ការបា.ញ់ប្រ.ហារធ្វើឱ្យប្រជាប្រិយភាពរបស់លោក ត្រាំ

តើការបា.ញ់ប្រ.ហារនឹងធ្វើឱ្យប្រជាប្រិយភាពរបស់លោក ត្រាំ កើនឡើងខ្លាំងជាងមុន ឬយ៉ាងណា?


ពាណិជ្ជករនានាបានលើកឡើងថា ការបាញ់ប្រហារប៉ងធ្វើឃាតលើលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិកកាលពីចុងសប្តាហ៍មុន អាចជួយបង្កើនឱកាសសម្រាប់លោក ត្រាំក្នុងការវិលមកគ្រប់គ្រងសេតវិមានសាជាថ្មី ហើយបញ្ហានេះក៏បានបង្កើតឱ្យមានទីផ្សារភ្នាល់លើជ័យជម្នះរបស់លោក ត្រាំផងដែរ។ មេដឹកនាំពិភពលោក និងអ្នកនយោបាយអាម៉េរិកបានថ្កោលទោសការបាញ់ប្រហារនេះ ខណៈនាយកប្រតិបត្តិឧស្សាហកម្មមួយចំនួនរួមទាំងប្រធានក្រុមហ៊ុន Tesla លោក អេឡុន ម៉ាស បានប្រកាសគាំទ្រលោក ត្រាំ។
ការបា.ញ់ប្រ.ហារធ្វើឱ្យប្រជាប្រិយភាពរបស់លោក ត្រាំ
ដោយ

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិកនៅពេលនេះ ត្រូវបានអ្នកវិភាគមួយចំនួនចាត់ទុកជាបេក្ខជន ដែលមានលក្ខណៈល្អប្រសើរក្នុងការដឹកនាំសេដ្ឋកិច្ចរបស់អាម៉េរិក បើទោះបីជាសេតវិមានក្រោមការដឹកនាំរបស់លោក ចូ បៃដិន បានដឹកនាំគោលនយោបាយសេដ្ឋកិច្ចយ៉ាងរលូន និងធ្វើឱ្យអត្រាអតិផរណា និងអត្រាអ្នកគ្មានការងារធ្វើនៅអាម៉េរិកថយចុះក៏ដោយ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ សារព័ត៌មាន CNBC បានរាយការណ៍ថា ប្រសិនបើអាម៉េរិកស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលលោក ត្រាំ អ្នកវិភាគទីផ្សាររំពឹងថា នឹងមានគោលនយោបាយពាណិជ្ជកម្មកាន់តែស្មុគស្មាញ ហើយប្រព័ន្ធសេដ្ឋកិច្ច និងសង្គមក៏រង្គោះរង្គឺ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកសេដ្ឋកិច្ចថា លោកបានផ្តល់ទំនុកចិត្តខ្លាំងដល់ក្រុមអាជីវកម្មខ្នាតតូច។

អ្នកវិភាគបានអះអាងថា ក្រោមការដឹកនាំរបស់លោក ត្រាំ វិនិយោគិនក៏រំពឹងផងដែរថា នឹងប្រឈមមុខលើការបន្តកាត់បន្ថយពន្ធសាជីវកម្ម និងបុគ្គល ដែលនឹងជំរុញឱ្យមានការព្រួយបារម្ភអំពីការកើនឡើងនៃឱនភាពថវិកាជាតិ ប៉ុន្តែសេដ្ឋកិច្ចវណ្ណៈកណ្តាលនឹងល្អប្រសើរ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីខែកុម្ភៈ ថា ប្រសិនបើលោកឈ្នះឆ្នោត លោកនឹងមិនតែងតាំងលោក ជេរ៉ូមី ផូវែល (Jerome Powell ) ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអាម៉េរិកនៅអាណត្តិទី៤បន្តឡើយ បន្ទាប់ពីលោកត្រូវដល់អណត្តិនៅឆ្នាំ២០២៦ ខាងមុខ។

អ្នកវិភាគនៅក្រុមហ៊ុន Goldman Sachs បានសរសេរថា ជុំវិញការបោះឆ្នោតប្រធានាធិបតីទាំង៥ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ទំនុកចិត្តរបស់នាយកប្រតិបត្តិ អារម្មណ៍អតិថិជន និងសុទិដ្ឋិនិយមរបស់អ្នកប្រកបអាជីវកម្មខ្នាតតូច ត្រូវបានផ្លាស់ប្តូរ។ ស្ថាប័ននេះអះអាងទៀតថា ក្រុមអ្នកប្រកបអាជីវកម្មខ្នាតតូចជាទូទៅគាំទ្រគោលនយោបាយរបស់គណបក្សសាធារណរដ្ឋជាជាងក្រុមប្រជាធិបតេយ្យ។

ភ្លាមៗបន្ទាប់ពីការបាញ់ប្រហារនេះ ក្រៅពីលោក អេឡុន ម៉ាស់ មហាសេដ្ឋីអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ គឺលោក បៀល អាកមែន (Bill Ackman) ក៏បានប្រកាសគាំទ្រលោក ត្រាំ ផងដែរ។ គួររំលឹកថា អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារបណ្តាលឱ្យរងរបួសត្រចៀកខាងស្តាំនៅអំឡុងពេលលោកថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទំនប់វារីអគ្គិសនីថ្មីរបស់ឡាវពិតជាអាចធ្វើឱ្យថៃខាតបង់សេដ្ឋកិច្ចឬយ៉ាងណា?

ព័ត៌មាន
ក្រុមអ្នកអភិរក្ស និងប្រជាជនរស់នៅតាមដងទន្លេមេគង្គនៅក្នុងប្រទេសថៃកំពុងដាក់ញត្តិទៅកាន់រដ្ឋាភិបាលថៃ ដើម្បីស្នើសុំកុំឱ្យរដ្ឋាភិបាលចុះកិច្ចសន្យាទិ…

សេដ្ឋកិច្ចថៃកំពុងជួបចលាចលក្រោយរោងចក្ររាប់ពាន់បានបិទទ្វារជាបន្តបន្ទាប់ ខណៈទំនិញចិនថោកៗហូរចូលទីផ្សារយ៉ាងគំហុក

ព័ត៌មាន
សេដ្ឋកិច្ចថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី កំពុងជួបភាពចលាចលដោយសាររោងចក្ររហូតដល់ទៅជិត២ពាន់រោងចក្របាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ