គម្រោងព្រែកជីកហ្វូណនតេជោរំពឹងអាចបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ

ព្រែកជីកហ្វូណនតេជោ រំពឹងនឹងអាចបើកការដ្ឋានសាងសង់ជាប្រវត្តិសាស្ត្រនៅឆ្នាំក្រោយនេះហើយ


រដ្ឋមន្រ្តីក្រសួងសាធារណការ ឯកឧត្តមស៊ុន ចាន់ថុល រំពឹងគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោភ្ជាប់រវាងទន្លេបាសាក់ជាមួយកំពង់ផែខេត្តកែប នឹងអាចបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ បន្ទាប់ពីគម្រោងនេះទទួលបានការអនុម័តពីគណៈរដ្ឋមន្ត្រី ហើយរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញ និងពន្លឿនដំណើរការអនុវត្តគម្រោងជាប្រវត្តិសាស្ត្រមួយនេះ។ ជាមួយគ្នានេះ ឯកឧត្តមស៊ុន ចាន់ថុល ជឿជាក់ថា រាជរដ្ឋាភិបាលនឹងអាចស្វែងរកក្រុមហ៊ុន ដើម្បីបណ្តាក់ទុនក្នុងការអភិវឌ្ឍន៍គម្រោងនេះក្នុងពេលឆាប់ៗខាងមុខ។
ព្រែកជីកហ្វូណនតេជោ រំពឹងនឹងអាចបើកការដ្ឋានសាងសង់ជាប្រវត្តិសាស្ត្រនៅឆ្នាំក្រោយនេះហើយ

តាមរយៈគម្រោងនេះវាមិនត្រឹមតែជួយកាត់បន្ថយការចំណាយ និងរយៈពេលនៃការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ថែមទាំងអាចរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវថ្នល់ និងជួយទប់ស្កាត់គ្រោះទឹកជំនន់នៅតំបន់ជាប់ ឬក្បែរគម្រោងនោះផងដែរ។ តាមការសិក្សារបស់គណៈកម្មការអន្តរក្រសួង គម្រោងផ្លូវនាវាចរណ៍នេះមានចម្ងាយ១៨០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ និងរយៈពេល៤ឆ្នាំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា គម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោភ្ជាប់ពីទន្លេបាសាក់ទៅកាន់កំពង់ផែសមុទ្រខេត្តកែប នឹងអាចបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ បន្ទាប់ពីគម្រោងនេះទទួលបានការអនុម័ត្រពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ ការរំពឹងបែបនេះ ក៏ដោយសារឯកឧត្តម មើលឃើញសន្ទុះនៃដំណើរការរៀបចំឯកសារនិងនីតិវិធីរបស់គណៈកម្មការអន្តរក្រសួងដាក់ជូនភាគីពាក់ព័ន្ធមានដំណើរការល្អប្រសើរ។ យ៉ាងណាមិញ បច្ចុប្បន្នគណៈកម្មការអន្តរក្រសួង ដែលដឹកនាំដោយឯកឧត្តមផ្ទាល់ កំពុងរៀបចំឯកសារសម្រាប់ដាក់ជូនគណៈកម្មការទន្លេមេគង្គ ដើម្បីជូនដំណឹងគណៈកម្មការនេះថា កម្ពុជានឹងមានការសាងសង់ផ្លូវទឹកសម្រាប់ដឹកជញ្ជូនទំនិញដោយប្រើប្រាស់ទន្លេមេគង្គ។

ផ្អែកតាមលទ្ធផលសិក្សាលើផលប៉ះពាល់ និងផ្លូវច្បាប់គម្រោងនេះអាចដំណើរអភិវឌ្ឍន៍ទៅបានមិនមានផលប៉ះពាល់បារម្ភរឿងទឹកប្រៃហូរចូលទឹកសាបនោះទេ។ ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា គម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោមានបំពាក់ទ្វារទឹកចំនួន៣ ដើម្បីទប់ទឹកប្រៃកុំឲ្យហូរចូលមកទន្លេមេគង្គ ក្នុងនោះទ្វារទឹកមួយដាក់នៅសមុទ្រខេត្តកែប មួយដាក់នៅចំណុចកណ្តាលក្នុងខេត្តតាកែវ និងមួយទៀតដាក់នៅទន្លេមេគង្គ។ ឯកឧត្តមទេសរដ្ឋមន្ត្រីជឿជាក់ថា គម្រោងនេះនឹងអាចទាក់ទាញក្រុមហ៊ុនឲ្យមកបោះទុនវិនិយោគក្រោមក្របខណ្ឌវិនិយោគផ្ទេរក្នុងពេលឆាប់ៗខាងមុខនេះ។

តាមរយៈគម្រោងផ្លូវទឹកជាប្រវត្តិសាស្ត្រនេះ ឯកឧត្តម ស៊ុន ចាន់ថុល ជឿជាក់ថា វារួមចំណែកជួយធ្វើឲ្យការដឹកជញ្ជូនទំនិញតាមផ្លូវនៅកម្ពុជាកាន់តែល្អប្រសើរ និងប្រកួតប្រជែងបន្ថែមទៀត ដ្បិតថាគម្រោងនេះវានឹងកាត់បន្ថយទាំងការចំណាយ និងរយៈពេលនៃការដឹកជញ្ជូន។ លើសពីនេះ វានឹងរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការខូតខាតផ្លូវថ្នល់ ជំរុញកំណើនតម្លៃអចលនទ្រព្យ ជួយទប់ស្កាត់ទឹកជំនន់ និងផ្តល់ផលប្រយោជន៍ជាភោគផលជនផលដល់ប្រជាជន ដែលរស់នៅតំបន់ជាប់ ឬក្បែរគម្រោងនេះ។ គម្រោងនេះក៏នឹងជួយបម្រើដល់វិស័យទេសចរណ៍ និងជំរុញការអភិវឌ្ឍន៍ផែរណបនៅតាមទន្លេផងដែរ។

គួរបញ្ជាក់ថា បើតាមការសិក្សារបស់គណៈកម្មការអន្តរក្រសួង គម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»តភ្ជាប់ពីទន្លេបាសាក់ទៅកំពង់ផែសមុទ្រខេត្តកែបមានចម្ងាយ១៨០គីឡូម៉ែត្រ ដោយគ្រោងចំណាយពេលសាងសង់ចំនួន៤ឆ្នាំ ជាមួយទុនវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាមេរិក។ គម្រោងនេះទទួលបានការអនុម័តលើរបាយការណន៍លទ្ធផលសិក្សាទាំងស្រុងពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់មករាជរដ្ឋាភិបាលក៏បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដែលមានសមាភាព៣៥រូបដើម្បីជំរុញនិងពន្លឿនដំណើរការអនុវត្តគម្រោងនេះ។ គណៈកម្មការដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នេះ មានតូនាទីពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្តិ និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច និងស្នើទម្រង់នៃការវិនិយោគលើគម្រោងនាវាចរណ៍ព្រែកជីកហ្វូណនតេជោ៕




អត្ថបទបន្ទាប់


ម៉ាឡេស៊ីអាចទាក់ទាញគម្រោងវិនិយោគតម្លៃជាង ១៥ពាន់លានដុល្លារអាមេរិក នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ម៉ាឡេស៊ីបានរាយការណ៍ថា នៅត្រីមាសទី១ ទាក់ទាញបានគម្រោងវិនិយោគសរុបតម្លៃជាង ១៥ ពាន់លានដុល្លារ។ ដើម្បីជំរុញការលើកទឹកចិត្តចំពោះអ្នកវិនិយោគ…

ចិនលើកលែងពន្ធ ៧២ ពាន់លានដុល្លារ ចំពោះរថយន្តអគ្គិសនី និងរថយន្តមិនប៉ះពាល់បរិស្ថាន

ព័ត៌មាន
ប្រទេសចិនលើកលែងមិនយកពន្ធប្រមាណជាង ៧២ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំ ចំពោះរថយន្តអគ្គិសនី (EVs) និងរថយន្តមិនប៉ះពាល់បរិស្ថានផ្សេងៗទៀត។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ