ក្រសួងកសិកម្មកំពុងចាត់វិធានការអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ?

ក្រសួងកសិកម្មកំពុងចាត់វិធានការអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ?


បន្ទាប់ពីក្រុមកសិករមានការរអ៊ូរទាំអំពីការធ្លាក់ចុះខ្លាំងនៃតម្លៃស្រូវផ្ការំដួល នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយបន្ទាយជ័យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ឲ្យមន្រ្តីកសិកម្ម ចុះពិភាក្សាបន្ទាន់ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីដោះស្រាយលើបញ្ហានេះ។ ក្រសួងកសិកម្មបានគូសបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតម្លៃស្រូវនៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ កកស្ទះនិងធ្លាក់ថ្លៃ ក៏ដោយសារតែ «ជារដូវប្រមូលផលស្រូវវស្សាដែលនាំឲ្យមានការកកស្ទះនៅតាមរោងម៉ាស៊ីនកិនស្រូវ»។
ក្រសួងកសិកម្មកំពុងចាត់វិធានការអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះ ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ?

យ៉ាងណាក៏ដោយ ក្រសួងកសិកម្ម បានបន្តថា ក្រោយពីបានពីបានជួបពិភាក្សា និងបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកចំនួនបានសម្រេចចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហានេះ ដោយសម្រេចទិញស្រូវប្រភេទផ្ការំដួល ប្រភេទលេខ១ ក្នុងតម្លៃ ១ ០៤០រៀល ក្នុងមួយគីឡូក្រាម។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវ។ ខណៈបញ្ហានេះមិនមែនជាបញ្ហាថ្មីសម្រាប់វិស័យកសិកម្មឡើយ ពិសេសបញ្ហាស្រូវធ្លាក់ចុះ តែងកើតមានស្ទើរតែរៀងរាល់ឆ្នាំឲ្យតែដល់រដូវប្រមូលផលស្រូវនៅកម្ពុជា។ សម្រាប់ឆ្នាំនេះ បើទោះបីជា ដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗ គ្នា ចាប់តាំងពីដើម ខែវិច្ឆិកាមក។

ដើម្បីដោះស្រាយបញ្ហាជូនកសិករ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានរោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងតែមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួល ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ដោយរោងម៉ាស៊ីន បានប្រមូលទិញស្រូវប្រភេទផ្ការំដួលពីកសិករក្នុងកំណត់តម្លៃ ១ ០៤០រៀល ក្នុង១គីឡូក្រាម សម្រាប់ប្រភេទស្រូវលេខ១។

ជុំវិញបញ្ហាធ្លាក់ចុះនៃតម្លៃស្រូវផ្ការំដួលនេះដែរ ត្រូវបានលោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋ ខេត្តបាត់ដំបង ទើបសម្រេចបានត្រឹមប្រមាណ ៣០% ប៉ុណ្ណោះ។ បើតាមលោក ឈឹម វជិរ៉ា មន្រ្តីកសិកម្ម ក៏ដូចជា បណ្ដារោងម៉ាស៊ីនកិនស្រូវ នៅក្នុងខេត្តបាននិងកំពុងតែមមាញឹក ក្នុងការចុះប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ដែលមានការកកស្ទះ ក្នុងតម្លៃសមរម្យមួយដែលអាចទទួលយកបាន។ យ៉ាងណាក៏ដោយ ប្រធានមន្ទីរកសិកម្មរូបនេះ បានអះអាងថា នេះមិនមែនជាបញ្ហាប្រឈមខ្លាំងរហូតដោះស្រាយមិនបាននោះទេ ហើយមន្រ្តីកសិកម្មនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ តាមដានលើបញ្ហានេះ ខណៈក្រសួងកសិកម្ម បានសហការជាមួយរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយពីតម្លៃដែលបានកំណត់ជូនប្រជាពលរដ្ឋ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធស្រូវ-អង្ករ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ដោយខាងសហព័ន្ធបានជំរុញឲ្យគ្រប់រោងម៉ាស៊ីន បន្តទិញស្រូវប្រជាកសិករ នៅក្នុងខេត្តដែលកំពុងរងផលប៉ះពាល់។ បើតាមលោក លន់ យ៉េង បច្ចុប្បន្ន សហព័ន្ធស្រូវ-អង្ករ កម្ពុជា បាននិងកំពុងសិក្សាបន្តពីមូលហេតុចម្បងដែលធ្វើឲ្យតម្លៃស្រូវមានការធ្លាក់ចុះ ដោយលោកបានអះអាងថា បញ្ហាធ្លាក់ចុះនៃថ្លៃស្រូវនេះ មានតែនៅ ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ តែប៉ុណ្ណោះ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម និងការប្រមូលទិញស្រូវរបស់បណ្ដារោងម៉ាស៊ីន លោក លន់ យ៉េង បាន គូសបញ្ជាក់ទៀតថា បញ្ហានេះនឹងមិនអូសបន្លាយរយៈពេលយូរនោះទេ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ពេលនេះ បញ្ហាថ្លៃស្រូវធ្លាក់ចុះ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ត្រូវបានដោះស្រាយ ដោយក្រុមការងារក្រសួងកសិកម្ម និងរោងម៉ាស៊ីន បានសហការគ្នាផ្ដល់ជូនតម្លៃមួយសមរម្យ ក្នុងការប្រមូលទិញស្រូវពីកសិករ។ បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម ម្ចាស់រោងម៉ាស៊ីនកិនស្រូវបានសន្យា ប្រមូលទិញស្រូវផ្ការំដួល របស់កសិករ ក្នុងតម្លៃ ១ ០៤០រៀល ក្នុង១គីឡូក្រាម សម្រាប់ស្រូវសើមដែលមានគុណភាពល្អ។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីកសិកម្មរូបនេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករដែលជួបបញ្ហាជាក់ស្តែង សូមទាក់ទងផ្ទាល់ទៅក្រុមការងាររបស់ក្រសួងកសិកម្ម ដើម្បីដោះស្រាយបញ្ហានេះជូន។ ទន្ទឹមគ្នានេះ ក្រសួងក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិតណាមួយ ដែលបង្កការព្រួយបារម្ភដល់ប្រជាកសិករ ដែលមិនទាន់ដល់ពេលប្រមូលផល ឲ្យប្រញាប់ច្រូតស្រូវទាំងមិនទាន់ទុំល្អ ដែលអាចធ្វើឲ្យស្រូវធ្លាក់ចុះគុណភាព និងធ្លាក់ចុះតម្លៃ ថែមទៀត។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រហូតមកដល់ពេល ការងារបង្កបង្កើនផលស្រូវវដូវវស្សាសម្រេចបានជាង ២លានហិកតា ដែលស្មើនឹង ១០៥% នៃផែនការប្រចាំឆ្នាំ២០២២។ ដោយឡែក ការប្រមូលផលស្រូវស្រាលសម្រេចបានជាង ៥៦ម៉ឺនហិកតា។ ដោយឡែក នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញស្រូវក្នុងបរិមាណជាង ២លានតោន ទៅកាន់ប្រទេសវៀតណាម ថយចុះជាង ៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ រីឯ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២ វិញមានប្រមាណ ៥១ម៉ឺនតោន មានការកើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕




អត្ថបទបន្ទាប់


សម្តេច ស ខេង បញ្ជាក់ហេតុផលអ្វីខ្លះ ជុំវិញការផ្លាស់ប្ដូរតំណែងអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ?

ព័ត៌មាន
បើគ្មានការប្រែប្រួលទេ ឯកឧត្តម ខូយ រីដា ភិបាលរងខេត្តបាត់ដំបង នឹងចូលកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវបានស្នើ…

យុទ្ធនាការ «បុគ្គលល្អឯក» របស់ ABC ត្រឡប់មកវិញដើម្បីអបអរ ដល់បុគ្គលល្អឯកកម្ពុជា ដែលកំណត់ភាពជោគជ័យដោយខ្លួនឯង

ព័ត៌មាន
កម្មវិធីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ ABC គឺកម្មវិធី «បុគ្គលល្អឯក» បានត្រឡប់មកវិញហើយ ជាមួយបុគ្គលល្អឯកចំនួន ១០រូប នៅកម្ពុជាមកពីវិស័យ៥ផ្សេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ