ឥទ្ធិពល​សង្គ្រាមពាណិជ្ជកម្ម​ នៅអាស៊ាន

ការស្រាវជ្រាវថ្មី៖ ប្រទេសអាស៊ាន៥ ដែលរងផលប៉ះពាល់ខ្លាំង ពីសង្គ្រាមពាណិជ្ជកម្ម


ការស្រាវជ្រាវថ្មីមួយ របស់ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន បានរកឃើញថា តាំងពីមានសង្គ្រាមពាណិជ្ជកម្មបានអូសបន្លាយមកទល់នឹងពេលនេះ មានប្រទេសចំនួន៥ នៅអាស៊ាន ដែលទទួលរងឥទ្ធិពលអវិជ្ចមានខ្លាំងជាងគេ។ ប៉ុន្ដែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅក្នុងនោះ មិនមានឈ្មោះ កម្ពុជានោះទេ។
ការស្រាវជ្រាវថ្មី៖ ប្រទេសអាស៊ាន៥ ដែលរងផលប៉ះពាល់ខ្លាំង ពីសង្គ្រាមពាណិជ្ជកម្ម (រូបភាព៖ https://asia.nikkei.com)

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និងអាមេរិក ថ្មីៗនេះ ហាក់​បន្ថយកម្ដៅបន្តិច ប៉ុន្ដែ នៅតែជាក្ដីបារម្ភ​របស់ពិភពលោក​ដដែល ដ្បិតថា វានៅមិនទាន់​មានការសម្រេច​នូវ​កិច្ចព្រមព្រៀង​ណាមួយនៅឡើយ។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច ជប៉ុន និងស្ថាប័ន​ព័ត៌មាន​ជប៉ុនធំមួយ គឺ Nikkei បាន​ធ្វើការស្រង់មតិ ដោយទទួល​បាន​ការឆ្លើយតប​ពី​អ្នកសេដ្ឋកិច្ច និងអ្នកវិភាគ​ប្រមាណ ៤៣ នាក់។ 

តាមការស្រង់​មតិនេះ បានបង្ហាញថា ទស្សនវិស័យសេដ្ឋកិច្ច​របស់ប្រទេស​ធំៗ​នៅអាស៊ី ត្រូវបាន​កែតម្រូវ​ចុះមកក្រោម​ជាថ្មីម្ដងទៀត ដោយសារតែ​ឥទ្ធិពល​អវិជ្ជមាន​ពី​សង្គ្រាមពាណិជ្ជកម្ម​ចិន និងអាមេរិក ដែលបាន​ធ្វើឲ្យការនាំចេញ​មានការធ្លាក់ចុះ​នៅទូទាំងតំបន់។ តួយ៉ាង នៅឆ្នាំ២០១៩នេះ ការព្យាករកំណើន​នៃ​ប្រទេស​ជាសមាជិកអាស៊ាន​ចំនួន  ៥ គឺ​នៅមានអត្រាកំណើន​តែប្រមាណ ៤,៣% ប៉ុណ្ណោះ ដែលនេះ គឺជាការកែតម្រូវកម្រិតកំនើន​ធ្លាក់ចុះ​៤ដង​ជាប់គ្នាមកហើយ តាំងពីមានការ​ស្រង់មតិ កាលពីខែ​កញ្ញា​ឆ្នាំ២០១៨ មកម្ល៉េះ។ 

ប្រទេសសមាជិអាស៊ាន​ទាំង៥ ដែល​រងផលប៉ះពាល់​ពីសង្គ្រាមពាណិជ្ជកម្មនោះ ត្រូវបាន​ការស្រង់មតិ​បង្ហាញថា រួមមាន ប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភីលីពីន សិង្ហបុរី និងថៃ។

កំណើនព្យាករណ៍​ចុងក្រោយ​នៅឆ្នាំ២០១៩ សម្រាប់ប្រទេស​ទាំង៥នេះ គឺមានតែ ៤,៣%ប៉ុណ្ណោះ ដែលនេះគឺជាការកែតម្រូវថយចុះ ០,៣ ពិន្ទុ ពី​ការស្រង់មតិ​កាលពីខែ​មីនាកន្លងទៅ។ តួលេខកំណើនព្យាករ​ចុងក្រោយ ៤,៣% នៅឆ្នាំ២០១៩នេះ គឺមានទាបជាង​០,៥ពិន្ទុ ធៀបនឹង​ការសម្រេចបាន​កំណើន​៤,៨% កាលពីឆ្នាំ២០១៨។

ក្នុងចំណោម​ប្រទេស​អាស៊ានទាំង៥ ដែលមានការ​ព្យាករទម្លាក់​នូវទស្សនៈវិស័យ​នៃកំណើន​សេដ្ឋកិច្ច​ គេសង្កតឃើញថាប្រទេស​ថៃ និងសិង្ហបុរី គឺជាប្រទេស​ដែលរងផលប៉ះពាល់​ការនាំចេញ​ខ្លាំងជាងគេ​ ដោយសារតែបញ្ហាសង្គ្រាម​ពាណិជ្ជកម្មនេះ។ អ្នកសេដ្ឋកិច្ច​ថៃអះអាងថា ប្រទេសថៃ ក៏ដូចទៅនឹង​ប្រទេស​នាំចេញ​ដទៃទៀតដែរ នៅឆ្នាំនេះ ថៃគឺទំនងជា​រងទុក្ខ​ ដោយសារតែការធ្លាក់ចុះ​នៃសេដ្ឋកិច្ចសកល និងសង្គ្រាមពាណិជ្ជកម្ម។ 

រីឯអ្នក​សេដ្ឋកិច្ច​សិង្ហបុរីវិញ និយាយថា ផលប៉ះពាល់នៃកំណើន​របស់​សិង្ហបុរី គឺត្រូវបានរពឹងថា នឹង​បន្ត​រហូតដល់​ទស្សនវិស័យ​ពាណិជ្ជកម្ម​វិលទៅរកភាពច្បាស់លាស់វិញ។ ចំពោះ សេដ្ឋកិច្ច​ម៉ាឡេស៊ីឯណោះវិញ ក៏ត្រូវបាន​អ្នកជំនាញ​អះអាងថាដែរ ហានិភ័យ​ធ្លាក់ចុះនៃកំណើន​នៅតែបន្ដកើតមាន។

សម្រាប់​សេដ្ឋកិច្ចប្រទេស​ឥណ្ឌូនេស៊ី និងភីលីពីនវិញ ត្រូវបានគេព្យាករដែរថា នឹង​រក្សាបាន​អត្រាកំណើនខ្ពស់ ៥% ទៅ៦% ប៉ុន្ដែ ការព្យាករថ្មីនៅឆ្នាំ២០១៩នេះ បានកែតម្រូវ​កំណើននេះ​នៅទាបជាងមុនបន្តិច។ អ្នកជំនាញ​សេដ្ឋកិច្ច បានបញ្ជាក់ថា កំនើនសេដ្ឋកិច្ច​ប្រទេសទាំងពីរនេះ ត្រូវបាន​ប្រឈម​នឹង​សង្គ្រាមពាណិជ្ជកម្មចិន និអាមេរិក ខណៈដែល​វា​អាចនឹង​ត្រូវ​កាត់បន្ថយ​ថ្លៃ​ទំនិញ​ក៏ដូចជា​ឱកាស​នាំចេញផងដែរ។ ប្រទេសភីលីពីន ជាបណ្ដោះអាសន្ន​មានសេដ្ឋកិច្ចយឺត ក្នុងរយៈពេល ៣ខែ ដំបូងកាលពីឆ្នាំ ២០១៩ ដោយសារតែ​រដ្ឋាភិបាល​ពន្យាពេល​ក្នុងការអនុម័តថវិការបស់ខ្លួន។ 

ទោះបីជា​សង្គ្រាមពាណិជ្ជកម្ម​បានធ្វើឲ្យប្រទេសខ្លះ​រងទុក្ខ តែវាក៏បានធ្វើឲ្យប្រទេស​នៅតំបន់អាស៊ីអាគ្នេយ៍ខ្លះ​ទទួលប្រយោជន៍ផងដែរ។ ជាក់ស្ដែង ប្រទេស​វៀតណាម​តែម្ដង ដែលទទួលបាន​លំហូរវិនិយោគ​ផ្ទាល់បរទេស ពិសេសមកពីប្រទេសចិន ដោយសារតែវៀតណាម​ជាមូលដ្ឋានផលិត​ជំនួស​ដ៏ស័ក្ដិសមមួយ សម្រាប់​ការនាំចេញទៅអាមេរិក។

គួរបញ្ជាក់ថា ភ្លើងសង្គ្រាម​ពាណិជ្ចកម្ម​រវាង​អាមេរិក និងចិន ហាក់​ត្រូវបាន​បន្ថយ​កម្ដៅបន្តិច បន្ទាប់ពី​ជំនួប​រវាង​មេដឹកនាំកំពូល​នៃប្រទេសទាំងពីរ បានជួបគ្នា​នៅប្រទេសជប៉ុ​ន​កាលពីចុង​ខែ​មិថុនាកន្លងទៅនេះ ហើយភាគីទាំងពីរ​ក៏បាន​យល់ព្រម​បើកទ្វារចរចាពាណិជ្ជកម្ម​ឡើងវិញផងដែរ។

ទោះយ៉ាងណា ការអភិវឌ្ឍទៅអនាគត​នៃទំនាក់ទំនង​របស់​មហាយក្សទាំងពីរនេះ នឹងទៅជាយ៉ាងណានោះ គឺនៅតែស្ថិតក្នុង​ភាពមិនច្បាស់លាស់ដដែល។ ក៏មានអ្នក​សេដ្ឋកិច្ច​ខ្លះ ព្រួយបារម្ភដែរ អំពី​ការរីករាលដាល​នៃសង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​អាមេរិក និងចិននេះ ប្រសិនបើវា ពិតជាងាកទៅរក​ការធ្វើសង្គ្រាម​រូបិយបណ្ណ ឬសង្គ្រាមបច្ចេកវិទ្យាមែននោះ៕

*ដកស្រង់ពីគេហទំព័រ Asian Nikkei Review 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata ធ្វើ​តេស្ត​សាកល្បង​បច្ចេកវិទ្យា 5G មុន​គេ​បង្អស់នៅ​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata បាន​ធ្វើ​តេស្ត​សាកល្បង​បច្ចេកវិទ្យា 5G មុនគេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ ទី៨ ខែ​កក្កដា ដោយ​សហក…

ធនាគារខ្នាតយក្សទាំង ១០ ក្នុងលោកឆ្នាំ២០១៩, ចិននៅតែឈរកំពូលតារាង

ព័ត៌មាន
ស្ថាប័ន The Banker បានបញ្ចេញរបាយការណ៍របស់ខ្លួនមួយ អំពីបញ្ជីឈ្មោះធនាគារធំបំផុតក្នុងលោក ទាំង១០។ ក្នុងនោះ ធនាគាររបស់ចិន នៅតែឈរលំដាប់លេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ