ADBទម្លាក់កំណើនសេដ្ឋកិច្ចអាស៊ី

ADB ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចតំបន់អាស៊ី ខណៈវៀតណាម និងម៉ាឡេស៊ីមានកំណើនយឺតជាងគេ


ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រទេសចំនួនពីរនៅអាស៊ានក្នុងឆ្នាំ២០២១ គឺប្រទេសវៀតណាម និងម៉ាឡេស៊ី ក្រោយមើលឃើញពីការដាំក្បាលចុះនៃសេដ្ឋកិច្ចប្រទេសទាំងពីរ កាលពីត្រីមាសទី៣កន្លងទៅ។ ជាមួយគ្នានេះ ADB ក៏បានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីទាំងមូលផងដែរ ក្រោយបារម្ភពីការរីករាលដាលនៃកូវីដ១៩បំប្លែងថ្មីអូមីក្រុង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ADBទម្លាក់កំណើនសេដ្ឋកិច្ចអាស៊ី
ដោយ

ADB បាន​ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​តំបន់​អាស៊ី​បន្តិចបន្តួច​ប៉ុណ្ណោះ ពោល​គឺ​កាត់​បន្ថយ​ពី​ការ​ព្យាករណ៍​របស់​ខ្លួន​កាលពី​ខែកញ្ញា ៧,១% មក​នៅ​ត្រឹម ៧%​នៅ​ខែធ្នូ​នេះ​។ ដោយឡែក កំណើនសេដ្ឋកិច្ច​តំបន់​អាស៊ី​សម្រាប់​ឆ្នាំ​ក្រោយ ក៏​ត្រូវ​បាន ADB ទម្លាក់​ពី ៥,៤% មក​នៅ ៥,៣%​ផង​ដែរ​។​នេះ​បើ​តាម​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ី​របស់​ADB​។

របាយការណ៍​ដដែល​អះអាង​ថា ទោះបី​នៅ​មានការ​រីក​រាលដាល​កូ​វី​ដ​១៩​នៅ​ក្នុង​តំបន់​ក្ដី ប៉ុន្តែ​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង គឺ​បាន​វិ​វត្ត​ទៅ​មុខគួរ​ឲ្យ​កត់សម្គាល់​។ ប៉ុន្តែ ដោយសារ​ករណី​ឆ្លង​នៅ​ទូ​ទាំង​ពិភពលោក បន្ត​កើនឡើង  ធនាគារ ADB បារម្ភ​ថា វា​អាច​ជា​ការ​គម្រាមកំហែង​ដល់​ការ​បើកចំហ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​តំបន់​អាស៊ី​។ 

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​មេរោគ​កូ​វី​ដ​បំប្លែង​ខ្លួន អូ​មី​ក្រុង ដែល​គេ​ជឿ​ថា​មាន​សមត្ថភាព​ចម្លង​លឿន​នោះ បាន​និង​កំពុង​សាយភាយ​ទៅ​គ្រប់​ច្រកល្ហក​ក្នុង​ពិភពលោក រួម​មាន​ទាំង​ប្រទេស​នៅ​តំបន់​អាស៊ី​ផង​ដែរ​។ 

ដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​បាន​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ាន​ផង​ដែរ ពោល ADB បាន​ទម្លាក់​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២១ ពី ៣,១% មក​ត្រឹម ៣% ខណៈ​ឆ្នាំ​ក្រោយ​សេដ្ឋកិច្ច​នៅ​អាស៊ាន​ទាំងមូល​ត្រូវ ADB រំពឹង​ថា នឹង​មាន​កំណើន ៥,១% កើនឡើង​ពី​ការ​ព្យាករ​លើក​មុន​ដែល​មាន​ត្រឹម ៥%​។ 

យ៉ាងណាមិញ គេ​សង្កេត​ឃើញ​ប្រទេស​ពីរ​នៅ​អាស៊ាន ដែល​ត្រូវ​បាន ADB ចាត់​ចូល​ជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​អន់​ថយ​ខ្លាំង​ជាងគេ ហើយ​ថែម​ទាំង​បាន​បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២១​ទៀត​ផង​។ ប្រទេស​ទាំង​២​នោះ​មាន វៀតណាម និង ម៉ា​ឡេ​ស៊ី ។ ជាក់ស្តែង ADB បាន​ទម្លាក់​កំណើនសេដ្ឋកិច្ច​វៀតណាម​ពី​៣,៨% មក​នៅ​ត្រឹមតែ ២%​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០២១ ប៉ុន្តែ​រំពឹង​កំណើន​ខ្ពស់​ឡើង​វិញ ដល់​ទៅ ៦,៥%​សម្រាប់​ឆ្នាំ​២០២២​។ ចំណែក ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ ត្រូវ​បាន ADB រំពឹង​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២១​នេះ​ថា នឹង​មាន​ត្រឹម ៣,៨% ខណៈ​ការ​ព្យាករ​លើក​មុន​ថា​មាន​ដល់ ៤,៨%​។ ដោយឡែក នៅ​ឆ្នាំ​២០២២ សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ដ​កើន​ដល់ ៥,៩% ដែល​តិច​ជាង​អ្វី​ដែល​បាន​រំពឹង​ទុក​កាលពីមុន ៦,១%​។

សូម​ជម្រាប​ថា ADB នៅ​តែ​បន្ត​ព្រមាន​ពី​ហានិភ័យ​សេដ្ឋកិច្ច ដែល​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឆ្លង​ឡើង​វិញ​នៃ​មេរោគ​កូ​វី​ដ​១៩​ដដែល ដោយ​បាន​សម្អាង​ថា ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​តំបន់​ទាំងមូល នៅ​មាន​កម្រិត​ទាប បើ​ធៀប​នឹង​តំបន់​ដទៃ​។ ជាក់ស្តែង នៅ​អាស៊ី​មាន​អ្នក​ចាក់​វ៉ាក់សាំង​បាន​ទាំង​ពីរ​ដូ​ស ប្រមាណ​ជាង​៤៨%​នៃ​ពលរដ្ឋ​សរុប​ក្នុង​តំបន់​ប៉ុណ្ណោះ ខណៈ​តំបន់​អឺរ៉ុប​ទាំងមូល​សម្រេច​បាន ជាង​៦៧%​ហើយ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក និងតៃវ៉ាន់ ចាប់ផ្ដើមរកាំរកូសជាថ្មី លើរឿងពាណិជ្ជកម្មសាច់ជ្រូក

ព័ត៌មាន
កោះតៃវ៉ាន់ត្រូវបានគេមើលឃើញថា អាចនឹងបង្កើនកំដៅសារជាថ្មី លើបញ្ហាចាស់មួយជាមួយនឹងសហរដ្ឋអាមេរិក ដែលទាក់ទងនឹងការនាំចូលសាច់ជ្រូកពីអាមេរិក…

ក្រុមហ៊ុន Intel នឹងបោះទុនវិនិយោគជាង ៧ ពាន់លានដុល្លារក្នុងការបង្កើតរោងចក្រផលិតបន្ទះឈីបនៅប្រទេសម៉ាឡេស៊ី

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់អាមេរិក Intel ក៏គ្រោងនឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ