វិស័យធានារ៉ាប់រង

តើវិស័យធានារ៉ាប់រងនៅពេញមួយឆ្នាំ២០២៣មានការរវិវត្តយ៉ាងណាខ្លះ?


ដ្បិតថា វិបត្តិពិភពលោកបានធ្វើឱ្យមានភាពរង្គោះរង្គើដល់វិស័យធានារ៉ាប់រងកម្ពុជា ដែលជាវិស័យក្មេងខ្ចីមួយក្នុងចំណោមវិស័យហិរញ្ញវត្ថុនៅកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏ប៉ុន្តែវិស័យនេះនៅតែបន្តរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង នៅ៩ខែក្នុងឆ្នាំ២០២៣ វិស័យធានារ៉ាប់រងនៅកម្ពុជាមានកំណើនប្រមាណ៤% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ជាមួយទំហំបុព្វលាភសរុបជាង២៦៦លានដុល្លារ។
វិស័យធានារ៉ាប់រង
ដោយ

បើទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញក្នុងវិស័យធានារ៉ាប់រង កត់សម្គាល់ឃើញថា ការរួមចំណែករបស់វិស័យធានារ៉ាប់រងរបស់កម្ពុជានៅក្នុងផលិតផលក្នុងស្រុកសរុប(GDP) នៅមានកម្រិតតិចតួចនៅឡើយ បើធៀបនឹងវិស័យហិរញ្ញវត្ថុផ្សេងៗនៅកម្ពុជា។ ជាក់ស្ដែង បច្ចុប្បន្ន បើធៀបនឹងបណ្ដាប្រទេសដទៃក្នុងតំបន់វិស័យធានារ៉ាប់រងនៅកម្ពុជា បានរួមចំណែកទាបជាងគេក្នុងផលិតផលក្នុងស្រុកសរុប(GDP) ពោលគឺមានត្រឹមប្រមាណ១,១% ប៉ុណ្ណោះ ខណៈវិស័យធានារ៉ាប់រងនៅបណ្ដាប្រទេសក្បែរខាងកម្ពុជាបានរួមចំណែកក្នុង GDP ពី ៦%ទៅ៧% ឯណោះ។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា កត់សម្គាល់ឃើញថា បើទោះជាវិស័យធានារ៉ាប់រងនៅកម្ពុជា បន្តរងសម្ពាធពីវិបត្តិសាកលលោក ប៉ុន្តែវិស័យធានារ៉ាប់រងនៅកម្ពុជាបន្តរក្សាបានកំណើនជាវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងគិតត្រឹមរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣ វិស័យធានារ៉ាប់រងទូទៅនៅកម្ពុជាកើនឡើងជាង៤% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ជាមួយទំហំបុព្វលាភសរុបជាង២៦៦លានដុល្លារ។

បើតាមប្រធានសមាគមធានារ៉ាប់រងរូបនេះ ទំហំបុព្វលាភនេះ ត្រូវបានរួមចំណែកដោយទីផ្សារធានារ៉ាប់រងអាយុជីវិតជាង៥៥% ធានារ៉ាប់រងទូទៅជាង៤២% និងធានារ៉ាប់រងខ្នាតតូចជាង២%។ លោកបានបន្ថែមថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៣ អ្នកទិញធានារ៉ាប់រងអាយុជីវិតមានទំហំបុព្វលាភជាង១១៣លានដុល្លារអាម៉េរិក កើនឡើង១០% ខណៈអ្នកទិញធានារ៉ាប់រងទូទៅមានទំហំជាង១៤៧លានដុល្លារ ធ្លាក់ចុះជិត១% និងធានារ៉ាប់រងខ្នាតតូចមានទំហំជាង៥លានដុល្លារកើនឡើងជាង២៧%។

យ៉ាងណាក៏ដោយ លោក ហ៊ុយ វ៉ាថារ៉ូ កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ វិស័យធានារ៉ាប់រងនៅកម្ពុជាហាក់ប្រសើរឡើងវិញបន្តិច បើធៀបទៅនឹងអំឡុងរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩។ សម្រាប់លោក ហ៊ុយ វ៉ាថារ៉ូ ដ្បិតវិស័យធានារ៉ាប់រងនៅកម្ពុជា ហាក់នៅក្មេងខ្ចី ប៉ុន្តែវិស័យនេះក៏បានរួមចំណែកសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte គូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកប៉ះពាល់ដោយសារវិបត្តិសាកលនានា វិស័យធានារ៉ាប់រងនៅកម្ពុជា ក៏បានរងផលអវិជ្ជមានខ្លះដែរ ពោលគឺមិនខុសពីវិស័យដទៃនោះឡើយ។ ដោយឡែក ចំពោះស្ថានភាពវិស័យធានារ៉ាប់រងនៅកម្ពុជា នៅរយៈពេលពេញមួយឆ្នាំ២០២៣ វិញត្រូវបានប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte រូបនេះ កត់សម្គាល់ឃើញថា ហាក់មានកំណើនតិចតួច បើធៀបនឹងឆ្នាំ២០២២។

បើតាម លោក យក់ ចំរើនឫទ្ធិ វិស័យធានារ៉ាប់រងនៅកម្ពុជា ហាក់នៅក្មេងខ្ចីនៅឡើយបើធៀបទៅនឹងវិស័យដទៃមួយចំនួនទៀត នៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល ដូច្នេះផលប៉ះពាល់របស់វិស័យនេះពីវិបត្តិសាកល ក៏មានតិចតួចដែរ។

ជាក់ស្ដែង បច្ចុប្បន្ន វិស័យធានារ៉ាប់រងនៅកម្ពុជា បានរួមចំណែកត្រឹមប្រមាណ១,១% ប៉ុណ្ណោះ នៅក្នុង GDP ស្របពេលដែលវិស័យធានារ៉ាប់រងនៅប្រទេសក្បែរខាងកម្ពុជាបានរួមចំណែកក្នុង GDP ចន្លោះពី ៦% ទៅ៧% ឯណោះ។ បើតាមលោក យក់ ចំរើនឫទ្ធិ បញ្ហាប្រឈមធំៗ ដែលវិស័យធានារ៉ាប់រងបានជួបប្រទះនាពេលកន្លងមក គឺជាធានារ៉ាប់រងដែលមានលក្ខណៈជាបុគ្គល តួយ៉ាងដូចជា ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព ជាដើម ដែលប៉ះពាល់ដោយសារតែវិបត្តិសេដ្ឋកិច្ចសាកលនានា។

​សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ ទីផ្សារធានារ៉ាប់រងមានទំហំបុព្វលាភសរុបជាង ២៦៦លានដុល្លារកើនឡើងជាង៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ២៥៥លានដុល្លារ។ ទំហំបុព្វលាភនេះ ត្រូវបានរួមចំណែកដោយទីផ្សារធានារ៉ាប់រងអាយុជីវិតជាង៥៥% ធានារ៉ាប់រងទូទៅជាង៤២% និងធានារ៉ាប់រងខ្នាតតូចជាង២%។

ដោយឡែក អ្នកទិញធានារ៉ាប់រងនៅកម្ពុជា មានចំនួនសរុបជិត ៣លាននាក់ ក្នុងនោះ អ្នកទិញធានារ៉ាប់រងអាយុជីវិតមានប្រមាណ ១លាន៤សែននាក់ ធានារ៉ាប់រងទូទៅមាន ៧៦ម៉ឺននាក់ និងធានារ៉ាប់រងខ្នាតតូចមានប្រមាណ ៨១ម៉ឺននាក់។ នេះបើយោងតាមទិន្នន័យរបស់សមាគមធានារ៉ាប់រងនៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រី និងអ្នកជំនាញរំពឹងកំណើនចលនាភ្ញៀវទេសចរផ្ទៃក្នុង នឹងជួយស្តារវិស័យទេសចរណ៍ឱ្យងើបឡើងវិញដូចមុនកូវីដ-១៩ នៅឆ្នាំនេះ

ព័ត៌មាន
កំណើនចលនាដើរលេងកម្សាន្តរបស់ភ្ញៀវទេសចរផ្ទៃក្នុងនាអំឡុងបុណ្យឆ្លងឆ្នាំសកល ត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍ចាត់ទុកជាសញ្ញាបង្ហាញពីការកម្រើកឡើ…

សិប្បកម្មផលិតទឹកម្នាស់និងស្រាម្នាស់មួយនៅខេត្តស្ទឹងត្រែង ត្រូវការទុន៥០ម៉ឺនដុល្លារពង្រីកផលិតភាព បំពេញតម្រូវការទីផ្សារ

ព័ត៌មាន
ម្ចាស់កសិដ្ឋាន និងសិប្បកម្ម ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) ដែលជាកសិដ្ឋានដាំដុះ និងកែច្នៃម្នាស់ទឹកឃ្មុំដ៏ធំមួយនៅខេត្តស្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ