ផ្សារទំនើប

ផ្សារទំនើប សុវណ្ណា នឹងត្រូវផ្អាកដំណើរការ​បណ្ដោះ​អាសន្ន​​ឆាប់ៗនេះ ដើម្បីកែលម្អ!


ផ្សារទំនើបសុវណ្ណា អាចរាប់ចាត់ទុកថា ជាផ្សារទំនើបមួយដំបូងគេនៅកម្ពុជា ដែលបានបង្កើតឡើងប្រមាណ ១០ ឆ្នាំមកហើយ ហើយវាក៏ធ្លាប់ជាផ្សារទំនើបមួយ ដែលមានកម្ពស់ខ្ពស់​ជាងគេ នៅរាជធានីភ្នំពេញ ដែលមានកម្ពស់៥ជាន់។ ទោះយ៉ាងណា បើតាមដំណឹង ដែលសារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស ទើបទទួលបាននាពេលថ្មីៗនេះ ឲ្យដឹងថា ផ្សារទំនើប​ចាស់វស្សា​មួយនេះ នឹងត្រូវផ្អាកដំណើរការ​ជា​​បណ្ដោះអាសន្ន​នៅប៉ុន្មាន​ខែខាងមុខនេះហើយ ។ បើតាម​ការបញ្ជាក់​ពីអ្នកគ្រប់គ្រង​ផ្សារនេះ ការផ្អាកដំណើរការនេះ គឺដើម្បី "កែលម្អឡើងវិញ"។
ផ្សារទំនើប សុវណ្ណា នឹងត្រូវបិទទ្វារឆាប់ៗនេះ? (រូបភាព៖ ហ្វេសប៊ុក​ផ្សារទំនើប​សុវណ្ណា)

ផ្សារទំនើប សុវណ្ណា គឺជាផ្សារទំនើប​វ័យចំណាស់​មួយ ក្នុងចំណោម​ផ្សារទំនើប​ចាស់ៗមួយចំនួន​ដែលកំពុង​បន្ដ​ប្រតិបត្តិការ​ទាំង​ត្រដាប​ត្រដួស​នៅរាជធានី​ភ្នំពេញ ដោយសារតែ​មានការប្រកួតប្រជែង​ទីផ្សារ​ពីសំណាក់​ផ្សារទំនើប​អន្តរជាតិ​ខ្នាតយក្ស​ៗ ដូចជា​AEON ជាដើម​បានចូល​មក និងពង្រីកសាខា​ជាបន្ដបន្ទាប់។

ផ្សារទំនើប​សុវណ្ណា គឺជាវិនិយោគ​របស់​ក្រុមហ៊ុនវិនិយោគទុន​អាណិកជន​​កម្ពុជា  (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ក្រៅពីផ្សារទំនើបសុវណ្ណា ក្រុមហ៊ុននេះ ក៏បានវិនិយោគផ្សារទំនើបសូរិយា និងផ្សារទំនើប​រតនាផ្លាហ្សាផងដែរ ដែលផ្សារទំនើបទាំងនេះ សុទ្ធតែជាផ្សារទំនើប​ចាស់វស្សានៅកម្ពុជា។

ទោះយ៉ាងណា តាមការ​ឲ្យដឹងពី​ម្ចាស់ហាង ដែលលក់​ទំនិញ​នៅក្នុង​ផ្សារទំនើប​សុវណ្ណានេះ បាន​ប្រាប់​សារព័ត៌មាន​ខេមបូណូមីស ថា ពួកគាត់ត្រូវបាន​អ្នកគ្រប់គ្រងផ្សារ​ប្រាប់​ឲ្យត្រៀមខ្លួន​ដើម្បីបិទហាង​ដោយក្រុមហ៊ុន​គ្រប់គ្រង​ផ្សារនេះ នឹង​យកអគារផ្សារនេះ ទៅអភិវឌ្ឍ តែពួកគាត់​មិនបានដឹងនោះទេថា យកទៅធ្វើអ្វី។ 

បើតាម​ប្រភពខ្លះ និយាយថា អគារ​ផ្សារទំនើប​សុណ្ណានេះ អាច​ត្រូវបានលក់ ឬជួល​ទៅឲ្យ​ក្រុមហ៊ុន​ចិន​ ដើម្បីយកទៅ​អភិវឌ្ឍធ្វើ​អាជីវកម្ម​ផ្សេងបន្ត។

តាម​អាជីវករ​​លក់ទំនិញ​សម្លៀកបំពាក់​ និងស្បែកជើង នៅក្នុងផ្សារទំនើប​សុវណ្ណា ដោយសុំមិន​បញ្ចេញឈ្មោះ បាន​អះអាង​ឲ្យ​សារព័ត៌មាន​ខេមបូណូមីសដឹងថា បច្ចុប្បន្ននេះ លោក​ត្រូវ​បង្ខំចិត្ត លក់ទំនិញ​របស់ខ្លួន​ឡៃឡុង​ថោកៗ ដោយសារតែ​អ្នកគ្រប់គ្រង​ផ្សារ​បាន​ប្រាប់ថា ផ្សារនេះ នឹងត្រូវបិទទ្វារ​នៅថ្ងៃទី ៣១ ខែសីហា ខាងមុខនេះហើយ។ តាមការបញ្ជាក់​ពី អាជីវករ​រូបនេះ មិនមែនតែ​ហាងលោកមួយទេ គ្រប់ហាង​និង​គ្រប់ជាន់នៃអគារ​ទាំងអស់​នឹងត្រូវបិទទ្វារដូចគ្នាដែរ។ 

ហាងខ្លះ​នៅក្នុង​ផ្សារទំនើប​សុវណ្ណា ត្រូវលក់ទំនិញ​ឡៃឡុង​ ប្រញាប់បិទហាង (រូបភាព៖ ហ្វេសប៊ុក)

ម្ចាស់ហាងមួយកន្លែងទៀត នៅក្នុង​ផ្សារទំនើប​សុវណ្ណានេះដែរ បានឲ្យដឹងថា ខាងគណៈគ្រប់គ្រង​ផ្សារ បានជូនដំណឹងរួចហើយ ថា​ក្រុមហ៊ុន​នឹង​សុំដកហូត​អគារផ្សារនេះយក​មកវិញ ដើម្បីអភិវឌ្ឍបន្ដ។ លោកបន្ដថា ថ្ងៃផុតកំណត់​នៃការ​រើហាងចេញ​ពីអគារ​ផ្សារទំនើប​សុវណ្ណានេះ គឺនៅថ្ងៃទី ៣១ សីហាខាងមុខ។ ជាមួយគ្នា ប្រសិនបើ​ហាងណាមួយ នៅមាន​សុពលភាព​កិច្ចសន្យាជួល​ ខាង​ក្រុមហ៊ុន​ផ្សារទំនើប​សុវណ្ណា ក៏ចេញថ្លៃ​ប៉ះប៉ូវ​សង​ផងដែរ។

ទោះយ៉ាងណា ម្ចាស់ហាង​រូបនេះ បញ្ជាក់ថា លោកត្រូវខាត​បង់ច្រើនពីការ​បិទហាង​នេះ ដោយសារតែ​ហាងរបស់លោក ទើបតែ​បើកបាន​មួយរយៈប៉ុណ្ណោះ ការរកផលចំណេញ​មកវិញ ក៏មិនទាន់​នឹង​រួចខ្លួន​នៅឡើយទេ ឥឡូវ​ផ្សារត្រូវបិទ​កណ្ដាលទី​យ៉ាងដូច្នេះ គឺពិបាកធ្វើចិត្តណាស់ ពោលគឺ ខាតតាំងពី​ពេលបើកហាង ខាតតាំងពីពេលបិទហាង​ទៀត។

លោកបាន​បន្ថែមទៀតថា លោកពិតជា​សោកស្ដាយ ប្រសិនបើ​ផ្សារ​មួយនេះ ពិតជាត្រូវ​ជួល​​ឲ្យវិនិយោគិន​ចិន​ដូចពាក្យ​គេនិយាយ​មែន ព្រោះ​ផ្សារទំនើប​សុវណ្ណា​មាន​ឈ្មោះ​មកជាយូរ​មកហើយ និងមានអនុស្សាវរីយ៍​ច្រើន​ ពិសេស​ជាមួយ​អ្នកភ្នំពេញុតែម្ដង។ លោកបន្ដថា ក្រុមហ៊ុន​គួរតែ​អភិវឌ្ឍ​ផ្សារនេះ ឲ្យមានលក្ខណៈទំនើប និងមានភាពប្រកួត​ប្រជែង​​ដោយខ្លួនឯង ជាជាង​ជួល ឬលក់​ឲ្យវិនិយោគិន​បរទេស​។ 

ទោះយ៉ាងណា លោកស្រី ជា សុខហៀក នាយិកា​ប្រតិបត្តិ​ផ្សារទំនើប​សុវណ្ណា​ បានបញ្ជាក់តាម ទូរស័ព្ទ ប្រាប់​ខេមបូណូមីសថា លោកស្រី​មិនទាន់ទទួលបាន​ព័ត៌មាន​ដែលថា ផ្សារសុវណ្ណានេះ ត្រូវបាន​លក់ ឬជួល​ទៅឲ្យ​ចិន​នៅឡើយទេ។

«ខ្ញុំមិនទាន់​ទទួលព័ត៌មាន​នេះទេ មិនដឹងថា គាត់ [អ្នកសារព័ត៌មាន​] ​បានព័ត៌មានពីណាមក! បច្ចុប្បន្ន​យើង​នៅតែបន្ដបើក​ធម្មតា ហើយយើងក៏មាន​ផែនការ​នឹងអភិវឌ្ឍផ្សារនេះ ឲ្យប្រសើរឡើង ដូចដែលពីមុន​យើង​ក៏បានអភិវឌ្ឍ​ផ្សារទំនើប​សូរិយាកន្លងមកដែរ។» នេះជាប្រសាសន៍ របស់​លោកស្រី ជា សុខហៀក។ 

លោកស្រី បន្ថែមទៀតថា ក្រោយពី​ការផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ ផ្សារទំនើប​សុវណ្ណា នឹងត្រូវ​អភិវឌ្ឍឡើង​ឲ្យមានភាព​ប្រសើរឡើង​ និងអាច​បើកដំណើរការ​ឡើងវិញ នៅពេលបន្ទាប់ តែ​មិនបានបញ្ជាក់ថា​នឹងបើកពេលវេលា​​ជាក់លាក់​នោះទេ។ 

លោកស្រី ជា សុខហៀក បាន​បញ្ជាក់ចុងក្រោយនេះថា «ការផ្អាកដំណើរការ​ផ្សារទំនើប​សុវណ្ណានេះ គឺជា​ការអភិវឌ្ឍសេដ្ឋកិច្ច និងអភិវឌ្ឍ​ដល់​សោភណភាព​ទីក្រុង»។ 

ផ្សារទំនើប​សុវណ្ណា មាន​កម្ពស់​​៥ ជាន់​​មាន​ទំហំ​សរុប​ប្រហែល ១១,១៨៤  ម៉ែត្រការ៉េ លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ៥០,០០០ ម៉ែត្រ ការ៉េ ហើយ​មាន​ចំណត​ចំនួន ៤០០ កន្លែង ។ ផ្សារ​ទំនើប សុ​វណ្ណា បើក​នៅក្នុង​ឆ្នាំ ២០០៨ ដែល​វា មាន​ទំហំធំជាង​ផ្សារ​ទំ​នើ​ប​សូរិយា​ចំ​នួន ២០ ភាគ​រយ។

គួរបញ្ជាក់ថា ផ្សារ​ទំនើប​ចាស់​វស្សា​ជាង​គេ​បំផុត​មួយ​នៅ​កម្ពុជា គឺ​ផ្សារ​ទំនើប​សូរិយា ដែលស្ថិត​ក្រោម​ការវិនិយោគ​របស់​ក្រុមហ៊ុន OCIC នេះដែរ កាលពីថ្មីៗ​កន្លងទៅ ​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង​៥​លាន​ដុល្លារ ជួសជុល​និង​បន្ថែម​រចនាបថ​ថ្មី​ទាំង​ផ្នែក​ខាង​ក្នុង និង​ក្រៅ​នៃ​អគារ​របស់​ខ្លួន​​មួយ​ចំនួន ព្រមទាំងបាន​ប្ដូរឈ្មោះថ្មីទៅជា ផ្សារទំនើប​សូរិយា សេនធ័រ ភ័នធ៍។

អ្នក​ឧកញ៉ា ពុង ឃាវសែ ធ្លាប់បាន​បញ្ជាក់ថា ការ​ចូល​មក​ដល់​នៃវត្តមាន​របស់​​ផ្សារ​ទំនើប​បរទេស​ធំៗ ដែល​បាន​និង​កំពុង​ពង្រីក​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា ក៏​បាន​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​ក្នុង​ស្រុក​មួយ​ចំនួន ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​ចំណែក​ទីផ្សារ​ផង​ដែរ។ 

ផ្សារទំនើប​សុវណ្ណា (រូបភាព៖ ហ្វេសប៊ុក ផ្សារទំនើប​សុវណ្ណា)

លោក​បន្ត​ថា កន្លង​មក ដោយសារ​តែ​ក្រុមហ៊ុន​លោក ​មាន​គំនិត​អភិរក្ស​និយម​ខ្លាំង​ពេក បាន​ធ្វើ​ឲ្យ​គំនិត​នេះ​ហួស​សម័យ និង​បាន​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​សូរិយា​ បាន​បាត់បង់​អតិថិជន​របស់​ខ្លួន​មួយ​ចំនួន។ ដូច្នេះ​ហើយ​ទើប ក្រុមហ៊ុន​ផ្សារ​ទំនើប​សូរិយា សម្រេច​ចិត្ត​បោះទុន​វិនិយោគ​បន្ថែម និង​បាន​អញ្ជើញ​អ្នក​ឯកទេស​ខាង​រចនា​ជាច្រើន ដើម្បី​សាងសង់​រចនាបថ​ថ្មី តម្រូវតាម​សេចក្ដី​ត្រូវការ​របស់​អតិថិជន​បច្ចុប្បន្ន និង​អនាគត។

គួរបញ្ជាក់ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ការវិនិយោគ​ផ្សារទំនើប​ខ្នាតយក្ស​ៗ​ជាច្រើន​ត្រូវបាន​សម្រុក​បន្ដសាងសង់​ជាបន្ដបន្ទាប់ តួយ៉ាង​ផ្សារទំនើបជប៉ុន AEON Mall បាន​ពង្រីកសាខា​របស់ខ្លួន​២​សាខា​ហើយ និងគ្រោង​ពង្រីក​សាខា​ទី៣ នៅឆ្នាំបន្ទាប់់នេះ។ ក្រៅពីនេះ គេសង្កេតឃើញថា ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​ក៏បាន​ត្រៀម​បញ្ចេញ​ទុន​រាប់​រយលាន​ដុល្លារឯណោះ ក្នុងការ​វិនិយោគ​ផ្សារទំនើប​នេះដែរ។ ជាក់ស្ដែង ថ្លែង​ក្នុង​ពិធីសម្ពោធ​ផ្សារទំនើបជីប ម៉ុង សាខា​ ទី ៦ របស់ខ្លួន​នាពេល​ថ្មីៗនេះ ក្រុមហ៊ុន​ជីប ម៉ុង បញ្ជាក់ថា ខ្លួនមាន​មហិច្ឆតា គ្រោងសាងសង់ផ្សារទំនើបឲ្យបានដល់ទៅ ៣៣០កន្លែង​នៅទូទាំង​ប្រទេស នាពេលអនាគត៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ត្រូវការខ្ចីបុល ៣០ ពាន់លានដុល្លារទៀត ដើម្បីដោះស្រាយសម្ពាធទូទាត់សងបំណុល ដែលកំពុងកើនឡើង

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់វៀតណាម បានអះអាងថា ទំហំបំណុលសាធារណៈវៀតណាមនាពេលនេះ មានកម្រិតមួយខ្ពស់ណាស់ ខណៈដែលសម្ពាធទូទាត់សងក៏កើនឡើងខ្លាំងដែរ។ ដើម្បី…

ពិសេស​ណាស់! ឈ្នះ iPhone XS Max ដោយ​គ្រាន់​តែ​ចូលរួម​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ!

ព័ត៌មាន
ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ ដែល​នាំ​មក​ជូន​លោក​អ្នក​ដោយ បុរី ប៉េង ហួត នឹង​ប្រារព្ធ​ឡើង​ក្នុង​គម្រោង​បុរី ប៉េង ហួត ដឹស្តាផ្លាទីនីម (បឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ