ប្រទេសមីយ៉ានម៉ា

ការវាយប្រហារក្បួនរថយន្តផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ានម៉ា បង្កើនហានិភ័យសម្រាប់អាស៊ានដែលកំពុងប្រជុំកំពូល


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងសមាជិកនៃកងជីវពលជនជាតិភាគតិចបាននិយាយកាលពីថ្ងៃចន្ទថា ក្បួនរថយន្តរួមទាំងអ្នកការទូតតំណាងឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងបេសកកម្មផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលហែកហួរដោយជម្លោះត្រូវបានស្ទាក់ចាប់។ ការណ៍នេះធ្វើឱ្យអាស៊ានមានសំពាធ ខណៈដែលសមាគមនេះបើកិច្ចប្រជុំក្នុងសប្ដាហ៍នេះ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែឧសភា។
ការវាយប្រហារក្បួនរថយន្តផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ានម៉ា បង្កើនហានិភ័យសម្រាប់អាស៊ានដែលកំពុងប្រជុំកំពូល
ដោយ

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថា ការវាយប្រហារលើក្បួនរថយន្តដែលដឹកគណៈប្រតិភូមកពីមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ មកពីស្ថានទូតឥណ្ឌូនេស៊ី និងមកពីស្ថានទូតសិង្ហបុរី បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅរដ្ឋ សាន ហើយថា វាត្រូវបានប្រព្រឹត្តដោយ«ភេរវករ»។ សេចក្ដីរាយការណ៍​នេះ​មិន​បាន​បញ្ជាក់​ថា​អង្គការ​ណា​ដែល​ជា«ភេរវករ» ហើយ​មក​ពី​ណា​ទេ។ រដ្ឋាភិបាលយោធាប្រើពាក្យ«ភេរវករ»សម្រាប់និយាយសំដៅកងកម្លាំងជាច្រើនដែលប្រឆាំងនឹងការគ្រប់គ្រងបែបយោធា។

សេចក្ដីរាយការណ៍បាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារដោយអាវុធធុនតូច ហើយក្រុមសន្តិសុខដែលអមដំណើរក្បួននោះបានបាញ់តបតវិញ។ រថយន្ត​សន្តិសុខ​មួយ​គ្រឿង​បាន​រង​ការ​ខូច​ខាត ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ក្បួន​នោះ​រង​របួស​ទេ។

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានផ្សាយទៀតថា រដ្ឋាភិបាលកំពុងសហការផ្តល់ជំនួយមនុស្សធម៌ក្រោមកិច្ចព្រមព្រៀងប្រាំចំណុចដែលអាស៊ានសម្រេចបាននៅឆ្នាំ ២០២១ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីកងទ័ពបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) កាលពីខែកុម្ភៈ ឆ្នាំ ២០២១។

ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសសិង្ហបុរីបានថ្កោលទោសការវាយប្រហារលើក្បួនរថយន្ដដឹកជំនួយមនុស្សធម៌នោះ។ អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានតែការសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលអាចសម្របសម្រួលដំណោះស្រាយដោយសន្តិវិធីក្នុងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ មិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលលោកហៅថា«ការបាញ់ប្រហារ»នោះទេ ប៉ុន្តែបាននិយាយថា វានឹងមិនរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ីនិងអាស៊ាន ក្នុងការជំរុញសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ។ លោក ចូកូវី បានអំពាវនាវឱ្យឈប់ប្រើកម្លាំង បញ្ឈប់​អំពើ​ហិង្សា ​ព្រោះ​វាធ្វើឱ្យ​មនុស្សក្លាយ​ជា​ជន​រងគ្រោះ។ ដោយនិយាយថា ការប្រើហិង្សា​នឹង​មិន​ធ្វើ​ឱ្យ​អ្នក​ណា​ឈ្នះ​ទេនោះ លោក ចូកូ វីដូដូ ​បាន​បន្ថែម​ថា ឥណ្ឌូណេស៊ី​លើក​ទឹក​ចិត្ត​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​មាន​ការ​ពិភាក្សានិង​ស្វែង​រក​ដំណោះ​ស្រាយ។

ចំណែកឯក្រសួងការបរទេសសហរដ្ឋអាមេរិកវិញ ស្ថាប័ននេះបានថ្កោលទោសការវាយប្រហារនោះដែរ ហើយបានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ាអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន រួមទាំងការបញ្ឈប់អំពើហឹង្សារបស់ខ្លួន និងការសម្រួលសកម្មភាពផ្តល់ជំនួយមនុស្សធម៌ផង។ លើសពីនេះទៅទៀត ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានអំពាវនាវឱ្យមីយ៉ាន់ម៉ាគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងច្បាប់ស្តីពីការការពារបុគ្គលិកការទូតនិងជនស៊ីវិលផងដែរ។

ក្នុងសប្ដាហ៍នេះ សមាគមអាស៊ានប្រជុំកំពូលលើកទី ៤២ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែឧសភា នៅប្រទេសឥណ្ឌូនេស៊ី ដោយមិនមានវត្តមានតំណាងមកពីប្រទេសមីយ៉ាន់ម៉ាឡើយ។ ក្នុងនាមជាប្រធានអាស៊ាននិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់សមាគមនៅឆ្នាំនេះ ឥណ្ឌូនេស៊ីបានព្យាយាមអនុវត្តផែនការសន្តិភាពចំនួនប្រាំចំណុចដែលបានព្រមព្រៀងជាមួយប្រទេសមីយ៉ាន់ម៉ាកាលពីពីរឆ្នាំមុន។

កិច្ចព្រមព្រៀងនោះបានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងការផ្ដល់សិទ្ធិទទួលបានជំនួយមនុស្សធម៌ បន្ទាប់ពីរដ្ឋប្រហារនៅក្នុងសម័យឆ្លងជំងឺរាតត្បាតកូវីដ-១៩ ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាយ៉ាងហឹង្សារវាងកងកម្លាំងយោធានិងចលនាតស៊ូពហុភាគី។ នៅប៉ុន្មានថ្ងៃមុនពេលបើកកិច្ចប្រជុំកំពូល លោក ចូកូវី បានបង្ហាញជំហរម៉ឺងម៉ាត់ជាមួយភាគីនានាដែលកំពុងប្រឆាំងគ្នា៕




អត្ថបទបន្ទាប់


អ័រគីដេ ខុនដូ ចាប់ផ្តើមបើកវគ្គ ហ្វឹកហាត់កីឡា តៃក្វាន់ដូចុងសប្តាហ៍សម្រាប់កុមារ ដោយឥតគិតថ្លៃ និង បង្រៀនដោយកីឡាករជំនាញពីសហព័ន្ធតៃក្វាន់ដូកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន អភិវឌ្ឍន៍ លំនៅដ្ឋាន អ័រគីដេ បានប្រកាសបើកវគ្គហ្វឹកហាត់កីឡាតៃក្វាន់ដូចុងសប្តាហ៍ ដោយឥតគិតថ្លៃសម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយប…

អាមេរិកសម្លឹងមើលការកសាងបណ្តាញគមនាគមន៍រវាងមជ្ឈិមបូព៌ា និងឥណ្ឌា ដើម្បីទប់ទល់នឹងចិន

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយអារ៉ាប៊ីសាអូឌីត ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម អំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដ៏ធំមួយ ស្របពេលដែលទីក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ