ក្រុមប្រឹក្សាធុរកិច្ចអាស៊ានប្ដេជ្ញាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់

ក្រុមប្រឹក្សាធុរកិច្ចអាស៊ានប្តេជ្ញាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ហើយស្នើឱ្យកូរ៉េចូលរួមគាំទ្រ


អំឡុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងសេអ៊ូល ក្រុមប្រឹក្សាធុរកិច្ចអាស៊ានបានបង្ហាញការប្តេជ្ញាចិត្តជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយបានអំពាវនាវឱ្យក្រុមហ៊ុនកូរ៉េខាងត្បូងចូលរួមគាំទ្រ។ អាស៊ានកំពុងក្លាយជាតំបន់ដ៏មានសក្តានុពលសេដ្ឋកិច្ចមួយ ខណៈដែលទីផ្សារនេះមានប្រជាពលរដ្ឋជិត ៧០០ លាននាក់។ ការព្យាករថ្មីៗចង្អុលប្រាប់ថា ក្នុងឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចអាស៊ានស្ថិតនៅក្នុងរង្វង់ ៤,៩% ហើយនៅឆ្នាំ២០២៤ នឹងឡើងដល់ ៥,២%។
ក្រុមប្រឹក្សាធុរកិច្ចអាស៊ានប្ដេជ្ញាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញកំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងគំនិតផ្តួចផ្តើមដែលដឹកនាំដោយវិស័យឯកជននៅក្នុងតំបន់ ដើម្បីដាក់អាស៊ានជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចក្នុងពិភពលោក។ នេះបើតាមសេចក្តីរាយការណ៍ចុះផ្សាយនៅទីភ្នាក់ងារសារព័ត៌មាន Antara ។

លោក អាជេត រ៉ាហ្សីត (Arsjad Rasjid) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានគូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ អំពីតួនាទីស្នូលរបស់ក្រុមប្រឹក្សានេះ ក្នុងនាមជាសំឡេងរបស់វិស័យឯកជនអំឡុងពេលដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ាន។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះ លោក អាជេត បានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាធុរកិច្ចអាស៊ានប្ដេជ្ញាជំរុញឱ្យមានកំណែទម្រង់គោលនយោបាយ និងជំរុញឱ្យមានគំនិតផ្តួចផ្តើមពីវិស័យឯកជន ដែលផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្ម និងសេដ្ឋកិច្ច»។

ក្រុមប្រឹក្សាធុរកិច្ចអាស៊ានក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្មារតីនៃមជ្ឈភាពអាស៊ាន ពោលគឺនវានុវត្តន៍សម្រាប់ទាំងអស់គ្នា។ ក្រុមប្រឹក្សាធុរកិច្ចអាស៊ានក៏បានសង្កត់ធ្ងន់ថា មជ្ឈភាពអាស៊ានគឺជាគោលដៅចុងក្រោយ ហើយនវានុវត្តន៍គឺជាយាន ចំណែកបរិយប័ន្ន ពោលគឺការធ្វើសកម្មភាពដើម្បីផលប្រយោជន៍ទាំងអស់គ្នា ជាការអនុវត្តជាប្រចាំនៅក្នុងដំណើរឆ្ពោះទៅសម្រេចគោលដៅនេះ។

ក្រុមប្រឹក្សាធុរកិច្ចអាស៊ានមានអាទិភាពសំខាន់ៗចំនួន ៥ និងគម្រោងចាស់ចំនួន៨ ដែលត្រូវបានលើកកម្ពស់អាណត្តិប្រធានអាស៊ានប្ដូរវេនរបស់ប្រទេសឥណ្ឌូនេស៊ី។ អាទិភាពទាំងនោះរួមមានការសម្រួលពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការផ្លាស់ប្តូរទៅរកឌីជីថល សន្តិសុខស្បៀង និងភាពធន់នៃសេវាថែទាំសុខភាព។ ដោយឡែក គម្រោងចាស់ៗមានដូចជាប្រព័ន្ធ QR កូដអាស៊ាន និងវេទិកាទីផ្សារកម្ចីតាមប្រព័ន្ធឌីជីថលសម្រាប់សម្រួលដល់ការធ្វើសមាហរណកម្មក្នុងតំបន់ជាដើម។

ក្រុមប្រឹក្សាធុរកិច្ចអាស៊ានបានរៀបចំកម្មវិធីបង្ហាញផែនការរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីលើកទឹកចិត្តដល់ការសន្ទនា និងការតស៊ូមតិរវាងវិស័យឯកជន និងរដ្ឋាភិបាល ដើម្បីពង្រឹងគោលដៅរបស់អាស៊ាន ព្រមទាំងបានអញ្ជើញបណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូងឱ្យចូលរួមគាំទ្រព្រឹត្តិការណ៍សំខាន់ៗមួយចំនួនផងដែរ។

ការព្យាករមួយរបស់ការិយាល័យសិក្សាម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី ដែលហៅកាត់ថា AMRO បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ នេះ អាស៊ាននឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៤,៩% ខណៈដែលឆ្នាំ២០២៤ នឹងប្រសើរឡើងបន្តិច គឺដល់ ៥,២%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកវិទ្យាសាស្ត្រចិនអះអាងថា ប្រទេសខ្លួនកំពុងសាងសង់ប្រព័ន្ធរ៉ាដាបំពាក់លើនាវាចម្បាំងដ៏មានឥទ្ធិពលជាងគេបំផុត

ព័ត៌មាន
ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រចិនបានរំលេចឱ្យដឹងថា ការសាងសង់ប្រព័ន្ធរ៉ាដាមួយប្រភេទរបស់ប្រទេសចិនបានចាប់ផ្តើមហើយ ហើយវានឹងកែប្រែតុល្យភាពនៃ…

អាមេរិកប្រាប់កម្ពុជាថា កិច្ចព្រមព្រៀងនាវាមុជទឹក AUKUS មិនមែនជាការរីកសាយភាយអាវុធនុយក្លេអ៊ែរទេ

ព័ត៌មាន
សហរដ្ឋអាមេរិកបានឆ្លើយតបនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីដើមសប្តាហ៍នេះថា សម្ព័ន្ធភាពសន្តិសុខត្រីភាគីរវាងអូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ