អាផាតមិន ល្អៗនៅតែមានទីផ្សារ

អាផាតមិន ល្អៗនៅតែមានទីផ្សារ ទោះវិស័យខុនដូមានការរីកដុះដាលខ្លាំងក្ដី


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យអះអាងថា អាផាតមិនលំដាប់ A និង B មិនសូវរងផលប៉ះពាល់ដោយសារការរីកចម្រើននៃវិស័យខុនដូនោះទេ ពោលគឺអាផាតមិន ដែលមានគុណភាពល្អទាំងនេះនៅតែមានស្ថានភាពទីផ្សារល្អប្រសើរ។ ល្អប្រសើរ ក៏ព្រោះតែអាផាតមិនមានសេវាកម្មសម្បូរបែប សម្រាប់ផ្តល់ជូនអ្នករស់នៅ។
សំណង់អាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

ប៉ុន្តែ បើ​ប្រៀបធៀប​ចំនួន​អា​ផាត​មិន និង​ខុន​ដូ​នា​ពេល​បច្ចុប្បន្ន​ឃើញ​ថា យូ​នី​តរបស់​ខុន​ដូ​មាន​ចំនួន​ច្រើន​ជាង​យូ​នី​តរបស់​អា​ផាត​មិន​ជាង​បី​ឯណោះ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា វិស័យ​ខុន​ដូ​មានការ​រីក​ចម្រើន​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ អ្នកជំនាញ​វាយតម្លៃ​ថា វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​នៅ​ឆ្នាំ​នេះ នឹង​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន បើ​ទោះបី​នៅ​ក្នុង​រយៈពេល​៣​ខែ​កន្លង​មកនេះ​ទីផ្សារ​អចលនទ្រព្យ​មិនសូវ​មាន​ភាពល្អ​ប្រសើរ​ក្តី​។ 

លោកស្រី អាន សុធី​តា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ PropNex កត់សម្គាល់​ឃើញ​ថា ទោះបី​ទីផ្សារ​ខុន​ដូ​មានការ​រីក​ចម្រើន​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ក៏​ដោយ តែ​វា​មិន​បាន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​អា​ផាត​មិន ដែល​មាន​គុណភាព​កម្រិត A និង B នោះ​ឡើយ​។ ពោល​គឺ​អា​ផាត​មិន ដែល​មានគុណ​ភាពល្អ​នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​រស់នៅ ដ្បិត​វា​មានការ​ផ្តល់​ជូន​សេវាកម្ម​បំពេញបន្ថែម​សម្បូរ​បែប​ជាង​ខុន​ដូ​មួយ​ចំនួន​។ ប៉ុន្តែ អា​ផាត​មិន​កម្រិត C មានការ​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ការ​រីក​ចម្រើន​នៃ​ទីផ្សារ​ខុន​ដូ ដោយសារ​សេវាកម្ម​របស់​អា​ផាត​មិន​កម្រិត​នេះ នៅ​មាន​កម្រិត​បើ​ធៀប​នឹង​ខុន​ដូ​។

បើ​តាម​ការ​គូសបញ្ជាក់​របស់​លោកស្រី អាន សុធី​តា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​អា​ផាត​មិន​ប្រមាណ​៩​ពាន់​យូ​នី​ត នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​បើ​ធៀប​នឹង​ខុន​ដូ ដែល​មាន​ប្រមាណ​៣​ម៉ឺន​យូ​នី​ត​។ សម្រាប់​លោកស្រី​ចំនួន​អា​ផាត​មិន និង​ខុន​ដូ​នេះ​អាច​ឆ្លើយ​តប​តម្រូវការ​គ្រប់គ្រាន់​របស់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​។ អ្នកជំនាញ​រូប​នេះ​សង្កេត​ឃើញ​ថា ប្រជាជន​ខ្មែរ​នៅ​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ហាក់​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​វិស័យ​ខុន​ដូ និង​អា​ផាត​មិន​។

ដោយឡែក​ពាក់ព័ន្ធ​ទីផ្សារ​ខុន​ដូ​ឯណោះ​វិញ លោក ងួ​ន ឆាយ​លាង អគ្គនាយក​ក្រុមហ៊ុន Pointer បាន​គូសបញ្ជាក់​ថា ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើង​វិញ និង​បន្ធូរបន្ថយ​វិធានការ​កូ​វី​ដ​-១៩ សម្រាប់​អ្នកដំណើរ​ចូល​មក​កម្ពុជា គួប​ផ្សំ​ការ​បើក​ឲ្យ​មានការ​ហោះហើរ​ឡើង​វិញ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ ទីផ្សារ​ខុន​ដូ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​បណ្តើរ​ៗ​ហើយ​។ ពោល​គឺ​ការ​ទិញ​លក់​ខុន​ដូ​ក្នុង​គម្រោង​ល្អ​ៗ​ចាប់ផ្តើម​មាន​ចរន្ត​ឡើង​វិញ តែ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​បើ​ធៀប​នឹង​ពេល​មិន​ទាន់​មាន​កូ​វី​ដ​-១៩​។ លោក​អះអាង​ថា បច្ចុប្បន្ន​មាន​វិនិយោគិន​បរទេស​មក​ពី​ប្រទេស​ផ្សេង​ៗ​មួយ​ចំនួន​បាន​ចាប់អារម្មណ៍​មក​វិនិយោគ និង​មើល​គម្រោង​ខុន​ដូ​នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ ឧកញ៉ា ចេ​ង ខេ​ង អគ្គ​នាយ​ក្រុមហ៊ុន​អចលនទ្រព្យ CPL ជឿជាក់​ថា វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២២ នឹង​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន បើ​ទោះបី​បច្ចុប្បន្ន​វិស័យ​នេះ បន្ត​រង​ការ​គំរាមកំហែង​ពី​វិបត្តិ​កូ​វី​ដ​-១៩ និង​ឥទ្ធិពល​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​សកល​ក៏​ដោយ​។ កត្តា​ដែល​ធ្វើ​ឲ្យ លោក​ឧកញ៉ា ជឿជាក់​បែប​នេះ គឺ​ដោយសារ​កម្ពុជា​ជា​ប្រទេស ដែល​មាន​ចំនួន​ប្រជាពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ច្រើន​ជាងគេ និង​មានការ​បន្ធូរបន្ថយ​វិធានការ​កូ​វី​ដ​-១៩ ល្អ​ប្រសើរ​ជាងគេ​បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​។ ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​លើកលែង​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ សម្រាប់​អ្នកដំណើរ​ចូល​មក​កម្ពុជា ដែល លោក​ឧកញ៉ា ចាត់ទុកជា​ការ​លើកទឹកចិត្ត​ដ៏​សំខាន់​សម្រាប់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​។

ដោយឡែក ពាក់ព័ន្ធ​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​នេះ​ដែរ​លោកស្រី អាន សុធី​តា អះអាង​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅឡើយ​ទេ​ក្នុង​ពេល​ប្រមាណ​៣​ខែ​កន្លង​មកនេះ ពោល​គឺ​វិស័យ​នេះ​នៅ​តែ​បន្ត​រង​ការ​គំរាមកំហែង​ពី​វិបត្តិ​កូ​វី​ដ​-១៩ និង​ឥទ្ធិពល​ពី​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​សកល​។ អ្នកជំនាញ​រូប​នេះ​កត់សម្គាល់​ឃើញ​ថា ការ​ទិញ​លក់​អចលនទ្រព្យ​នានា​ដែល​មាន​តម្លៃ​ស្មើ ឬ​លើ​ទីផ្សារ​នៅ​តែ​បន្ត​ធ្លាក់​ចុះ ប៉ុន្តែ​បើ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ក្រោម​ទីផ្សារ​ហាក់​មាន​ទីផ្សារ​ល្អ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យផ្លូវថ្នល់នឹងកាន់តែមានគុណភាពខ្ពស់ជាងមុន ជាមួយ រ៉ូឡូកិនបង្ហាប់ថ្នល់ DYNAPAC ពីប្រទេសស៊ុយអែត

ព័ត៌មាន
(ភ្នំពេញ)៖ នាថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន ខេអិន ស៊ីជី បានបើកសម្ពោធ រ៉ូឡូកិនបង្ហាប់ដីម៉ាក DYNAPAC (ដាយណាផាក) ម៉ូដែល DRS1…

ថៃរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង XE លើកដំបូង

ព័ត៌មាន
ប្រទេសថៃកាលពីថ្ងៃសៅរ៍បានរាយការណ៍ពីករណីឆ្លងលើកដំបូងនៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីមួយប្រភេទទៀត គឺ Omicron XE ដែលជាការរួមបញ្ចូលគ្នានៃមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ