អត្ថបទក្រុមហ៊ុន

មេធំអេស៊ីលីដា បញ្ជាក់ហេតុផល ដែលធនាគារនេះ គ្រោងបោះផ្សាយលក់បណ្ណបំណុល១០០លានដុល្លារនៅថៃ


ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេមួយនៅកម្ពុជា ថ្មីៗនេះ ទើបតែទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការបោះផ្សាយលក់មូលបត្របំណុលនៅប្រទេសថៃ ក្នុងតម្លៃសរុប ១០០លានដុល្លារអាមេរិក សមមូលជាប្រាក់បាតថៃ សម្រាប់រយៈពេល៧ឆ្នាំ។ តើមានហេតុផលអ្វីខ្លះជំរុញឲ្យធនាគារអេស៊ីលីដា សម្រេចជ្រើសរើសការបោះផ្សាយលក់មូលបត្រនៅប្រទេសថៃ?
មេធំអេស៊ីលីដា បញ្ជាក់ហេតុផល ដែលធនាគារនេះ គ្រោងបោះផ្សាយលក់បណ្ណបំណុល១០០លានដុល្លារនៅថៃ
ដោយ

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បាន​គូសបញ្ជាក់ប្រាប់​ ខេមបូណូមីស តាមប្រព័ន្ធតេឡេក្រាមថា ធនាគារអេស៊ីលីដា បានសម្លឹងមើលឱកាស​ទីផ្សារសក្ដានុពល​នៅប្រទេសមួយ​ចំនួន ហើយនៅចុងក្រោយ​ធនាគារនេះ បានសម្រេច​ជ្រើសរើស​ប្រទេសថៃ សម្រាប់ផែនការ​បោះផ្សាយ​លក់បណ្ណបំណុល​របស់ខ្លួន។

លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា «យើងត្រូវបោះផ្សាយលក់មូលបត្របំណុល​នៅប្រទេសថៃ ប៉ុន្ដែបោះជាលុយបាតទេ ដែលមានទំហំទឹកប្រាក់ស្មើនឹង ​១០០លានដុល្លារហ្នឹង យើងធ្វើកិច្ចសន្យាប្ដូរអត្រារូបិយបណ្ណហ្នឹងទៅជា US ដុល្លារ [ប្រាក់ដុល្លារអាមេរិក]» ។

នៅពេលដែលសួរថា ហេតុអ្វី បានជាលោកជ្រើសរើសប្រទេសថៃ សម្រាប់ការបោះផ្សាយលក់មូលបត្រ​បំណុល ដោយមិនបោះផ្សាយលក់បណ្ណបំណុលនៅក្នុងទីផ្សារក្នុងស្រុក? លោកបណ្ឌិត អ៊ិន ចាន់នី គូសបញ្ជាក់ថា តាមពិតធនាគារអេស៊ីលីដា អាចបោះផ្សាយលក់បណ្ណបំណុល​នៅប្រទេស​ផ្សេងៗទៀត ដែលជាប្រភពទីផ្សារហិរញ្ញវត្ថុ ដោយស្របតាមការអនុញ្ញាត​ពីធនាគារជាតិនៃកម្ពុជា​ ប៉ុន្ដែ ការជ្រើសរើស​ប្រទេសថៃ ដ្បិតប្រទេសនេះ មានប្រភពទីផ្សារហិរញ្ញដ៏សំខាន់មួយ​សម្រាប់​ការបោះផ្សាយបណ្ណបំណុល។

«យើងអាចជ្រើសរើសប្រទេសផ្សេងៗទៀត ព្រោះជាទីផ្សារហិរញ្ញវត្ថុ​ កាលណាមានប្រភពទុនពីកន្លែងណា យើងបោះផ្សាយនៅកន្លែងនោះ បន្ទាប់ពីមានការអនុញ្ញាត​ពីអាជ្ញាធរពាក់ព័ន្ធ ដូចជា ធនាគារជាតិ និងគណៈកម្មការមូលបត្រ​កម្ពុជា ហៅកាត់ គ.ម.ក។ កាលណាអាជ្ញាធរ អនុញ្ញាត គឺយើងធ្វើការ​បោះផ្សាយ ហើយប្រទេសថៃ គឺជាប្រភពទុនសំខាន់មួយ ដែលយើងអាចបោះផ្សាយ​លក់មូលបត្រ​បំណុល»។

បើតាម​ការអះអាង​របស់​ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដារូបនេះ ដើមទុនដែលប្រមូលបាន​ពីការបោះផ្សាយលក់មូលបត្រ​បំណុលនេះ នឹងត្រូវយកមកប្រើប្រាស់​សម្រាប់​ការ​ផ្ដល់កម្ចីសម្រាប់​វិស័យ​សហគ្រាសខ្នាតតូច និងមធ្យម​នៅកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹង​របស់ធនាគារអេស៊ីលីដា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា ធនាគារអេស៊ីលីដា បានទទួលការអនុញ្ញាត​ពីធនាគារជាតិនៃកម្ពុជា ក្នុងការបោះផ្សាយ​លក់សញ្ញាបណ្ណ ឬបណ្ណបំណុល​នៅក្នុង​ប្រទេសថៃ ដែលមានទំហំសរុប​ដល់ ១០០លានដុល្លារអាមេរិក សមមូលជាប្រាក់បាតថៃ សម្រាប់រយៈពេល​៧ឆ្នាំ។

សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានគូសបញ្ជាក់ថា ធនាគារអេស៊ីលីដា កំពុងបន្ដ​នីតិវិធី និងបំពេញបែបទ តាមច្បាប់ បទបញ្ញត្តិ និងលក្ខខណ្ឌតម្រូវ​របស់អាជ្ញាធរថៃ និងភាគីពាក់ព័ន្ធ ក្នុងការបោះផ្សាយ​លក់សញ្ញាបណ្ណនេះ។

សូមបញ្ជាក់ថា អេស៊ីលីដា គឺជាធនាគារពាណិជ្ជដំបូងគេមួយ ដែលបាន​បោះផ្សាយលក់ភាគហ៊ុននៅ​ក្នុងផ្សារមូលបត្រ​កម្ពុជា​កាលពីឆ្នាំ២០២០។ គិតត្រឹមចុងឆ្នាំ២០២២ អេស៊ីលីដា មានទ្រព្យសកម្មសរុប​ជាង​៩ពាន់លានដុល្លារអាមេរិក ខណៈទំហំប្រាក់បញ្ញើមានជាង​៦ពាន់លានដុល្លារ និងមានឥណទានសរុប​ជាង​៦ពាន់លានដុល្លារ។ រីឯប្រាក់ចំណេញ​សុទ្ធ នៅឆ្នាំ២០២២ សរុបមានជាង ១៨១លានដុល្លារ៕




អត្ថបទបន្ទាប់


ជំនួយការលោកបៃដិនជួបជាមួយមន្ត្រីការទូតកំពូលចិន ដើម្បីបើកផ្លូវឱ្យមេដឹកនាំប្រទេសទាំងពីរមានជំនួបទល់មុខ

ព័ត៌មាន
ក្រោយអាក់ខានជំនួបទល់គ្នា និងការប៉ុនប៉ង មិនបានសម្រេចជាច្រើនដង ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកជេក ស៊ូលីវ៉ាន់ បានមានជំនួបយ៉ាងសម្ងាត់មួ…

ក្រុមហ៊ុន Goldman Sachs និយាយថា ធនាគារកណ្ដាលអាមេរិកទំនងជានឹងមិនដំឡើងអត្រាការប្រាក់ទៀតទេនៅខែវិច្ឆិកា

ព័ត៌មាន
ក្រុមអ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន ហ្គោលម៉េនសាច (Goldman Sachs) បានអះអាងកាលពីថ្ងៃទី១៦ ខែកញ្ញាថា ធនាគារកណ្តាលអាមេរិក (Fed) ទំនងជាមិនដំឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ