​ខ្លាំង ប៉ុន្ដែ តម្លៃ​ប្រេង​លក់រាយ​លើ​ទីផ្សារ​មិន​ឡើងថ្លៃ​ខ្ពស់​ខ្លាំង​នោះ​ទេ​។ បន្ថែម​នោះ ក្រសួងពាណិជ្ជកម្ម បាន​តាមដាន​ការ​លក់រាយ​រៀង​រាល់​ខែ ដើម្បី​កំណត់​ថ្លៃ​ប្រេងឥន្ធនៈ​លក់​នៅ​តាម​ស្ថានីយ​នីមួយ សម្រាប់​ប្រេងសាំង​ធម្មតា និង​ម៉ា​សូត កុំឱ្យ​មាន​កេង​បន្លំ​ផ្សេង​ៗ​ផង​ដែរ​៕

អត្ថបទ សោម ស្រី​ពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញបារម្ភថា វិស័យដឹកជញ្ជូនអាចរងផលប៉ះពាល់ បើសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន បន្តអូសបន្លាយ

ព័ត៌មាន
ក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក នៅកម្ពុជា បានបង្ហាញការព្រួយបារម្ភពីការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន ថ…

ADB ថា មនុស្សជិត ៥លាននាក់បន្ថែមទៀតបានធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងនៅថ្ងៃពុធនេះថា ជំងឺរាតត្បាតកូវីដ១៩បានអូសទាញមនុស្សចំនួនជិត៥លាននាក់បន្ថែមទៀត ធ្លាក់ចូលទៅក្នុងភាពក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ