វិស័យដឹកជញ្ជូន

តើមានកត្តាអ្វីជួយឱ្យប្រាក់ចំណេញរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនជិត៩% នៅត្រីមាសទី៣ឆ្នាំនេះ?


កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបជាង២៣លានដុល្លារអាម៉េរិកនៅត្រីមាសទី៣ឆ្នាំ២០២៣ កើនឡើងជាង១១% បើធៀបនឹងត្រីមាសទី៣ កាលពីឆ្នាំ២០២២។ ជាមួយគ្នានេះប្រាក់ចំណេញសុទ្ធ ដែលកំពង់ផែនេះ ទទួលបាននៅត្រីមាសទី៣ឆ្នាំនេះ ក៏មានការកើនឡើងដូចគ្នាដែរ ដោយមានចំនួនជាង៥លាន៣សែនដុល្លារ កើនឡើងជិត៩%។
វិស័យដឹកជញ្ជូន
ដោយ

ការកើនឡើងប្រាក់ចំណេញក្រោយការទូទាត់ និងបង់ពន្ធនេះ ត្រូវបានថ្នាក់ដឹកនាំកំពង់ផែនេះអះអាងថា គឺដោយសារបរិមាណទូកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់កំពង់ផែនេះមានការកើនឡើងគួរឱ្យកត់សម្គាល់នៅត្រីមាសទី៣ឆ្នាំនេះ។

របាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) បានបង្ហាញថា នៅត្រីមាសទី៣ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបប្រមាណជាង ២៣លានដុល្លារ កើនឡើងប្រមាណជាង២លាន៣សែនដុល្លារ ឬជាង១១% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នំា២០២២។

កំណើនប្រាក់ចំណូលនេះ គឺដោយសារការកើនឡើងនៃចំណូលសេវាកម្មលើកដាក់កុងតឺន័រពីនាវាទៅទីលាន ចំណូលលើកដាក់ទីលាន ចំណូលពីសេវាកម្មនាវាចរ និងចំណូលស្តុក ឃ្លាំង និងទីលាន​។ តាមរយៈប្រាក់ចំណូលនេះ កំពង់ផែស្វយ័តព្រះសីហនុ រកបានប្រាក់ចំណេញសុទ្ធជាង៥លាន៣សែនដុល្លារកើនឡើងជាង៤០ម៉ឺនដុល្លារ ស្មើនឹងជិត៩% បើធៀបនឹងត្រីមាសទី៣កាលពីឆ្នាំមុន។

បើតាមឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កត្តាដែលធ្វើឱ្យប្រាក់ចំណេញសុទ្ធរបស់កំពង់ផែនេះមានការកើនឡើង គឺដោយសារតែបរិមាណកុងតឺន័រ និងទំនិញឆ្លងកាត់កំពង់ផែនេះមានការកើនឡើង តួយ៉ាងនៅក្នុងត្រីមាសទី៣ឆ្នាំនេះ កុងតឺន័រដែលបានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនជាង២០ម៉ឺន TEUs មានការកើនឡើងជាង១ម៉ឺន៦ពាន់ TEUs ឬស្មើនឹងជាង៩% បើធៀបនឹងត្រីមាសទី៣ កាលពីឆ្នាំ២០២២។

ឯកឧត្តម លូ គឹមឈន់ បានបញ្ជាក់ដែរថា ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាកម្មរបស់អតិថិជន និងការរីកចម្រើនសេដ្ឋកិច្ចជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានពង្រឹងប្រសិទ្ធភាពការងារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតផងដែរ ជាក់ស្តែងដូចជាការកែសម្រួលផែច្រាំងថ្មី ដើម្បីក្លាយជាចំណតកុងតឺន័រមួយបន្ថែមទៀត។

ជាពិសេសបាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ និងមានជម្រៅទឹក១៤,៥ ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាដឹកជញ្ជូនកុងតឺន័រធុនធំក្នុងតំបន់អាចចូលចតនៅកំពង់ផែនេះបាន ដែលនឹងធ្វើឱ្យឧបសគ្គអំពីជម្រៅទឹកសម្រាប់កំពង់ផែត្រូវបានដោះស្រាយ និងធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រ មានតម្លៃប្រហាក់ប្រហែលបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ដែលជាការរួមចំណែកដល់ការជួយសម្រួលផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។

សូមជម្រាបថា គិតត្រឹម៩ខែដើមឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានប្រាក់ចំណូលជាង៦៤លានដុល្លារ ថយចុះជាង៥២ម៉ឺនដុល្លារ ឬស្មើនឹងជិត១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរយៈប្រាក់ចំណូលនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានប្រាក់ចំណេញសុទ្ធជាង២៨លានដុល្លារ កើនឡើងជិត៤លាន៧សែនដុល្លារ ឬស្មើនឹងជាង២០% បើធៀបនឹងឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលដាក់ចេញយុទ្ធនាការសាលារៀនស្អាតគ្មានសំរាមនៅទូទាំងប្រទេស

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តស្តង់ដារសាលារៀនគំរូ និងពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី និង«…

ទេសចរជាង៦លាននាក់បានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា នៅអំឡុងបុណ្យអុំទូកកន្លងទៅ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៦លាននាក់បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ