![ឯកឧត្តមវង្សី វិស្សុត ចាត់ទុកការបើកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាការបើកទំព័រប្រវត្តិសាស្ត្រសម្រាប់វិស័យទេសចរណ៍នៅក្រោយកូវីដ១៩](https://cdn.cambonomist.com/media/images/CNM04017.2e16d0ba.fill-960x540.jpg)
ថ្លែងនៅក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (Angkor International Airport Investment Cambodia Co., Ltd. /AIAI) ដែលបានវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះឡើង ប្រកបដោយជោគជ័យ ដែលជាសមិទ្ធិផលដ៏អស្ចារ្យមួយ ពោលគឺជាព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមក ទោះបីជាមានការពន្យារពេលជាច្រើនដងនៃដំណើរការសាងសង់នាអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ក្តី។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា «ជាការពិតណាស់ ការបើកឱ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គនាថ្ងៃនេះ គឺជាកាបើកទំព័រថ្មីមួយក្រោយវិបត្តិកូវីដ-១៩របស់កម្ពុជា ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួនដែលមានព្រលានយន្តហោះស្តង់ដារអន្តរជាតិធំជាងគេនៅកម្ពុជា នៅលើទឹកដីសៀមរាបអង្គរ។»
![CNM03325](https://cdn.cambonomist.com/media/images/CNM03325.original.jpg)
![CNM03816](https://cdn.cambonomist.com/media/images/CNM03816.original.jpg)
អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប ៧០០,០៦ ហិកតា និងបម្រុងដីប្រមាណ ១០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា “ទីក្រុងអាកាសយានដ្ឋាន (Airport city)” នាពេលខាងមុខ។
![ss5](https://cdn.cambonomist.com/media/images/ss5.original.jpg)
![CNM04021](https://cdn.cambonomist.com/media/images/393202792_24570280799285721_260749261539468800_.original.jpg)
![CNM03578](https://cdn.cambonomist.com/media/images/CNM03578.original.jpg)
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខល្អ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនាំឲ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន រួមទាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះជាដើម។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិនេះគឺ ជាគំនិតផ្តួចផ្តើមប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន និងការសាងសង់ត្រូវបន្តអនុវត្ត រហូតបានចប់ជាស្ថាពរ ក្នុងរាជរដ្ឋាភិបាលនៃនិតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន មាណែត។ ទន្ទឹមគ្នានោះ ឯកឧត្តមក៏ឆ្លៀតឱកាសនេះ គូសបញ្ជាក់ពីការអគុណចំពោះតួនាទីរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលជាអតីតឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានខិតខំធ្វើឱ្យគម្រោងនេះលេចរូបរាងឡើង ក្រោមការចង្អុលបង្ហាញផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន។
![CNM03874](https://cdn.cambonomist.com/media/images/CNM03874.original.jpg)
![CNM03781](https://cdn.cambonomist.com/media/images/CNM03781.original.jpg)
![CNM03927](https://cdn.cambonomist.com/media/images/CNM03927.2e16d0ba.fill-960x540.jpg)
លើសពីនេះទៅទៀត អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ជាសមទ្ធិផលមួយដ៏អស្ចារ្យក្រោមការដឹកនាំ និងឯកភាពគ្នារបស់សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីងផងដែរ ដ្បិតវា ស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់មួយរបស់ចិន ដែលគំនិតផ្ដួចផ្ដើមនេះ បាននិងកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ជាពិសេស បានធ្វើឱ្យមានកិច្ចសហការ លើវិស័យសំខាន់ៗ ដែលជាប្រយោជន៍ដល់ការកែលម្អនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ រួមមានទាំងការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ការវិនិយោគ និងវិស័យកសិកម្ម។ នេះបើតាមការអះអាងរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរ អំពីសក្ដានុពលរបស់កម្ពុជានៅក្នុងការទាក់ទាញភ្ញៀវទេសចរនៅក្នុងតំបន់ និងពិភពលោក។ តាមរយៈសក្ដានុពលទាំងនោះ រួមទាំងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ដសំខាន់ៗជាច្រើនទៀតនាពេលកន្លងមក ឯកឧត្តម វង្សី វិស្សុតជឿជាក់ថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ តំបន់ទីក្រុងអាកាសយានដ្ឋាន (Airport city) នេះ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ដូចដែលសម្តេចតេជោ តែងតែចង្អុលបង្ហាញនូវក្នុងចក្ខុវិស័យរបស់សម្តេចថា កម្ពុជាមានប៉ូល សេដ្ឋកិច្ច ៣ ទី១. ភ្នំពេញ, ទី២. ក្រុងព្រះសីហនុ, និងទី៣. ទីក្រុងសៀមរាប នេះឯង ហើយសមិទ្ធិផលនេះ ក៏នឹងក្លាយទៅជា”កាតាលីករ” យ៉ាងសំខាន់ សម្រាប់ជំរុញការងើបឡើងវិញ និងការអភិវឌ្ឍនៃវិស័យទេសចរណ៍ឱ្យមានសក្ដានុពលនៅកម្ពុជា។
![CNM03787](https://cdn.cambonomist.com/media/images/CNM03787.original.jpg)
![CNM03361](https://cdn.cambonomist.com/media/images/393217528_24570294125951055_270118.2e16d0ba.fill-960x540.jpg)
![393277551_24570294122617722_8519231790663960444_n](https://cdn.cambonomist.com/media/images/393277551_24570294122617722_851923.2e16d0ba.fill-960x540.jpg)
ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) និងតំបន់ជុំវិញនេះ មិនត្រឹមតែចូលរួមទ្រទ្រង់ កំណើនសេដ្ឋកិច្ច, បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសមិទ្ធផលមួយយ៉ាងសំខាន់ដែលមិនអាចកាត់ថ្លៃបាន ក្នុងការទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់ និងសកល, ជាពិសេស លើកកម្ពស់ទាក់ទាញនៃវិស័យទេសចរណ៍ និងមុខមាត់នៃប្រទេសកម្ពុជា មួយកម្រិតទៀតផងដែរ។
ឯកឧត្តម វង្សី វិស្សុត ក៏បានស្នើឱ្យមានគិតគូរពីការជំរុញការតភ្ជាប់ (Connectivity) តាមរយៈផ្លូវអាកាសមកកាន់តំបន់គោលដៅទេសចរណ៍ទាំង ៣ រួមមានតំបន់ភ្នំពេញ តំបន់សៀមរាប និងតំបន់ឆ្នេរឱ្យកាន់តែច្រើន ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្ដរបស់ភ្ញៀវទេសចរ និងស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែខិតខំបន្តកែសម្រួលការធ្វើដំណើរទេសចរណ៍នៅតាមច្រកទ្វារអន្តរជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត (អន្តោប្រវេសន៍ គយ ។ល។)
![CNM03673](https://cdn.cambonomist.com/media/images/CNM03673.original.jpg)
![CNM03512](https://cdn.cambonomist.com/media/images/CNM03512.original.jpg)
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងនោះរួមមានស្ថាប័នរដ្ឋ និងឯកជន ចាប់យកបច្ចេកវិទ្យាក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វង្សី វិស្សុត ក៏បានឱ្យស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ប្រជាពលរដ្ឋនិងដៃគូអភិវឌ្ឍចូលរួមអភិវឌ្ឍទេសចរណ៍ឱ្យបានសកម្ម និងកាន់តែខ្លាំងក្លាថែមទៀត និង ត្រៀមខ្លួនចាប់យកកាលានុវត្តភាពនៃឧស្សាហកម្មជំនាន់ទី៤ សម្រាប់ធុរកិច្ចក្នុងវិស័យទេសចរណ៍៕
![CNM03503](https://cdn.cambonomist.com/media/images/CNM03503.original.jpg)
![ss4](https://cdn.cambonomist.com/media/images/ss4.2e16d0ba.fill-960x540.jpg)
![ss](https://cdn.cambonomist.com/media/images/ss.original.jpg)