បុរសខ្លាំងកូរ៉េខាងជើងត្រៀមទៅជួបបុរសខ្លាំងរុស្ស៊ី ដើម្បីពិភាក្សារឿងអាវុធ!

លោកគីម ជុនអ៊ុនគ្រោងស្កាត់ទៅជួបលោកពូទីនដល់ផ្ទះ ដើម្បីពិភាក្សាការផ្គត់ផ្គង់សព្វាវុធឱ្យរុស្ស៊ីសម្រាប់បន្តធ្វើសង្គ្រាម


មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ត្រូវបានរាយការណ៍មកថា មានផែនការគ្រោងធ្វើដំណើរទៅប្រទេសរុស្ស៊ី ដើម្បីជួបលោក ពូទីន ដើម្បីពិភាក្សាអំពីលទ្ធភាពផ្គង់ផ្គង់សព្វាវុធឱ្យទីក្រុងម៉ូស្គូ សម្រាប់ធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនតទៅទៀត ចំពេលដែលទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែភាពស្អិតល្មួតនឹងគ្នាខ្លាំងនៅមួយរយៈចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បុរសខ្លាំងកូរ៉េខាងជើងត្រៀមទៅជួបបុរសខ្លាំងរុស្ស៊ី ដើម្បីពិភាក្សារឿងអាវុធ!
ដោយ

នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រនេះ លោកគីម ជុងអ៊ុន នឹងធ្វើដំណើរពីរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងតាមរយៈរថភ្លើង ទៅកាន់ទីក្រុង Vladivostok នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសរុស្ស៊ី ជាកន្លែងដែលលោកនឹងជួបជាមួយលោកពូទីននៅទីនោះ។ នេះបើតាមការរាយការណ៍ដោយកាសែតNew York Times កាលពីថ្ងៃចន្ទដែលស្រង់សំដីពីមន្ត្រីអាមេរិក។
នៅទីក្រុង Vladivostok នោះ ដែលមិនឆ្ងាយប៉ុន្មានពីកូរ៉េខាងជើង មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នា អំពីការបញ្ជូនគ្រាប់កាំភ្លើងធំទៅឱ្យរុស្ស៊ី និងមីស៊ីលប្រឆាំងរថក្រោះ ជាថ្នូរឱ្យទីក្រុងម៉ូស្គូផ្តល់ឲ្យទីក្រុងព្យុងយ៉ាងវិញ នូវបច្ចេកវិទ្យាទំនើបប្រើក្នុងផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីថា «កូរ៉េខាងជើងគឺជាអ្នកជិតខាងរបស់យើង ជាប្រទេសជិតខាងដែលរស់នៅក្នុងសន្តិភាព និងភាពសុខដុម»។ វិមានក្រឹមឡាំងបាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងមូស្គូមានបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវ «ទំនាក់ទំនងប្រកបដោយការគោរពគ្នាទៅវិញទៅមក» ជាមួយទីក្រុងព្យុងយ៉ាង ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយក្នុងសម័យសង្គ្រាមត្រជាក់ ហើយក៏ជាប្រទេសតូចមួយ ដែលមានទឹកចិត្តគាំទ្ររុស្ស៊ីនៅក្នុងជម្លោះជាមួយអ៊ុយក្រែនផងដែរ។

ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap កាលពីពេលកន្លងទៅ បានស្រង់សំដីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងថា លោក Shoigu ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងកាលពីខែកក្កដានោះ បានស្នើទៅលោកគីម ជុងអ៊ុន ពិចារណាផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី និងស្នើឱ្យទីក្រុងព្យុងយ៉ាងធ្វើសមយុទ្ធយោធាជើងទឹក រួមជាមួយនឹងប្រទេសចិនផងដែរ។

ថ្មីៗនេះទៀតសោធ សហរដ្ឋអាមេរិកក៏បានសម្តែងការព្រួយបារម្ភថា ការចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើងកំពុងដំណើរការទៅមុខយ៉ាងសកម្ម ហើយនឹងឈានទៅដល់ការសម្រេចណាមួយក្នុងពេលដ៏ខ្លីខាងមុខ។ ទោះបីជាមានការចោទប្រកាន់យ៉ាងណាក្តី កូរ៉េខាងជើងតែងប្រកែកម្តងហើយម្តងទៀតថាខ្លួនមិនបាន ហើយនឹងក៏មិនមានកិច្ចព្រមព្រៀងអាវុធជាមួយរុស្ស៊ីដែរ បើទោះបីជា រដ្ឋអំណាចព្យុងយ៉ាងទទួលស្គាល់ថា ទំនាក់ទំនងប្រទេសទាំងពីរចុងក្រោយនេះមានភាពស្អិតល្មួតខ្លាំងយ៉ាងណាក្តី។




អត្ថបទបន្ទាប់


កិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើមហើយ ខណៈផែនទីថ្មីរបស់ចិនកំពុងបញ្ឆេះឱ្យមានភាពតានតឹងបន្ថែមក្នុងតំបន់

ព័ត៌មាន
នៅថ្ងៃអង្គារទី៥នេះ មេដឹកនាំប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាប់ផ្តើមកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហ្សាកាតា ដែ…

ម្ចាស់អាជីវកម្មនៅក្នុងទីក្រុងហូជីមិញកំពុងប្រឈមមុខនឹងបំណុលពន្ធ ដោយសារបញ្ហាហិរញ្ញវត្ថុ

ព័ត៌មាន
អាជីវកម្មមួយចំនួននៅក្នុងទីក្រុងហូជីមិញ ជាពិសេសអ្នកដែលកំពុងប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យកំពុងប្រឈមមុខនឹងបំណុលពន្ធយ៉ាងច្រើន ដោយសារតែបញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ