ព្រែកជីកហ្វូណនតេជោ

សម្ដេច ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណននឹងជួយធ្វើឱ្យសេដ្ឋកិច្ចខេត្តជាប់ដងទន្លេមានការរីកចម្រើនបន្ថែមទៀត


គម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»តភ្ជាប់ពីទន្លេបាសាក់ទៅសមុទ្រខេត្តកែប តម្លៃជាង១ពាន់៧រយលានដុល្លារ ដែលទើបចុះហត្ថលេខានៅទីក្រុងប៉េកាំង កាលពីពេលថ្មីៗ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដែងនូវសុទិដ្ឋិនិយមថា វានឹងជួយបង្កើនលទ្ធភាពការដឹកជញ្ជូន ក៏ដូចជាធ្វើឱ្យសេដ្ឋកិច្ចរបស់បណ្ដាខេត្ត ដែលជាប់ដងទន្លេកាន់តែរីកចម្រើនបន្ថែមទៀត។
2
ដោយ

នាពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺន២ពាន់នាក់ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីសក្តានុពលរបស់គម្រោងព្រែកជីកហ្វូណនតេជោក្នុងការរួមចំណែកជួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចជាតិ។

សម្តេចធិបតីជឿជាក់ថា តាមរយៈគម្រោងនេះវានឹងជួយសម្រួលការដឹកជញ្ជូនទំនិញផ្សេងៗ ជាពិសេសកសិផលរបស់បណ្តាខេត្តជាប់ដងទន្លេទៅកាន់កំពង់ផែសមុទ្រឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត ជាពិសេសវានឹងរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តជាប់ដងទន្លេឱ្យមានការរីកចម្រើនមួយកម្រិតទៀត។ សម្តេចជឿជាក់ថា តាមរយៈគម្រោងនេះវានឹងជួយទាក់ទាញគម្រោងវិនិយោគថ្មីៗទៅកាន់ខេត្តកំពុងចាម ដែលជាខេត្តជាប់ដងទន្លេមួយបន្ថែមទៀតផងដែរ។

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានវាយតម្លៃថា គម្រោងព្រែកជីកហ្វូណនតេជោនឹងជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូន និងផ្តល់ផលចំណេញចន្លោះពី២០%ទៅ៣០% បើធៀបនឹងការដឹកជញ្ជូននាពេលបច្ចុប្បន្ន។ លើសពីនេះ វានឹងជំរុញការអភិវឌ្ឍន៍កំពង់ផែរណបនៅតាមបណ្តោយដងទន្លេ ហើយវាក៏ជាផ្នែកមួយក្នុងការរួមចំណែកជួយបម្រើដល់វិស័យទេសចរណ៍ផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ដើម្បីឈានទៅសិក្សាលម្អិតលើគម្រោងនេះនាវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកការចុះហត្ថលេខានេះ គឺជាបោះជំហានទៅមុខមួយកម្រិតបន្ថែមទៀតក្នុងការធ្វើឱ្យគម្រោងផ្លូវនាវាចរណ៍នេះលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»តភ្ជាប់ពីទន្លេបាសាក់ទៅកំពង់ផែសមុទ្រខេត្តកែប មានចម្ងាយ១៨០គីឡូម៉ែត្រ ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិក និងរយៈពេលសាងសង់៤ឆ្នាំ។ គម្រោងនេះនឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែរបស់វៀតណាម ប្រមាណ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ ជាពិសេសវាជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបាន១៦% បើធៀបនឹងតម្លៃដឹកជញ្ជូនបច្ចុប្បន្ន។

បន្ថែមលើនេះ គម្រោងនេះនឹងជួយបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ជួយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ជួយជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងជួយជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធររកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង២២០ លក់បន្លំគុណភាព និងបរិមាណ

ព័ត៌មាន
យ៉ាងហោចណាស់មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ជាង២២០កន្លែង ក្នុងចំណោមជិត២ពាន់ស្ថានីយ-ដេប៉ូ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្…

សម្ដេច ហ៊ុន ម៉ាណែត ភ្ញាក់ផ្អើលក្រោយពលរដ្ឋខ្មែរនៅអ៊ីស្រាអែលស្ម័គ្រចិត្តនៅបន្តធ្វើការ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា តាំងពីផ្ទុះការបាញ់ប្រហាររបស់ពួកហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល និងបានធ្វើឲ្យនិស្សិតខ្មែរម្នាក់ស្លាប់ រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ