បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ិនជាំង

មុនកីឡាអូឡាំពិកនៅប៉េកាំងចាប់ផ្ដើម អាមេរិកអំពាវនាវឲ្យUN បញ្ចេញរបាយការណ៍សិទ្ធិមនុស្សនៅស៊ីនជាំង


សមាជិកព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារទី១៨មករា បានស្នើសុំគណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ឲ្យបញ្ចេញរបាយការណ៍ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងប្រទេសចិន ឲ្យបានមុនការចាប់ផ្តើមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងក្នុងខែកុម្ភៈឆ្នាំនេះ។
បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ិនជាំង

កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា ដែល​អា​មេ​រិ​កបាន​ធ្វើ​ពហិកា​ការទូត​មិន​ចូលរួម ក្រោម​ហេតុផល​ថា ចិន​នៅ​តែ​បន្ត​រំលោភសិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​ស៊ិ​ន​ជាំ​ង ដែល​ប្រជាជន​ភាគច្រើន​ជា​ជនជាតិភាគតិច​ម៉ូ​ស្លី​ម អ៊ុយ​ហ្គ័​រ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក ចេ​ហ្វ មើ​ក​ឃ្លេ​(Jeff Merkley) និង​លោក​ចេ​ម៍ ម៉េ​ក​ហ្គូ​វឺ​ន​(James McGovern) ដែល​ម្នាក់​ជា​ប្រធាន និង​ជា​សហ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​សភា​អា​មេ​រិ​ក​ទទួល​បន្ទុក​បញ្ហា​ប្រទេស​ចិន​បាន​សរសេរ​លិខិត​ដាក់​ទៅ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ទទូច​ឲ្យ​បញ្ចេញ​របាយការណ៍​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តំបន់​ស៊ិ​ន​ជាំ​ង​ប្រទេស​ចិន ឲ្យ​បាន​មុន​ថ្ងៃ​បើក​កម្មវិធី​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នា​ថ្ងៃ​ទី​០៤​ខែកុម្ភៈ​។

ក្នុង​លិខិត​នោះ សមាជិក​ព្រឹទ្ធសភា​ទាំង​ពីរ​រូប​របស់​អា​មេ​រិ​កបាន​សង្កត់ធ្ងន់​ថា ការ​ចេញផ្សាយ​របាយការណ៍​ឲ្យ​បាន​ឆាប់ អាច​ក្រើនរំលឹក​ថា គ្មាន​ប្រទេស​ណាមួយ​អាច​គេច​ផុត​ពី​ការ​តាមដាន​របស់​អន្តរជាតិ ចំពោះ​ការ​រំលោភសិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នោះ​ទេ​។ 

ជា​ការ​ឆ្លើយ​តប ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោកស្រី មី​ឆែ​ល បាច់​ឆ៍​លី​ត (Michelle Bachelet) បាន​បង្ហាញ​ការ​សោកស្តាយ​ព្រោះ ក្រុមការងារ​របស់​លោកស្រី​មិន​អាច​ចូល​ទៅ​កាន់​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​ចិន ដើម្បី​ស៊ើបអង្កេត​ការ​ចោទប្រកាន់​អំពី​ការ​រំលោភសិទ្ធិ ប្រឆាំង​នឹង​ជនជាតិ អ៊ុយ​ហ្គ័​រ និង​ក្រុម​ជនជាតិភាគតិច​មូ​ស្លី​ម​ផ្សេង​ទៀត បាន​ឡើយ​។

មែនទែន​ទៅ ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​រូប​នេះ ធ្លាប់​បាន​ប្រកាស​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០២១​ថា ខ្លួន​កំពុង​ព្យាយាម​បិទ​បញ្ចប់​របាយការណ៍​នេះ និង​រៀបចំ​ចេញផ្សាយ​ឲ្យ​បាន​ឆាប់​ៗ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត ដោយសារ​តែ​ភាគី​ចិន​មិន​បាន​ឆ្លើយ​តប​នឹង​សំណើសុំ​ចូល​ជួប​ពិភាក្សា​ពី​អ្នកជំនាញ​របស់ UN ឡើយ​។

សូ​ជម្រាប​ថា ទោះ​មិន​បាន​សហការ​ជាមួយ​អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់ UN ប៉ុន្តែ​ក្រុង​ប៉េ​កាំ​ង​តែង​ច្រានចោល​រហូត​មក ថា​ខ្លួន​មិន​ដែល​បាន​ធ្វើការ​រំលោភ និង​គាបសង្កត់​សិទ្ធិ​សេរីភាព​ប្រជាជន​នៅ​ក្នុង​តំបន់ ដូច​ការ​ចោទប្រកាន់​ឡើយ ហើយ​ជំរុំ​ដែល​ខ្លួន​បង្កើត​ឡើងជា​ច្រើន​កន្លែង​គ្រាន់​ជាទី​តាំង​សម្រាប់​បណ្តុះបណ្តាល​ជំនាញ​ដល់​ជនជាតិ​ម៉ូ​ស្លី​ម​ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាត្រៀមកញ្ចប់ថវិកា ១០ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្ត និងទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបយក្សៗរបស់ពិភពលោក

ព័ត៌មាន
ជាថ្មីម្ដងទៀត ប្រទេសឥណ្ឌាបើកទ្វារស្វាគមន៍ក្រុមហ៊ុនផលិតបន្ទះឈីបយក្សៗពីជុំវិញពិភពលោក ដោយក្នុងនោះ ឥណ្ឌាបានត្រៀមកញ្ចប់ថវិកាដែលតម្លៃទឹកប្រាក់ជាង…

អនុរដ្ឋមន្ត្រីការបរទេសចិន៖ ចិនមិនចាប់អារម្មណ៍ដណ្ដើមយកតំណែងមហាអំណាចសេដ្ឋកិច្ចលេខ១លើលោកពីអាមេរិកនោះឡើយ

ព័ត៌មាន
អនុរដ្ឋមន្ត្រីការបរទេសចិន បាននិយាយថា ប្រទេសចិនគួរតែយកចិត្តទុកដាក់អភិវឌ្ឍន៍ខ្លួនដើម្បីនាំមុខសហរដ្ឋអាមេរិក ទាក់ទងនឹងការកែលម្អគុណភាពជីវភា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ