ពូទីន ជួបមេដឹកនាំអាស៊ាន

តើលោក ពូទីន បានពិភាក្សាអ្វីខ្លះជាមួយមេដឹកនាំអាស៊ាន ចំនួន៣ប្រទេស នៅប៉េកាំង?


នៅក្នុងដំណើរក្រៅប្រទេសជាលើកដំបូងចាប់តាំងពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែន លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសនៅតំបន់អាស៊ាន ចំនួន៣ ក្នុងអំឡុងពេលលោកកំពុងស្ថិតនៅទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាខ្សែរក្រវាត់ និងផ្លូវលើកទី៣។ សមភាគីអាស៊ានដែលលោក ពូទីន បានជួបពិភាក្សារួមមានលោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ, លោក វូ វាន់ ធួង ប្រធានាធិបតីវៀតណាម និងលោក ថងលួង ស៊ីស៊ូលីត ប្រធានាធិបតីឡាវ។
ពូទីន ជួបមេដឹកនាំអាស៊ាន
ដោយ

នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉េកាំង សារព័ត៌មានធំៗនៅក្នុងតំបន់ និងរុស្ស៊ី បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួប និងពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ាន ចំនួនបីប្រទេស ដែលរួមមាន ថៃ វៀតណាម និងឡាវ។

យ៉ាងណាមិញនៅក្នុងជំនួបជាមួយលោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្ត្រីថៃ នៅខាងក្រៅវេទិកាខ្សែរក្រវាត់និងផ្លូវលោក ពូទីន បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រជាជាតិទាំងពីរ ហើយបាន សន្យាថា នឹងស្វះស្វែងរកការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាមួយគ្នានេះលោក ពូទីន បានសរសើរទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសថៃ និងរុស្ស៊ី និងបានបញ្ជាក់ផងដែរពីតម្រូវការសម្រាប់ភាគីទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវប្បធម៌ និងទេសចរណ៍។ ពាក់ព័ន្ធវិស័យនយោបាយ ភាគីទាំងពីរគាំទ្រការបន្តផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមបុគ្គលិកនៃក្រុមប្រឹក្សាសន្តិសុខនៃប្រទេសទាំងពីរ។

សម្រាប់វិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានទទួលស្គាល់ពីតម្រូវការក្នុងការបង្កើនការសម្របសម្រួលពាណិជ្ជកម្ម ក្នុងនោះលោកនាយករដ្ឋមន្ត្រីថៃ បានអំពាវនាវឱ្យរុស្ស៊ីជំរុញការវិនិយោគ និងធ្វើពាណិជ្ជកម្មលើវិស័យកសិកម្ម ហើយលោកក៏បានស្នើឱ្យរុស្ស៊ីពិចារណាបង្កើនការវិនិយោគលើវិស័យផ្សេងៗនៅប្រទេសថៃផងដែរ។

ចំណែកនៅក្នុងជំនួបរវាងលោក វូ វាន់ ធួង ប្រធានាធិបតីវៀតណាម ជាមួយលោក ពូទីន វិញ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីផែនការជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-រុស្ស៊ី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងជំនួបទ្វេភាគីនោះលោក ធួង បាននិយាយថា វៀតណាម តែងតែចាត់ទុករុស្ស៊ីជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួន ហើយសង្ឃឹមថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ី នឹងមានការជំរុញបន្ថែមទៀត។

ជាមួយគ្នានេះលោកសង្ឃឹមថា រុស្ស៊ីនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាមបន្ថែមទៀត ក៏ដូចជាពង្រឹង និងពង្រីកការផ្លាស់ប្តូរវប្បធម៌ និងរវាងប្រជាជនជាមួយប្រជាជន”រវាងប្រទេសទាំងពីរផងដែរ។ បន្ថែមលើនេះ ប្រធានាធិបតីវៀតណាម ស្នើឲ្យរុស្ស៊ីបន្តជួយឧបត្ថម្ភប្រជាជនវៀតណាម ដែលកំពុងសិក្សា និងរស់នៅអចិន្ត្រៃយ៍នៅប្រទេសរុស្ស៊ី។

យ៉ាងណាមិញលោក ពូទីន បានចាត់ទុកវៀតណាម គឺជាដៃគូដ៏សំខាន់បំផុតរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរុស្ស៊ី បានគាំទ្រចំពោះការផ្ដល់យោបល់របស់លោក ធួង ជាពិសេសលើការលើកទឹកចិត្តគំនិតច្នៃប្រឌិត និងផែនការសំខាន់ៗ ដើម្បីបង្កើនទំនាក់ទំនងទេ្វភាគីរវាងប្រទេសទាំងពីរនាពេលអនាគត។ លើសពីនេះលោក ពូទីន ក៏បានទទួលយកការអញ្ជើញរបស់លោក ធួង សម្រាប់ការបំពេញទស្សនកិច្ចនៅវៀតណាមផងដែរ ។

ដោយឡែកនៅក្នុងជំនួបទ្វេភាគីរវាងលោក ពូទីន ជាមួយលោក ថងលួង ស៊ីសូលីត ភាគីទាំងពីរបានទទួលស្គាល់ថា ភាគីទាំងពីរមានទំនាក់ទំនងនយោបាយល្អ ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។ យ៉ាងណាមិញលោក ពូទីន ជំរុញឱ្យប្រទេសទាំងពីរត្រូវគិតគូរបន្ថែមទៀតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានចាត់ទុកឡាវគឺជាមិត្តដ៏គួរឱ្យទុកចិត្តបាន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខ UN ថ្កោលទោសការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា

ព័ត៌មាន
អគ្គលេខាធិការសហប្រជាជាតិ លោក អង់តូញ៉ូ ហ្គូធឺរ៉េស បាននិយាយកាលពីថ្ងៃពុធថា លោកពិតជារន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការបំផ្ទុះនៅមន្ទីរពេទ្យមួយនៅ…

អ្នកជំនាញរំពឹងជួយជំរុញកំណើនពាណិជ្ជកម្មពីការតភ្ជាប់ផ្លូវល្បឿនលឿនកម្ពុជា-វៀតណាម

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់ប្រធានរដ្ឋវៀតណាម ឱ្យពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនរបស់កម្ពុជាពីភ្នំពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ