ជម្លោះពាណិជ្ជកម្មចិន-អូស្រ្តាលី

អូស្ត្រាលីប្តឹងចិនទៅ WTO លើករណីដំឡើងពន្ធនាំចូលលើស្រាក្រហមរបស់ខ្លួន


រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ដើម្បីប្រឆាំងនឹងការដំឡើងពន្ធនាំចូលយ៉ាងច្រើនគំហុករបស់ចិន មកលើស្រាក្រហមរបស់អូស្ត្រាលី ចាប់តាំងពីប្រទេសទាំងពីរមានជម្លោះពាណិជ្ជកម្មតឹងតែងដាក់គ្នាមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ស្រាក្រហមរបស់អូស្រ្តាលីដែលបាននាំចូលទៅចិនកំពុងត្រួតពិនិត្យ - Xinhua

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អូស្ត្រាលី លោក ដាន់ តេ​ហាន់ (Dan Tehan) និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​អូស្ត្រាលី លោក ដេ​វី​ដ លី​ថ​ល​ប្រោ​ត (David Littleproud) បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ រវាង​ក្រសួង​ទាំង​ពីរ​ថា ៖«​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​បន្ត​ប្តេជ្ញា​ការពារ​ផលប្រយោជន៍ របស់​អ្នក​ផលិត​ស្រាក្រហម​នៅ​អូស្ត្រាលី តាម​រយៈ​ការ​ប្រើប្រាស់​យន្តការ និង​ប្រព័ន្ធ​ដោះស្រាយ​ជម្លោះ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​» 

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា​៖ អូស្ត្រាលី​បាន​ពិចារណា និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ជាមួយ​ក្រុមហ៊ុន និង​អ្នក​ផលិត​ស្រាក្រហម​ក្នុងស្រុក មុន​នឹង​ឈាន​ដល់​ការ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ថ្មី​មួយទៀត ទៅ WTO ជុំវិញ​ការ​ធ្វើទុក្ខបុកម្និញ​ពី​ភាគី​ចិន​មក​លើ​អូស្ត្រាលី​។

យ៉ាងណាមិញ ភាគី​ក្រសួងពាណិជ្ជកម្ម​អូស្ត្រាលី​បាន គូសបញ្ជាក់​ដែរ​ថា ពួក​គេ​នៅ​តែ​បើកចំហ​ក្នុង​ការ​ចូលរួម​ដោះស្រាយ​ជម្លោះ​ដោយ​ផ្ទាល់​តាម​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន ដើម្បី​បញ្ចប់​ភាព​ចម្រូងចម្រាស់​ពាណិជ្ជកម្ម​នេះ​។

គួរ​ជម្រាប​ថា ចិន​បាន​ដំឡើង​ពន្ធ​នាំ​ចូល​ស្រាក្រហម​ពី​អូស្ត្រាលី​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ដល់​ប្រមាណ​ជាង ២០០%​។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ស្រាក្រហម​ពី​អូស្ត្រាលី​ទៅ​ចិន ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​ពី​ទំហំ​ជាង ៨០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ មក​នៅ​សល់​ប្រមាណ​ជាង ២០​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​។

គួរ​កត់​សម្គាល់ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​អូស្ត្រាលី បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​កាន់​ភាគី​ចិន​វិញ​តាម​រយៈ​ការ​ដាក់​ពាក្យបណ្តឹង​ទៅ WTO ជុំវិញ​បញ្ហា​ស្រាក្រហម ដែល​កន្លង​មក​អូស្ត្រាលី​មិន​ដែល​បាន​ឆ្លើយ​តប​ជា​ផ្លូវការ​ណាមួយ តាម​រយៈ​ស្ថាប័ន​អន្តរជាតិ​ក្នុង​រឿង​ស្រាក្រហម​នេះ​ទេ ក្រៅ​តែ​ពី​ការ​ព្យាយាម​ដោះស្រាយ​ដោយ​ទ្វេភាគី​។

ប៉ុន្តែ​ទោះ​យ៉ាងណា អស់​ពេល​ជាង​២​ឆ្នាំ​មក​ហើយ បញ្ហា​ស្រាក្រហម​អូស្ត្រាលី​នាំ​ចូល​ទៅ​ចិន ពុំ​បាន​បង្ហាញ​សញ្ញា​ល្អ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ទំនិញ​ផ្សេង​ៗ​ទៀត​របស់​អូស្ត្រាលី​ត្រូវ​បាន​រឹត​បន្ដឹង និង​ដំឡើង​ពន្ធ​ជា​បន្តបន្ទាប់​ពេល​នាំ​ចូល​ទៅ​ប្រទេស​ចិន ក្នុង​នោះ​រួម​មាន ស្រូវ​សាលី ទំពាំងបាយជូរ សាច់​គោ បង្កង​សមុទ្រ និង​ធ្យូងថ្ម​ជាដើម ក៏​ត្រូវ​បាន​ចិន​ដំឡើង​ពន្ធ និង​រឹតត្បិត​ការ​នាំ​ចូល​ផង​ដែរ​។

សូម​បញ្ជាក់​ថា ដើមចម​នៃ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​អូស​បន្លា​យមក​ដល់​ម៉ោង​នេះ​គឺ​ផ្តើម​ចេញពី​ឆ្នាំ​២០១៨ គ្រា​ដែល​អូស្ត្រាលី​បាន​ហាមឃាត់​ក្រុមហ៊ុន Huawei ពី​ការ​អភិវឌ្ឍ​បណ្តាញ 5G នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។ ក្រោយមក ប្រទេស​ទាំង​ពីរ​កាន់តែ​មើល​មុខ​គ្នា​លែង​ចំ​កាន់តែ​ខ្លាំង​ទៀត នៅ​ពេល​ដែល​អូស្ត្រាលី​បាន​ទទូច​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ពី​ប្រភព​ដើម​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រី WHO៖ មេរោគកូវីដបំប្លែងខ្លួនថ្មី«ឌែលតា»កំពុងរាលដាលជុំវិញពិភពលោក

ព័ត៌មាន
មេរោគកូវីដ១៩បំប្លែងខ្លួនដែលមានប្រភពដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយដែលត្រូវបានអង្គការសុខភាពពិភពលោកផ្តល់ឈ្មោះសម្គាល់ថាជាមេរោគ «ឌែលតា» ពេលនេះត្…

ថៃរំពឹងកោះភូកេតស្រូបទាញបានភ្ញៀវទេសចរ ៦០ម៉ឺននាក់ និងចំណូលជិត៥០០លានដុល្លារ ក្រោយបើក៣ខែ

ព័ត៌មាន
បើគ្មានអ្វីប្រែប្រួលទេ ប្រទេសថៃ នឹងចាប់ផ្ដើមបើកដំណើរការខេត្តភូកេត ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់ពីខែ កក្កដាខាងមុខនេះតទៅហើយ ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ