ការប្រមូលចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជា

តើ៥ខែដំបូងដើមឆ្នាំនេះ ការប្រមូលចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជាមានកំណើនកើនឡើងកម្រិតណា?


បើទោះបីជាស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ច្រើនជុំវិញវិបត្តិកូវីដ១៩ និងភាពតានតឹងនៃស្ថានភាពពិភពលោកក្តី ប៉ុន្តែការប្រមូលចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងផ្នែកពន្ធគយ និងពន្ធដារ នៅរយៈពេល៥ខែដំបូង ក្នុងឆ្នាំ២០២២ សម្រេចបានដល់ទៅជិត ៣ពាន់លានដុល្លារអាមេរិក។
តើ៥ខែដំបូងដើមឆ្នាំនេះ ការប្រមូលចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជាមានកំណើនកើនឡើងកម្រិតណា?

ក្នុងនោះ ចំណូលដែលប្រមូលបាន ដោយអគ្គនាយកដ្ឋានពន្ធដារមានចំនួនប្រមាណជាង ១ពាន់៧រយលានដុល្លារអាមេរិក កើនឡើងជិត ២៨% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯ អគ្គនាយកដ្ឋានគយនិងរដ្ឋាករវិញ ប្រមូលចំណូលបានប្រមាណជាង១ពាន់លានដុល្លារអាមេរិក កើនឡើងជាង៨% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

បច្ចុប្បន្ន ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា បាននិងកំពុងតែវិលទៅរកសភាពធម្មតា និងកាន់តែមានភាពវិជ្ជមានវិញ បន្ទាប់ពីកម្ពុជាបានបើកសេដ្ឋកិច្ច និងសង្គមឡើងវិញ។ ជាក់ស្ដែង នៅរយៈពេល ៥ខែដំបូង ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួនប្រមាណជាង ១ពាន់៧រយលានដុល្លារអាមេរិក ស្មើនឹងជាង៦១% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ឃើញថា កើនឡើងចំនួនប្រមាណជិត ៤រយលានដុល្លារ ស្មើនឹងជិត ២៨%។

បណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបង្ហាញពីកត្តាមួយចំនួនដែលធ្វើឲ្យការប្រមូលចំណូលពន្ធដារ មានការកើនឡើង គឺដោយសារតែចន្តរនៃសេដ្ឋកិច្ចក្នុងស្រុកមានកំណើន ជាពិសេសវិស័យលក់រាយក្នុងស្រុក ក៏ដូចជាការនាំចេញរបស់កម្ពុជា កាន់តែមានសន្ទុះគួរឲ្យកត់សម្គាល់។

អ្នកជំនាញបន្ថែមថា តាមរយៈសកម្មភាពគម្រោងវិនិយោគនានា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ជាមួយបណ្ដាប្រទេសមួយចំនួនជាដើម កាន់តែបង្ហាញពីភាពរឹងមាំ និងសញ្ញាណវិជ្ជមានរបស់សេដ្ឋកិច្ចកម្ពុជា ដែលជាកត្តាជំរុញឲ្យការប្រមូលចំណូលសម្រេចបានក្នុងកំណើនល្អ។

ដោយឡែក ចំពោះការប្រមូលចំណូលពន្ធគយវិញ បើតាមឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល ៥ដំបូង ក្នុងឆ្នាំ២០២២ ការប្រមូលចំណូលពន្ធអាករនិងកម្រៃផ្សេងៗ ទទួលបានថវិកាប្រមាណជាង១ពាន់លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៨២លានដុល្លារ ដែលស្មើនឹងអត្រាកំណើនជាង ៨% ខណៈនៅរយៈពេល ៥ខែ ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានតែជាង ៩រយលានដុល្លារអាមេរិកប៉ុណ្ណោះ។

សូមបញ្ជាក់ថា ពេញមួយឆ្នាំ២០២១ កម្ពុជាចំណូលពីការ ប្រមូលពន្ធដារ និងពន្ធគយបានជាង ៤ពាន់៥រយលានដុល្លារអាមេរិក។ ក្នុងនោះចំណូលដែលកម្ពុជាបានពីពន្ធដារ មានជាង ២ពាន់២រយលានដុល្លារ កើនលើសផែនការរហូតជាង២៤%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការកើនឡើងតម្លៃប្រេងឥន្ធនៈ កំពុងរុញឲ្យតម្លៃទំនិញនៅកម្ពុជាឡើងថ្លៃកម្រិតណាដែរ?

ព័ត៌មាន
ការកើនឡើងតម្លៃប្រេងឥន្ធនៈសកលយ៉ាងគំហុកបាននិងកំពុងបង្កជាក្តីបារម្ភដល់ប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជា ដ្បិតបញ្ហានេះបានជំរុញឲ្យមានការកើ…

លោកចូបៃឌិនថា នឹងជួបជាមួយលោកស៊ីជីនពីងឆាប់ៗ ដើម្បីជជែកពីបញ្ហារនាំងពន្ធគយលើទំនិញចិន

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃឌិន បាននិយាយកាលពីចុងសប្តាហ៍មុនថា លោកគ្រោងនឹងជួបពិភាក្សាជាមួយមេដឹកនាំចិនលោកស៊ី ជីនពីង ក្នុងពេលឆាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ