ការលើកលែងថ្លៃទិដ្ឋការលើភ្ញៀវទេសចរអន្តរជាតិ

អ្នកជំនាញថា កម្ពុជាគួរតែមានការលើកលែងថ្លៃទិដ្ឋការលើភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្កើនភាពប្រកួតប្រជែង


អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ឃើញថា កម្ពុជាគួរតែមានការដាក់ចេញគោលនយោបាយលើកលែងការថ្លៃលើទិដ្ឋការសម្រាប់ភ្ញៀវទេសចរអន្តរជាតិគោលដៅមួយចំនួន ដើម្បីបង្កើនការប្រកួតប្រជែងជាមួយប្រទេសជិតខាង និងក្នុងតំបន់ ក៏ដូចជាស្រូបទាញភ្ញៀវទេសនៅតាមប្រទេសទាំងនោះឲ្យមកកម្សាន្តនៅកម្ពុជា។
កម្ពុជាគួរតែមានការលើកលែងថ្លៃទិដ្ឋការសម្រាប់ភ្ញៀវទេសចរអន្តរជាតិ
ដោយ

ការលើកឡើងបែបនេះរបស់អ្នកជំនាញ ធ្វើឡើងក្រោយប្រទេសមួយចំនួនក្នុងតំបន់ ជាពិសេសប្រទេសថៃក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ត្រៀមដាក់ចេញគោលនយោបាយផ្តល់ទិដ្ឋការឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរជនជាតិចិន និងឥណ្ឌា ដើម្បីស្រូបទាញភ្ញៀវទេសចរពីប្រទេសទាំងនេះ។ បច្ចុប្បន្នវិស័យទេសចរណ៍របស់កម្ពុជាត្រូវការភ្ញៀវទេសចរជាចាំបាច់ ដើម្បីស្តារអាជីវកម្មក្នុងវិស័យនេះ ដែលកំពុងប្រឈមនឹងបញ្ហាមួយចំនួន។ សម្រាប់អ្នកជំនាញវិស័យទេសចរណ៍កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែងជាប្រទេសនានា ប្រសិនបើខ្វះគោលនយោបាយលើកទឹកចិត្តដល់ភ្ញៀវទេសចរ និងរំពឹងទទួលកញ្ចប់ភ្ញៀវទេសចរតាមរយៈប្រទេសដទៃ។

ស្របពេលប្រទេសមួយចំនួនក្នុងតំបន់ ជាពិសេសថៃ បាន និងត្រៀមដាក់ចេញគោលនយោបាយផ្តល់ទិដ្ឋការដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរអន្តរជាតិជនជាតិចិននិងឥណ្ឌា ដែលជាទីផ្សារទេសចរណ៍ធំជាងគេទាំងពីរនៅលើពិភពលោក លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាយល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាគួរតែដាក់ចេញគោលនយោបាយស្រដៀងនឹងប្រទេសទាំងនោះ ដើម្បីបង្កើនភាពប្រកួតប្រជែង ក៏ដូចជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ ស្របពេលដែលប្រទេសនីមួយៗលើពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃការធ្លាក់ចុះសេដ្ឋកិច្ច រាល់ការធ្វើដំណើរកម្សាន្តភ្ញៀវទេសចរតែងតែមានការគិតគូ ថ្លឹងថ្លែង និងប្រៀបធៀបការចំណាយរវាងប្រទេសមួយទៅប្រទេសមួយទៀត មុននឹងសម្រេចចិត្តដើរកម្សាន្ត។ យ៉ាងណាមិញវិស័យទេសចរណ៍កម្ពុជាកំពុងត្រូវការភ្ញៀវទេសចរបរទេស ដើម្បីជួយស្រោចស្រង់ និងស្តារអាជីវកម្មក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិទាំងមូល ដែលកំពុងប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច។

ជាមួយគ្នានេះលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាចាត់ទុកគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺកត្តាដ៏សំខាន់មួយក្នុងការរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរ ក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាវិនិយោគិនឲ្យចូលមកប្រទេសកម្ពុជា។ ប៉ុន្តែប្រសិនបើរដ្ឋមានគោលនយោបាយល្អ តែប្រជាពលរដ្ឋ និងប្រតិបត្តិករខ្វះការយល់ដឹង និងឆន្ទៈក្នុងការអនុវត្ត គោលនយោបាយនោះក៏មិនអាចឈានទៅសម្រេកគោលដៅបានដែរ។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ លើកទឺកចិត្តឲ្យប្រតិបត្តិកររកស៊ីក្នុងវិស័យទេសចរណ៍ទាំងអស់ព្យាយាមបង្កើតទំនាក់ទំនង និងចេញទៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសដោយផ្ទាល់ ជាជាងរង់ចាំទទួលភ្ញៀវពីប្រទេសដទៃ។ សម្រាប់អ្នកជំនាញរូបនេះកម្ពុជានឹងបាត់បង់ភាពប្រកួត និងប្រាក់ចេញប្រសិនបើបន្តចាំត្រងភ្ញៀវទេសចរពីប្រទេសជិតខាងដូចជាថៃ និងវៀតណាមជាដើម។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាកត់សម្គាល់ឃើញថា បើទោះបីចំនួនភ្ញៀវទេសចរបរទេសចូលកម្ពុជាមានកំណើនឡើងវិញក្តី តែចំនួនភ្ញៀវទេសចរចូលមកកម្ពុជាជាលក្ខណៈកញ្ចប់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺដោយសារកម្ពុជាខ្វះការតភ្ជាប់ជើងហោះហើរជាបណ្តាប្រទេសផ្សេងៗ គួបផ្សំការផ្សព្វផ្សាយពីគោលសៅទេសចរណ៍របស់កម្ពុជានៅមានកម្រិត បើធៀបនឹងប្រទេសជិតខាង និងតំបន់។ តម្លៃសេវាកម្ម និងផលិតផលទេសចរណ៍ថ្លៃក៏ជាកត្តារួមចំណែកមួយផងដែរ។ យ៉ាងណាមិញនៅឆ្នាំ២០២៣ នេះ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ ដែលមានការកើនឡើង១២០% បើធៀបនឹងឆ្នាំ២០២២ ខណៈនៅ៧ខែកន្លងមកនេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់។

គួររំលឹកថា រាជរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក ស៊្រីថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថ្មីកាលពីពេលថ្មីៗបានប្រកាសពីការត្រៀមដាក់ចេញគោលនយោបាយផ្តល់ទិដ្ឋការដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរជនជាតិចិន និងឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសទាំងពីរនេះឲ្យមកកម្សាន្តនៅក្នុងប្រទេសថៃឲ្យកាន់តែច្រើន ជាពិសេសជំរុញដល់ការលក់ខុនដូ និងអចលនទ្រព្យផ្សេងៗ ដែលកំពុងមានការធ្លាក់ចុះ៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត៖ អាស៊ានត្រូវរកប្រភពថ្មីនៃកំណើន បើចង់ក្លាយជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក

ព័ត៌មាន
ស្ថានប័នមូលនិធិរូបិយវត្ថុអន្តជាតិ និងធនាគារពិភពលោកកត់សម្គាល់ឃើញថា ទោះបីសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះដោយសារការគំរាបកំហែងពីជំងឺកូវ…

ចិននឹងដាក់ចេញមូលនិធិរដ្ឋ ៤០ពាន់លានដុល្លារ ដើម្បីជំរុញបង្កើនឧស្សាហកម្មបន្ទះឈីប ប្រជែងនឹងអាមេរិក

ព័ត៌មាន
ប្រទេសចិនគ្រោងនឹងចាប់ផ្តើមដាក់ចេញនូវមូលនិធិវិនិយោគថ្មី ដែលគាំទ្រដោយរដ្ឋ ក្នុងគោលបំណងប្រមូលនិធិឲ្យបានដល់ ៤០ពាន់លានដុល្លារ សម្រាប់ជំរុញឧស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ