ការនាំចេញស្វាយស្រស់ VS ការនាំចេញដំណាប់ស្វាយ

ការនាំចេញស្វាយស្រស់ធ្លាក់ចុះជាង២០% ខណៈការនាំចេញដំណាប់ស្វាយកើនឡើង៤៣% នៅឆមាសទី១ឆ្នាំនេះ


អ្នកជំនាញផ្នែកកសិកម្ម និងជាអ្នកជំនួញក្នុងការនាំចេញស្វាយស្រស់ បានអះអាងថា ស្ថានភាពទីផ្សារនាំចេញស្វាយស្រស់កម្ពុជានៅឆមាសទី១ឆ្នាំនេះ ហាក់មិនសូវមានភាពល្អប្រសើរប៉ុន្មាននោះទេ ដោយសារតែបញ្ហាការប្រែប្រួលអាកាសធាតុ ធ្វើឱ្យទិន្នផលស្វាយស្រស់ដែលត្រូវតាមស្តង់ដារនាំចេញមានបរិមាណតិច ក៏ប៉ុន្ដែ ក្នុងពេលជាមួយគ្នានេះ សម្រាប់ការនាំចេញដំណាប់ស្វាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិវិញ ហាក់មានសម្ទុះកើនឡើងខ្លាំងគួរឱ្យកាត់សម្កាល់។
ការនាំចេញស្វាយស្រស់ធ្លាក់ចុះជាង២០% ខណៈការនាំចេញដំណាប់ស្វាយកើនឡើង៤៣% នៅឆមាសទី១ឆ្នាំនេះ
ដោយ

ជាក់ស្តែង តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញ​ស្វាយ​ស្រស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅឆមាសទី១ឆ្នាំ២០២៣នេះ សម្រេចបានជាង ៩ម៉ឺនតោន ធ្លាក់ចុះជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ខណៈការនាំចេញដំណាប់ស្វាយ​វិញសម្រេចបានចំនួន ១ម៉ឺន៦ពាន់តោន កើនឡើង៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាល​ពីឆ្នាំ២០២២។

ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា បានគូសបញ្ជាក់ថា ការនាំចេញស្វាយស្រស់​កម្ពុជាទៅទីផ្សារអន្តរជាតិសម្រេចបានជាង ៩ម៉ឺនតោន ធ្លាក់ចុះជាង ២០% នៅឆមាសទី១ឆ្នាំនេះ គឺដោយសារទិន្នផលផ្លែស្វាយស្រស់ ដែលត្រូវស្តង់ដារសម្រាប់នាំចេញមិនសូវសម្បូរច្រើន។ ទិន្នផលស្វាយត្រូវតាមស្តង់ដារមិនសូវសម្បូរ ក៏ដោយសារតែអ្នកដាំដុះស្វាយភាគច្រើនបានផ្អាកការដាំដុះ និងមិនបានមើលថែទាំចម្ការស្វាយឱ្យបានដិតដល់ ក្រោយពីពួកគាត់ខាតបង់ច្រើនកាលពីឆ្នាំមុនៗ ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ និងការកើនខ្ពស់នៃធាតុចូលកសិកម្ម ដូចជាជី និងថ្នាំ​កសិកម្មជាដើម គួបផ្សំតម្លៃស្វាយស្រស់នៅលើទីផ្សារមិនទាន់អាចកើនខ្ពស់​ប្រសើរឡើង​មកវិញបានផងដែរ។

ទោះយ៉ាងណា ឧកញ៉ា ហ៊ុន ឡាក់ អះអាងថា ស្របពេលស្វាយស្រស់មិនត្រូវស្តង់ដារនាំចេញ​នៅសល់ច្រើន ធ្វើឱ្យការកែច្នៃស្វាយទាំងនោះ ទៅជាដំណាប់ស្វាយក៏មានការកើនឡើងច្រើនផងដែរ ដែលបានធ្វើឱ្យការនាំចេញដំណាប់ស្វាយនៅឆមាសទី១ឆ្នាំនេះ មានសម្ទុះកើនឡើងខ្លាំងដល់ទៅ ៤៣% ធៀបនឹងឆ្នាំមុន។ គួបផ្សំតម្លៃដំណាប់ស្វាយនៅលើទីផ្សារបច្ចុប្បន្ន ក៏មានតម្លៃល្អ ពិសេសគឺនៅទីផ្សារ​ប្រទេសចិនតែម្តង បានធ្វើឱ្យអ្នកនាំចេញស្វាយស្រស់មួយចំនួនបាន ងាកមកជំរុញការនាំចេញ​ដំណាប់ស្វាយច្រើន​ជាងវិញផងដែរ។

យ៉ាងណាក៏ដោយចុះ លោកឧកញ៉ា ហ៊ុន ឡាក់ រំពឹងថា តម្លៃនិងទីផ្សារនាំចេញស្វាយស្រស់កម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ខាងមុខនេះ ដោយសារតែផលិតកម្មមានការថយចុះ ដូចនេះវាអាចនឹងនាំឱ្យមានតម្រូវការខ្ពស់ឡើងវិញ ដែលធ្វើឲ្យកសិករនាំគ្នាពង្រឹងគុណភាពដាំដុះ ការថែទាំ ដើម្បីបំពេញតម្រូវការនាំចេញ។

បើតាមការបញ្ជាក់របស់ឧកញ៉ា ហ៊ុន ឡាក់ ទីផ្សារនាំចេញស្វាយស្រស់របស់កម្ពុជាភាគច្រើន គឺនាំចេញទៅកាន់ប្រទេសចិន និងមួយចំនួននាំចេញទៅប្រទេសថៃ ខណៈដំណាប់ស្វាយវិញ ភាគច្រើននាំចេញទៅទីផ្សារប្រទេសចិន និងទីផ្សារមួយចំនួនទៀត ដូចជាប្រទេសថៃ រុស្សី ហ្វីលីពីន ហុងកុង សិង្ហបុរី និងជប៉ុនជាដើម។ ដោយឡែក សម្រាប់តម្លៃស្វាយស្រស់នាំចេញបច្ចុប្បន្នវិញ អាចលក់ចេញបានក្នុងតម្លៃ ១,៤០០ ដុល្លារក្នុងមួយតោន ខណៈដំណាប់ស្វាយវិញអាចលក់ចេញបានក្នុងតម្លៃ ៤,៣០០ ដុល្លារក្នុងមួយតោន។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ២ពាន់៤រយលានដុល្លារពីការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណសរុបមានជិត ៤លានតោន ថយចុះជាង ២២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកថា វៀតណាមជាដៃគូដ៏សំខាន់សម្រាប់អាមេរិកទាំងក្នុងវិស័យថាមពលបៃតង និងខ្សែចង្វាក់ផ្គត់ផ្គង់

ព័ត៌មាន
ហាណូយប្រទេសវៀតណាម កាលពីថ្ងៃទី២០ខែកក្កដា ដោយក្នុងដំណើរទស្សនកិច្ចនោះលោកស្រីបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមើលឃើញវៀតណាមជាដៃគូដ៏សំខាន់សម្រា…

យោធាអាមេរិកនឹងយកប្រទេសកោះប៉ាស៊ីហ្វិក ប៉ាពូអាស៊ីនូវែលហ្គីណេ ប្រើប្រាស់ ជាមូលដ្ឋានទ័ព ១៥ឆ្នាំ

ព័ត៌មាន
តាមរយៈសេចក្ដីរាយការណ៍ពីសារព័ត៌មាន Nikkei បានឲ្យដឹងថា យោធាអាមេរិកនឹងទទួលបានសិទ្ធិចូលទៅកាន់ទីតាំងចំនួន៦កន្លែង នៅក្នុងប្រទេសដីកោះនៃតំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ