វេទិកាធុរកិច្ច

អ្នកជំនាញរំពឹងវេទិកាធុរកិច្ចកម្ពុជា-អូស្រ្តាលី ជួយជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរ


សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរដ្ឋវិថូរៀ គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-អូស្រ្តាលី ក្នុងអំឡុងកិច្ចកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី នាខែមីនា ឆ្នាំ២០២៤ ខាងមុន ខណៈវេទិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏នឹងអញ្ជើញចូលរួម ដើម្បីថ្លែងសារគន្លឹះមួយចំនួនផងដែរ។
វេទិកាធុរកិច្ច
ដោយ

តាមរយៈវេទិកានេះអ្នកជំនាញសេដ្ឋកិច្ច និងអ្នកធុរកិច្ចនៅកម្ពុជាបានបង្ហាញគំនិតសុទិដ្ឋិនិយម និងក្ដីរំពឹងថា វានឹងអាចផ្ដល់ភាពវិជ្ជមានចំពោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា កន្លងមកសភាពាណិជ្ជកម្មកម្ពុជា បានបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួន២ នៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលជាតំបន់មានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជា​។ តាមរយៈការិយាល័យនេះវាបានជួយពង្រីកទំនាក់ទំនងទ្វេភាគីរវាងពាណិជ្ជករ និងពាណិជ្ជករ ឬរវាងវិស័យឯកជន និងវិស័យឯកជន ដែលនឹងធ្វើឱ្យការទំនាក់ទំនងកាន់តែឆាប់រហ័ស នឹងងាយស្រួល ស្របពេលដែលកម្ពុជា និងអូស្រ្តាលី កំពុងអនុវត្តនូវកិច្ចព្រមព្រៀង RCEP។ អនុប្រធានសភាពាណិជ្ជកម្មរូបនេះរំពឹងថា តាមរយៈវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលប្រទេសទាំងពីរគ្រោងរៀបចំរួមគ្នានៅអំឡុងខែមីនា ឆ្នាំក្រោយ វានឹងជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ការររៀបចំវេទិកានេះធ្វើឡើងក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងថ្លែងសារគន្លឹះសំខាន់ៗក្នុងកិច្ចប្រជុំនេះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា អូស្រ្តាលី គឺជាប្រទេសមួយដែលស្ថិតក្នុងតំបន់ RCEP ដែលជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ហើយទំនាក់ទំនងនេះវានឹងជួយធ្វើឲ្យពាណិជ្ជកម្មកម្ពុជា និងអូស្រ្តាលី កាន់តែមានភាពរឹងមាំ។ បើតាមអ្នកជំនាញរូបនេះ ដ្បិត អូស្រ្តាលី ក៏ជាប្រទេសកសិកម្មមួយដូចប្រទេសកម្ពុជា ក៏ពិតមែន តែកន្លងមកផលិតផលកសិម្ម និងផលិតផលឧស្សាហកម្មកម្ពុជាមួយចំនួន ក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអូស្រ្តាលីផងដែរ។ សម្រាប់បណ្ឌិត គី សេរីវឌ្ឍន៍ តាមរយៈការរៀបចំវេទិកាធុរកិច្ចខាងលើ វានឹងជួយជំរុញការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំងពីរកាន់តែល្អប្រសើរ ក៏ដូចជាជួយទាក់ទាញវិនិយោគិនអូស្រ្តាលីឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អូស្រ្តាលី សម្រេចបានទឹកប្រាក់ជាង៥២៣លានដុល្លារអាម៉េរិក ដោយបានកើនឡើងជិត២០០លានដុល្លារ បើធៀបនឹងឆ្នាំ២០២១។ ដោយឡែក ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានជាង២៤០លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជានាំចេញទៅអូស្ត្រាលីមានតម្លៃជាង១២៦លានដុល្លារ ខណៈកម្ពុជានាំចូលពីអូស្ត្រាលីមានតម្លៃជាង១២២លានដុល្លារអាម៉េរិក។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមអ្នកឧកញ៉ា លឹម ហេង អូស្រ្តាលីមានតម្រូវការផលិតកម្ពុជា ជាច្រើនដូចជាផលិតផលវាយនភណ្ឌ ឧបករណ៍អគ្គិសនី គ្រឿងបង្គុំផ្សេងៗ ជាពិសេសផលិតផលកសិកម្មចំនួន៩ប្រភេទដូចជា ផ្លែប័រ ម្ទេស ល្ង ដំឡូងជ្វា មៀន ស្វាយ ស្វាយចន្ទី ស្ករត្នោត និងចំណិតចេកក្រៀមជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-វៀតណាម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការការទូទាត់តាម QR Code ឆ្លងដែន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់

ព័ត៌មាន
ធនាគារជាតិ នៃកម្ពុជា និង ធនាគាររដ្ឋវៀតណាម បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុ…

ក្រុមហ៊ុន Thai Airways ភ្ជាប់ជើងហោះហើរពីទីក្រុងបាងកកមកព្រលានយន្តហោះសៀមរាបជាលើកដំបូង

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ជាលើកដំបូងហើយដែលក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានតភ្ជាប់ជើងហោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ