អ៊ុយក្រែនដាក់ពាក្យស្នើសុំឲ្យសហភាពអឺរ៉ុបបញ្ចូលខ្លួនជាសមាជិកឲ្យបានឆាប់

អ៊ុយក្រែនដាក់ពាក្យស្នើសុំឲ្យសហភាពអឺរ៉ុបបញ្ចូលខ្លួនជាសមាជិកឲ្យបានឆាប់បំផុត ខណៈការចរចាជាមួយរុស្ស៊ីលើកទី១គ្មានលទ្ធផលផ្លែផ្កានោះទេ


ជំនួបចរចារុស្ស៊ីអ៊ុយក្រែនបញ្ចប់តែមិនទាន់មានការសម្រេច !!! ក្រោយជំនួបចរចាគ្នារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបិទបញ្ចប់ទៅកាលពីយប់ថ្ងៃចន្ទទី២៨កុម្ភៈម្សិលមិញនេះ គឺពុំទាន់មានលទ្ធផលណាមួយត្រូវបានគេប្រកាសជាផ្លូវការនោះទេ ខណៈភាគីប្រទេសអ៊ុយក្រែន និងរុស្ស៊ីមានការទាមទាររៀងៗខ្លួនតាំងតែពីមុនពេលជំនួបចរចាបានចាប់ផ្តើមនៅក្បែរព្រំដែនអ៊ុយក្រែន និងបេឡារុស្សមកម្ល៉េះ។
ច្បាប់ថ្មីអឺរ៉ុបផ្ដោតឲ្យក្រុមហ៊ុនគោរពសិទ្ធិមនុស្ស ការពារបរិស្ថានកាន់តែខ្លាំង

ដោយមិនរំពឹងលើតែការចរចាមួយមុខទេ ប្រមុខដឹកនាំអ៊ុយក្រែន បន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកការគាំទ្រពីគ្រប់សម្ព័ន្ធមិត្តរបស់ខ្លួន ដោយនៅយប់ថ្ងៃចន្ទដដែល លោក វ៉ូលូឌីមៀរ ហ្សេឡេនស្គី បានចុះហត្ថលេខាលើលិខិតស្នើសុំចូលជាសមាជិករបស់សហភាពអឺរ៉ុប ក្រោយពេលដែលប្រធានគណៈកម្មការអឺរ៉ុប ហាក់បង្ហាញពីសញ្ញាភ្លើងខៀវសម្រាប់អ៊ុយក្រែន ក្នុងការចូលជាសមាជិក។

 

វាគឺជាលើកដំបូងហើយដែលរុស្ស៊ីនិងអ៊ុយក្រែន បានអង្គុយចុះទល់មុខគ្នាដើម្បីចរចា រកច្រកចេញ ក្រោយការបាញ់ប្រហារអស់រយៈពេលជិតមួយសប្តាហ៍មកនេះ។ ជំនួបចរចាដែលប្រើពេលអស់ជាង៤ម៉ោង និងចែកចេញជា៣ជុំ មិនទាន់ត្រូវបានគេរាយការណ៍ពីលទ្ធផល ឬការព្រមព្រៀងគ្នាណាមួយពីសំណាកភាគីទាំងពីរឡើយគិតត្រឹមថ្ងៃទី០១ខែមីនានេះ ក្រៅតែពីអ្វីដែលថ្នាក់ដឹកនាំទាំងពីរបានទាមទារទៅវិញទៅមកនៅពេលកិច្ចប្រជុំ។

យ៉ាងណាក៏ដោយ ទាំងប្រតិភូ រុស្ស៊ី និង អ៊ុយក្រែនបាននាំយកអ្វីដែលបានពិភាក្សា និងសំណើទាំងអស់ទៅជួបថ្នាក់ដឹកនាំរបស់ខ្លួនរៀងៗខ្លួនសិន ដើម្បីប្រឹក្សាយោបល់ផ្ទៃក្នុង មុននឹងត្រូវសម្រេចចិត្តថា ឆ្លើយតបបែបណា។ បើតាមប្រភពដែលស្និទ្ធនឹងកិច្ចប្រជុំ ទាំងពីរភាគី សុទ្ធតែបានកត់ត្រាទុកក្នុងបញ្ជី នូវសំណើរវាងគ្នាទៅវិញទៅមករួចរាល់អស់ហើយ រង់ចាំតែថ្នាក់ដឹកនាំកំពូលៗទាំងពីរសម្រេចប៉ុណ្ណោះ។

ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅព្រឹកថ្ងៃទី០១មិនានេះ បានបង្ហើបថា ទីក្រុងកៀវ នឹងធ្វើការសម្រេចចិត្តថា តើត្រូវចូលរួមក្នុងកិច្ចចរចាជុំទី២ជាមួយរុស្ស៊ីដែរឬទេ បន្ទាប់ពីលោកបានធ្វើការវិភាគលើលទ្ធផលនៃកិច្ចចរចាជុំទី១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី។

ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោកដូចរាល់ដង លោកហ្សេឡិនស្គី បានបញ្ជាក់បន្ថែមថា៖ «មកទល់នឹងពេលនេះ អ៊ុយក្រែនមិនទាន់មានលទ្ធផលណាដែល អាចឲ្យយើងសម្រេចចិត្តបាននៅឡើយទេ»។

យ៉ាងណាមិញ បើតាមប្រភពព័ត៌មានរបស់រុស្ស៊ី RT ឲ្យដឹងថា ជំនួបចរចាជុំទី២រវាងរុស្ស៊ីអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅក្នុងពេល២ថ្ងៃទៀត។ ខណៈដែលកិច្ចប្រជុំលើកក្រោយនឹងក្លាយជា ការសន្ទនាជាក់ស្តែង និងច្បាស់លាស់ជាងមុន លើចំណុចដែលអាចនឹងឈានទៅសម្រេចបានជាផ្លែផ្កាតែម្តង។

គួរជម្រាបថា នៅមុនប្រតិភូនៃប្រទេសទាំងពីរផ្តើមបើកការចរចាកាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន បានបង្ហើបថា អ៊ុយក្រែនចង់បានបទឈប់បាញ់មួយ និងចង់ឲ្យរុស្ស៊ីដកទ័ពទាំងអស់ចេញពីអ៊ុយក្រែន រួមទាំងតំបន់ដុនបាស់ និងឲ្យរុស្ស៊ីដកទ័ពចេញពីតំបន់គ្រីមេ ជាដែនដីដែលរុស្ស៊ី បានកាត់យកកាលពីឆ្នាំ២០១៤ផងដែរ។

ដោយឡែក ភាគីរុស្ស៊ីឯណោះវិញ បានបដិសេធការបង្ហើបប្រាប់ពីការចង់បានរបស់ខ្លួននៅក្នុងកិច្ចប្រជុំ ប៉ុន្តែប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃចន្ទទី២៨កុម្ភៈ បានប្រាប់លោកប្រធានាធិបតីបារាំងលោកម៉ាក្រុងថា ដំណោះស្រាយជាមួយអ៊ុយក្រែន គឺអាចធ្វើទៅបានលុះត្រាតែផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី ត្រូវបានគេយកមកដោះស្រាយដោយគ្មានលក្ខខណ្ឌ។ ក្នុងនោះរួមមាន ការទទួលស្គាល់អធិបតេយ្យភាពរុស្ស៊ីលើគ្រីមៀ ការរំសាយអាវុធរបស់រដ្ឋអ៊ុយក្រែន និងធានាស្ថានភាពអព្យាក្រិត្យលើបញ្ហាអ៊ុយក្រែន។

សូមជម្រាបថា តាំងតែពីមុនផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន វិមានក្រឹមឡាំងតែងទទូចហើយទទូចទៀត ឲ្យលោកខាងលិចគិតគូរពីបញ្ហាសន្តិសុខរបស់ខ្លួន ដោយធ្វើយ៉ាងណា ធានាថា អ៊ុយក្រែនឹងមិនចូលជាសមាជិកអង្គការណាតូ ហើយការទាមទារឲ្យដកទ័ពណាតូចេញពីដែនដីអតីតសហភាពសូវៀត ប៉ុន្តែមិនត្រូវបានបស្ចិមលោកយកចិត្តទុកដាក់ឡើយ។ 

យ៉ាងណាក៏ដោយ អ៊ុយក្រែន ដែលមានមេដឹកនាំក្លាហាន និងទឹកចិត្តប្រជាជនស្ម័គ្រស្មោះ មិនបានចុះញមនឹងរុស្ស៊ីរង់ចាំតែការចរចាគ្នានោះទេ។ ប្រធានាធិបតីហ្សេឡេនស្គី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីស្វែងរកការគាំទ្រ បានចុះហត្ថលេខានៅយប់ថ្ងៃចន្ទ ស្នើសុំចូលរួមជាសមាជិករបស់សហភាពអឺរ៉ុប។

ភ្លាមៗនៅថ្ងៃអង្គារនេះ ប្រទេសនៅតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតសរុបចំនួន៨ប្រទេស បានអំពាវនាវឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុបផ្តល់សិទ្ធិឱ្យអ៊ុយក្រែនចូលជាសមាជិកអឺរ៉ុបជាបន្ទាន់។ ប្រទេសអឺរ៉ុបទាំង៨ដែលគាំទ្រសមាជិកភាពរបស់អ៊ុយក្រែននោះរួមមាន ប៊ុលហ្គារី សាធារណរដ្ឋឆេក អេស្តូនី ឡាតវី លីទុយអានី ប៉ូឡូញ ស្លូវ៉ាគី និងស្លូវេនី។

គួរកត់សម្គាល់ថា ការស្នើឡើងពីប្រទេសអឺរ៉ុបទាំង៨ខាងលើបានធ្វើឡើងនៅក្រោយពេលដែល រដ្ឋសមាជិកទាំង ២៧របស់សហភាពអឺរ៉ុបហាក់មានការខ្វែងគំនិតគ្នាច្រើនជុំវិញរឿងពង្រីកសមាជិកថ្មី។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិយាយថា ជាដំបូងអ៊ុយក្រែនត្រូវដាក់ពាក្យស្នើសុំផ្លូវការជាមុនសិន ហើយបន្ទាប់មកទៀតត្រូវទទួលបានការយល់ព្រមពីរដ្ឋជាសមាជិកប្លុកទាំងអស់ មុននឹងឈានដល់ទៅការសម្រេចថា ទទួល ឬមិនទទួលសមាជិកភាពថ្មីរបស់អ៊ុយក្រែននេះ។

គួរបញ្ជាក់ថា ប្រទេសដែលចង់ចូលជាសមាជិកសហភាពអឺរ៉ុប ជាធម្មតាតែងត្រូវឆ្លងកាត់ដំណើរការដ៏វែងឆ្ងាយ និងស្មុគស្មាញដោយត្រូវបានទាមទារឲ្យធ្វើកំណង់ទម្រង់សំខាន់ៗដើម្បីត្រូវតាមស្តង់ដាររបស់គេ។

គិតមកទល់ពេលនេះ ការវាយប្រហារពីរុស្ស៊ីមកលើ អ៊ុយក្រែននៅតែបន្តដដែលទេ ខណៈដែលពលរដ្ឋអ៊ុយក្រែនបន្តបង្ខំចិត្តភៀសខ្លួនទៅប្រទេសក្បែរខាងដើម្បីសុវត្ថិភាព កាន់តែច្រើនឡើងៗ។ ស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិឲ្យដឹងថា ជនភៀសខ្លួនជាង ៥០ម៉ឺននាក់ បានភៀសខ្លួនពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ក្នុងនោះមានជាង ១៥ម៉ឺននាក់បានភៀសខ្លួនទៅប្រទេសប៉ូឡូញ។

ដោយឡែក រូបភាពផ្កាយរណបដែលគេថតបាន សកម្មភាពរបស់កងទ័ពរុស្ស៊ីកំពុងចល័ត នៅចំងាយតែប្រមាណ៦០គីឡូម៉ែតប៉ុណ្ណោះពីរដ្ឋធានីកៀវ។ ការផ្លោងគ្រាប់រ៉ុកកែតចូលមកក្នុងទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន នៅតែកើតមានកាលពីយប់ថ្ងៃចន្ទឈានចូលព្រឹកថ្ងៃអង្គារ ខណៈសេរ៉ែនប្រកាសអាសន្នបានលាន់លឺជាថ្មី នៅយប់ថ្ងៃចន្ទក្នុងរដ្ឋធានីកៀវ មិនដល់មួយថ្ងៃផង បន្ទាប់ពីអាជ្ញាធរប្រកាសដកចេញនូវបម្រាមគោចរ និងអនុញ្ញាឲ្យហាងទំនិញបើកដំណើរការឡើងវិញ។

តាមការប្រកាសរបស់លោក ហ្សេឡេនស្គី នៅយប់ថ្ងៃទី ២៨ ខែកុម្ភៈបានឲ្យដឹងថា ទាហានរុស្ស៊ីប្រហែល ៤៥០០នាក់ហើយត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនេះ ហើយលោកក៏បានប្រាប់ឲ្យទាហានរុស្ស៊ីទម្លាក់អាវុធចុះ និងចាកចេញពីអ៊ុយក្រែនផងដែរ។ ប៉ុន្ដែ លោកហ្សេឡិនស្គី មិនបានលើកឡើងពីចំនួនទាហានអ៊ុយក្រែនដែលត្រូវបានស្លាប់នោះទេ។

ទោះយ៉ាងណា បើតាមការអះអាងរបស់រដ្ឋក្រសួងសុខាភិបាលអ៊ុយក្រែន ដែលបាននិយាយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា មានជនស៊ីវិល ៣៥២ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះ ក៏មានក្មេង១៤នាក់ផងដែរ និងមានមនុស្សជិត១ពាន់៧រយនាក់ទៀតបានរងរបួស នៅក្នុងសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ីនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបគ្រោងនឹងបើកកិច្ចប្រជុំកំពូលជាមួយប្រទេសចិននៅដើមខែមេសា ដើម្បីដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ

ព័ត៌មាន
សហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំកំពូលជាមួយប្រទេសចិននៅថ្ងៃទី ០១ ខែមេសា ក្នុងគោលដៅ ដើម្បីដោះស្រាយភាពតានតឹងដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។…

ក្រុមហ៊ុនអឺបេនលែន (Urbanland) បន្តចាប់ដៃគូជាមួយធនាគារដើម្បីផ្តល់ប្រាក់កម្ចីទិញផ្ទះ ដែលមានតម្លៃដល់ទៅ 100% និងអត្រាការប្រាក់កាន់តែប្រសើររហូតដល់ 4.39%

ព័ត៌មាន
ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជាប់ជ័យលាភីក្នុងស្រុក និងជាសមាជិកមួយនៃ សម្ព័ន្ធក្រុមហ៊ុន ISI GROUP …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ