វិស័យអចលនទ្រព្យ

បណ្ដាធនាគារចិន អនុម័តកម្ចី១៧ពាន់លានដុល្លារអាម៉េរិក ដើម្បីសង្គ្រោះវិស័យអចលនទ្រព្យចិន


អាជ្ញាធរលំនៅឋានរបស់ប្រទេសចិន អះអាងថា ប្រាក់កម្ចីអភិវឌ្ឍន៍រហូតដល់ទៅជាង១៧ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័ត ហើយកម្ចី៤ពាន់លានដុល្លារអាម៉េរិក ត្រូវបានបញ្ចេញរួចរាល់ក្រោមយន្តការពិសេសមួយ ដែលមានគោលបំណងចាក់បញ្ចូលសាច់ប្រាក់ងាយស្រួលទៅក្នុងវិស័យអចលនទ្រព្យចិន ដែលរងគ្រោះធ្ងន់ធ្ងរដោយវិបត្តិបំណុល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។
: វិស័យអចលនទ្រព្យ
ដោយ

ក្រោមយន្តការស្ដារវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលបានដាក់ចេញកាលពីថ្ងៃទី២៦ ខែមករា ដើមឆ្នាំ២០២៤ បណ្ដារដ្ឋបាលក្រុងទូទាំងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ បានណែនាំគម្រោងលំនៅឋាននានា ដល់បណ្ដាធនាគារដែលស័ក្ដិសមសម្រាប់ការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងជួយសម្របសម្រួលជាមួយបណ្ដាស្ថាប័នហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការគម្រោង។

យន្តការនេះ គឺជាផែនការដ៏សំខាន់មួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំង ក្នុងការធ្វើឱ្យវិបត្តិបំណុល ដែលវិស័យអចលនទ្រព្យចិនកំពុងប្រឈម វិលមកមានស្ថិរភាពឡើងវិញ និងជំរុញទំនុកចិត្តក្នុងឧស្សាហកម្មនេះ ដែលមានចំណែកគ្របដណ្ដប់ដល់ទៅ១ភាគ៤ នៃផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិន។

រហូតមកទល់ពេលនេះ ទីក្រុងចំនួន២១៤ទូទាំងប្រទេសចិន បានរៀបចំអនុវត្តយន្តការនេះ ដោយបានណែនាំគម្រោងជាង៥ពាន់៣រយគម្រោងដល់ធនាគារនានា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ កាលពីល្ងាចថ្ងៃអង្គារ សប្ដាហ៍នេះ។ របាយការណ៍នេះបន្ថែមថា ក្នុងចំណោមប្រាក់កម្ចីសរុប ទំហំកម្ចីប្រមាណ៤ពាន់លានដុល្លារអាម៉េរិក ត្រូវបានបញ្ចេញរួចរាល់សម្រាប់គម្រោងចំនួន១៦២ នៅក្នុងទីក្រុងចំនួន៥២។

ក្រសួងនេះនិយាយថា ធនាគារណាដែលបដិសេធមិនផ្ដល់កម្ចីដល់ម្រោងដែលស្ថិតក្រោមយន្តការពិសេសខាងលើនេះ ត្រូវតែផ្តល់ហេតុផលសមស្របពន្យល់ទៅក្រុមនិយ័តករហិរញ្ញវត្ថុអំពីការសម្រេចចិត្តរបស់ពួកគេ។

ប្រទេសចិន មានបំណងបង្កើនការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងលំនៅឋាន ប៉ុន្តែធនាគារនានាហាក់មានការស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចីដល់វិស័យនេះ ហើយស្ថានភាពនេះអាចជាឧបសគ្គដ៏ធំសម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ដែលត្រូវការមូលនិធិចាំបាច់បំផុត។

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ និងក្រុមអ្នកវិភាគលើកឡើងថា ប្រាក់កម្ចីបែបនេះអាចប្រើប្រាស់បានសម្រាប់តែធានាការបញ្ចប់គម្រោងដែលបានជ្រើសរើសប៉ុណ្ណោះ ហើយមិនអាចយកទៅប្រើប្រាស់ដើម្បីទូទាត់សងបំណុលបានឡើយ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះបានជារដ្ឋាភិបាលកម្ពុជា យល់ព្រមធ្វើអាជីវកម្មក្នុងតំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅបាតសមុទ្រជាមួយថៃ?

ព័ត៌មាន
តំបន់រ៉ែប្រេងត្រួតស៊ីគ្នានៅតំបន់បាតសមុទ្ររវាងកម្ពុជា-ថៃ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ លើកយកមកពិភាក្សាគ្នានាពេលថ្មីៗនេះ កំពុងស្ថិតនៅក្នុងដ…

ជប៉ុនជះលុយ៦៧ពាន់លានដុល្លារ ដើម្បីក្លាយជាម្ចាស់ផលិតកម្មបន្ទះឈីបពិភពលោក

ព័ត៌មាន
ប្រទេសជប៉ុននឹងបោះទុនដ៏មហាសាលរហូតដល់ទៅ៦៧ពាន់លានដុល្លារ ដើម្បីដណ្តើមកិត្តិនាមជាម្ចាស់ផលិតកម្មបន្ទះឈីបពិភពលោកជាថ្មីឡើងវិញ ខណៈមហាយក្សចិន ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ