ទីផ្សារម្រេចធ្លាក់ចុះ

សមាគមម្រេច ទូងស្គរស្វែងរកដៃគូកែច្នៃម្រេច ដើម្បីជួយសង្រ្គោះទីផ្សារ


សមាគមម្រេចកំពតកំពុងដង្ហោយស្វែងរកដៃគូកែច្នៃម្រេចបន្ថែម ដើម្បីជួយសង្រ្គោះទីផ្សារដែលបច្ចុប្បន្នកំពុងតែត្រដាបត្រដុស ស្របពេលបរិមាណទិន្នផលផលិតបានកំពុងលើសតម្រូវការ ហើយតម្លៃក៏បានធ្លាក់ថ្លៃជាបណ្តើរៗផងនោះ។
កសិករកំពុងហាលម្រេច ដែលបេះមកពីចម្ការ
ដោយ

លោក ងួន ឡាយប្រធាន​សមាគមម្រេច​កំពតបាន​លើកឡើង ​ម្រេចកំពត​សព្វថ្ងៃ​​បាន​ផលិតលើស​តម្រូវការទីផ្សារ​ហើយ។ ចំណែក តម្លៃទៀតសោធ ក៏កំពុងតែ​ធ្លាក់ចុះ​បណ្តើរៗដែរ​ ខណៈដែល​ប្រភេទ​​ម្រេចខ្លះមាន​​តម្លៃនៅ​ទ្រឹង។

លោកបាន​អំពាវនាវថា ដើម្បី​​សង្រ្គោះ​ទីផ្សារ​ម្រេច ខាងសមាគម​ម្រេចកំពត បាននិង​កំពុងស្វែង​រកចាប់​ដៃគូ​ថ្មីៗ ​បន្ថែម​ទៀត ​ដើម្បីពង្រីក​​ទីផ្សារ ខណៈកាល​ពីឆ្នាំ២០១៦ និង២០១៧ មាន​ក្រុមហ៊ុន​វិចខ្ចប់​កែ​ច្នៃ​​ដើម្បី​​នាំចេញ​ មានចំនួន ២១ ក្រុមហ៊ុន​ប៉ុណ្ណោះ។ លោក ងួន ឡាយ អះអាងថា ជាផែនការ​នៅឆ្នាំ២០១៨ នេះសមាគម​កំពុងតែ​​បង្កើនដៃគូអ្នក​នាំចេញ​កើនដល់​៣១ ក្រុមហ៊ុន។

លោក ​ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​​សិក្សា​គោល​នយោបាយ និង​ជា​អ្នកវិភាគ​​សេដ្ឋកិច្ច​កម្ពុជា​​បានអះអាង​ថា ទីផ្សារម្រេច​នៅក្នុងអំឡុង​​ពេលនេះ​​មិនទាន់​ចោទ​​ជាបញ្ហាទេ គ្រាន់តែតម្លៃ​ម្រេច​​​បានធ្លាក់​ចុះ​បន្តិច តែនូវ​តែអាចទទួល​យកបាន។

យ៉ាងណា​ដើម្បីបង្កើន​ទីផ្សារ និងរក្សាតម្លៃ​ម្រេចឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខធិកា​ក្រសួង​ពាណិជ្ជ​​កម្ម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជាបាន​និង​កំពុងរៀប​ចំគោល​​នយោបាយ​ម្រេច​​ដ៏សមស្រប​មួយ សម្រាប់​ជាត្រីវិស័យ ក្នុងការអភិវឌ្ឍ​វិស័យម្រេច​កម្ពុជាឲ្យ​មាន​​ការរីកចម្រើន​ថែម​ទៀត។ ឯកឧត្តម បានកត់​សម្គាល់​ឃើញ​ថា ទីផ្សារម្រេច​កំពត​មិនចោទជា​បញ្ហាឡើយ។

ផ្អែកតាម​ការវាយតម្លៃ​ពីក្រុមអ្នក​ជំនាញការ​ជាតិ និងអន្តរជាតិ ស្ថានភាព​អភិវឌ្ឍន៍​របស់វិស័យ​​ម្រេចនៅ​កម្ពុជា​គឺកំពុងចាប់​ផ្តើមរីក​លូតលាស់ ទោះកំពុង​ស្ថិតនៅក្នុង​ដំណាក់កាល​ដែលថ្លៃ​ម្រេច​ប្រែប្រួល​បន្តិច​ក៏ដោយ ប៉ុន្តែស្ថានភាព​ទីផ្សារម្រេច​សកល​បានបង្ហាញ​ពីសញ្ញារឹងមាំ​​ល្អ  ដែល​នេះជាក្តីសង្ឃឹម​សម្រាប់​​ផលិតករ​​កម្ពុជា។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម​បានលើកឡើង​ពីគោលជំហរ​របស់ខ្លួន​ថា រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងពាណិជ្ជ​កម្ម​កំពុងរៀប​ចំរចនា​សម្ព័ន្ធ​ដឹកនាំ​វិស័យម្រេច​ ជា​មួយ​ដៃ​គូអភិវឌ្ឍន៍ និងសង្ឃឹមថា នាឆ្នាំ​ខាងមុខ វិស័យនេះ នឹងមាន​ការរីកចម្រើន​រឹងមំា​ប្រហាក់​​ប្រហែល​វិស័យស្រូវ អង្ករ និងដំឡូងមី​ផងដែរ។

យោងតាម​របាយការណ៍​ពីសមាគមម្រេច​កំពត នៅឆ្នាំ២០១៧ កន្លងទៅ ទិន្នផលម្រេចកំពត​​ប្រមូលបាន​​សរុបជាង ១០០ តោន ពោលគឺ​ច្រើនជាងឆ្នាំមុនៗ​ដែលធ្លាប់​មានជុំវិញ​ ៦០ទៅ៧០​តោន។ 

យ៉ាងណា​ក៏ដោយចុះ ប្រធាន​សមាគម​​ម្រេចកំពត​លោក ងួន ឡាយ នៅតែព្យាករថា នៅឆ្នាំ២០១៨ នេះទិន្នផល​ម្រេច​កំពតអាច​​ប្រមូល​​បាន​ នឹង​ធ្លាក់​មកនៅត្រឹម​៧០តោនវិញ​ហើយ ខណៈ​អាកាសធាតុ​មិន​អំណោយ​​ផលដោយ​សារ​​ឡើង​កំដៅ​​ខ្លាំង​។ លោកថា នៅដើមឆ្នាំនេះ​ម្រេច​កំពត​​ទើប​ប្រមូល​​បាន​ជាង១៥​ ភាគរយ​​ប៉ុណ្ណោះ គឺនៅតិច​តួចខ្លាំង​ណាស់៕

គួរជម្រាបដែរ ការប្រែប្រួល​នៃទីផ្សារ​ម្រេចសកល បាននិងកំពុង​ធ្វើឲ្យប្រទេស​ដាំដុះម្រេច​ច្រើន កំពុងប្រឈម​នឹងបញ្ហា​ទីផ្សារ។ តួយ៉ាង ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានប្រកាស​ថា នឹងធ្វើការ​កាត់បន្ថយ​ផ្ទៃដីដាំដុះ​ម្រេច​របស់ខ្លួន ប្រមាណ​២៦% ពោលគឺ​នឹងកាត់បន្ថយ​ពី ១៥ម៉ឺន​ហិកតា នាពេលបច្ចុប្បន្ន ឲ្យមកនៅ​ត្រឹមតែ ១១ម៉ឺន​ហិកតា​ប៉ុណ្ណោះ នៅឆ្នាំខាង​មុខនេះ ដើម្បី​ជាការឆ្លើយ​តប​ទៅនឹង​ការធ្លាក់​ចុះនៃ​ទីផ្សារ​ម្រេច​សកល​លោក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវករ​នៅ​សួន​ច្បារ​មុខ​វត្ត​បទុម​វតី ស្នើ​សាលា​ក្រុង​កុំ​បញ្ឈប់​ការ​លក់ដូរ​របស់​ពួកគាត់

ព័ត៌មាន
អាជីវករ​ប្រមាណ​ជាង ៧០​តូប​និង​រទេះ ដែល​ប្រកប​របរ​លក់ដូរ​នៅ​សួន​ច្បារ​មុខ​វត្ត​បទុមវតី បាន​ស្នើ​ឲ្យ​សាលា​រាជ​ធានី​ភ្នំពេញ កុំ​ឲ្យ​បញ្ឈ…

តម្រូវការពូជស្រូវក្រអូបកម្ពុជា នឹងកើនឡើងដល់ ៥ម៉ឺនតោននៅឆ្នាំ២០២០

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានព្យាករថា នៅក្នុងឆ្នាំ២០២០ ខាងមុខ តម្រូវការ​ពូជ​ស្រូវ​ក្រអូប ដែលមានគុណភាពល្អរបស់កម្ពុជានឹងកើនឡើងដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ