សេតវិមានសហរដ្ឋអាមេរិក

លោក បៃដិន និងមេដឹកនាំសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នា នៅចំពេលមានជម្លោះពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភធន


សេតវិមានសហរដ្ឋអាមេរិកបាននិយាយថា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នឹងជួបពិភាក្សាគ្នាអំពីថាមពលស្អាត និងខ្សែចង្វាក់ផ្គត់ផ្គង់ ជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១០ ខែមីនា ខណៈដែលបណ្តាប្រទេសអឺរ៉ុបមួយចំនួន កំពុងព្រួយបារម្ភថា ការឧបត្ថម្ភធនថ្មីរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ។
លោក បៃដិន និងមេដឹកនាំសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នា នៅចំពេលមានជម្លោះពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភធន(រូបភាព reuters)

ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​ព្រួយ​បារម្ភ ​និង​ខឹង​សម្បារ​យ៉ាង​ខ្លាំង ​ចំពោះ​ច្បាប់​កាត់បន្ថយ​​អតិផរណាហៅ​កាត់​ថា​ IRA​ បង្កើត​ឡើង​ដោយ​រដ្ឋ​បាល​​របស់​​លោក​ Biden ​ដែលនៅ​ក្រោម​ច្បាប់​នេះ ​លោក​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន ​៤៣០ ​ពាន់លានដុល្លារ ​ដើម្បី​ផ្តល់ការឧបត្ថម្ភធនដ៏​​ច្រើន ​សម្រាប់ផលិតផលដែលផលិតនៅ​សហរដ្ឋអាមេរិក​ក្នុង​​បំណង​ដោះស្រាយបញ្ហាអាកាសធាតុ និងការលើកកម្ពស់​ថាមពល​កកើតឡើងវិញ​។

សេចក្ដី​ថ្លែង​ការណ៍​​របស់​សេត​វិមាន​​បាន​និយាយ​ថា មេដឹក​នាំ​ទាំង​​២​រូប​នេះ ​នឹង​ពិភាក្សាគ្នា​​ពី​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អាមេរិក ​និង​អឺរ៉ុប ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​​វិបត្តិ​អាកាស​ធាតុ​តាម​រយៈ​ការវិនិយោគ​លើ​បច្ចេក​វិទ្យា​ស្អាត​​ផ្អែក​ទៅ​លើ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​ប្រកប​ដោយ​សុវត្ថិភាព​។​

ការិយាល័យរបស់លោកស្រី Von der Leyen បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ទី២មីនា រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិកលោកស្រី ​Janet Yellen ​បាននិយាយជាមួយ​អនុប្រធាន​​គណៈកម្មការអឺរ៉ុប​លោក​ វ៉ាល់ឌីស ឌូមប្រូវស្គីស៍ (Valdis Dombrovskis) អំពីការផ្ដល់​មូលនិធិ​នៅ​ក្រោម​ច្បាប់​នេះ​​ និងតម្រូវការ​ក្នុងការលើកកម្ពស់​ថាមពលបៃតងនៅក្នុងភាគីទាំងពីរ​។

លោក Dombrovskis បាននិយាយតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ tweet ថា ការពិភាក្សាជាមួយ​លោក​ស្រី​ Yellen ស្ដីពី​ច្បាប់​​​កាត់បន្ថយអតិរណា​របស់អាមេរិកនេះ ​គឺ​​មានលក្ខណៈក្នុង​ន័យ​ស្ថាបនា ហើយ​ពួកគេ​បានបន្ត​​ពិភាក្សាអំពី​​ក្ដីកង្វល់​របស់​សហ​ភាព​អឺរ៉ុប​ចំពោះ​ច្បាប់​នេះ​​ និង​អំពី​លទ្ធភាព​នៃការទទួល​បាននូវ​​​ឋានៈ​ឯកសិទ្ធិសម្រាប់​​សហ​ភាព​អឺរ៉ុប ចំពោះ​​វត្ថុធាតុដើមផង​ដែរ​។

នៅ​ក្នុងអំឡុងដំណើរទស្សនកិច្ចកាល​ពី​ខែធ្នូ​​​របស់ប្រធានាធិបតី​បារាំង​​លោក Emmanuel Macron ទៅ​កាន់សេតវិមាន​ លោក Biden បាននិយាយ​ថា​ សេច​ក្ដី​ព្រាង​​ច្បាប់​​ ដែលតាក់​តែង​ឡើង​ក្នុង​​បំណង​ជំរុញ​ថាមពល​កកើត​ឡើងវិញ​​របស់​សហរដ្ឋអាមេរិក​ និង​ឧស្សាហកម្ម​​ផលិត​បន្ទះ​ឈីប​នេះ​​​មាន​«បញ្ហា»​​ បន្តិច​បន្តួច​ដែលអាច​ដោះស្រាយ​​បាន​។

គណៈកម្មការអឺរ៉ុបកាលពីខែមុនបានបង្ហាញផែនការឧស្សាហកម្មកិច្ចព្រមព្រៀងបៃតងរបស់ខ្លួន ដើម្បី​ជាការឆ្លើយតបទៅនឹងវិធានការ​របស់សហរដ្ឋអាមេរិក ​ដោយ​បាន​​បង្កើនកម្រិតជំនួយ​របស់រដ្ឋ ​ដើម្បីជួយ​អឺរ៉ុប​ប្រកួតប្រជែង​ធ្វើ​ជាមជ្ឈមណ្ឌល​ផលិតកម្ម​សម្រាប់ផលិតផល​បច្ចេកវិទ្យាស្អាត។

សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា លោក បៃដិន ​និង​លោកស្រី Von de Leyen ក៏នឹង​ពិភាក្សា​គ្នា​​ពី​ក្រុមការងារពិសេស​រួមគ្នា​មួយ ​ស្តីពីសន្តិសុខថាមពល ដែលត្រូវបានបង្កើតឡើង​កាលពីមួយឆ្នាំមុនដើម្បីជួយកាត់បន្ថយការពឹងផ្អែករបស់សហភាពអឺរ៉ុបលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី និងពិភាក្សាអំពីបញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិន​ផង​ដែរ៕




អត្ថបទបន្ទាប់


តើសម័យប្រជុំពេញអង្គចំនួន២ របស់ចិន ដែលនឹងត្រូវធ្វើឡើងនៅសប្តាហ៍នេះ មានសារៈសំខាន់អ្វីខ្លះ?

ព័ត៌មាន
«សម័យប្រជុំពីរអង្គ» ប្រចាំឆ្នាំរបស់ប្រទេសចិនដែលមានកិច្ចប្រជុំសភាប្រជាជនចិន និងស្ថាប័នប្រឹក្សានយោបាយនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃសៅរ៍ ទី ៤ មីនា…

កម្ពុជាដាក់គោលដៅកែច្នៃទិន្នផលគ្រាប់ស្វាយចន្ទីឲ្យបាន២៥% សម្រាប់នាំចេញត្រឹមឆ្នាំ២០២៧

ព័ត៌មាន
កម្ពុជាជាប្រទេសដែលមានការដាំដុះ និងផលិតគ្រាប់ស្វាយចន្ទីធំជាងគេមួយនៅលើពិភពលោកដោយក្នុង១ឆ្នាំៗអាចផលិតគ្រាប់ស្វាយចន្ទីបានប្រមាណជាង១លានតោនសម្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ