រដ្ឋាភិបាលកម្ពុជា

កម្ពុជាបន្តបិទការនាំចូលបំណែកសាច់បង្កក៦ខែបន្ថែមទៀត ដើម្បីសង្គ្រោះវិស័យចិញ្ចឹមសត្វ


រដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែបន្ថែមទៀត ក្រោយការអនុវត្តវិធានការហាមឃាត់នេះបានបញ្ចប់ ត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ការសម្រេចបន្តវិធានការជាថ្មីនេះ ត្រូវបានរដ្ឋាភិបាលអះអាងថា ដោយសារតែផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានគាំទ្រចំពោះវិធានការអន្តរាគមន៍នេះ និងចាត់ទុកថា គឺជាការជួយសង្រ្គោះដល់វិស័យចិញ្ចឹមសត្វ និងលើកកម្ពស់ដល់ជីវភាពកសិករនៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជា
ដោយ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានចាត់ទុកវិធានការហាមឃាត់ជាថ្មីរបស់រដ្ឋាភិបាលកម្ពុជាថា ជាការចូលរួមលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ខណៈវិធានការហាមឃាត់នាពេលកន្លងទៅបានធ្វើឱ្យសកម្មភាពចិញ្ចឹមសត្វរបស់កសិករ និងកសិដ្ឋាននានា ទទួលបានភាពប្រសើរឡើងវិញ។ ទន្ទឹមនឹងនេះ លោកស្នើឱ្យមន្រ្តីជំនាញនៅតាមច្រកទ្វារព្រំដែននានាចូលរួមទប់ស្កាត់ការលួចនាំចូល ដ្បិតនៅក្នុងអំឡុងបិទការនាំចូលកន្លងមកលោកសង្កេតឃើញថា សាច់បង្កកប្រភេទនេះនៅតែត្រូវបាននាំចូល ហើយសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះវាយតម្លៃថា វិធានការហាមឃាត់របស់រដ្ឋាភិបាលនាពេលកន្លងមកបានជួយសង្រ្គោះដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ហើយប្រសិនបើពុំមានការអន្តរាគមន៍ទាន់ពេលទេ នោះវិស័យនេះអាចនឹងត្រូវបិទទ្វារ ដោយសារការខាតបង់ថវិកា ខណៈពេលមិនទាន់មានការហាមឃាត់ គឺជ្រូករស់លក់បានតម្លៃ៧ពាន់រៀលក្នុង១គីឡូ ប៉ុន្តែក្រោយមកអាចលក់បានចន្លោះពី៩ពាន់រៀលដល់១ម៉ឺនរៀលក្នុង១គីឡូក្រាម។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយកាលពីទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយសម្រេចបន្តហាមឃាត់ការនាំចូលបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែបន្ថែមទៀត ដែលអនុវត្តចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

ការបន្តការឃាមឃាត់នេះ ធ្វើឡើងក្រោយក្រសួងទាំងពីរសង្កេតឃើញថា ការអនុវត្តកន្លងមកវាបានជួយសង្គ្រោះផលិតកម្មសត្វចញ្ចឹមនៅកម្ពុជាពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកនេះ។ ម្យ៉ាងទៀតបញ្ហានេះនៅតែជាបញ្ហាចោទ ដែលអាចធ្វើឱ្យផលិតកម្មជ្រូកនៅកម្ពុជារងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។ តែយ៉ាងណា វិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងថ្នាក់ដឹកនាំ ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ

ព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកន…

តើចំណតផែក្រុងព្រះសីហនុថ្មី ដែលទើបដាក់ឱ្យប្រើប្រាស់នឹងផ្តល់អត្ថប្រយោជន៍យ៉ាងណាខ្លះសម្រាប់សេដ្ឋកិច្ចជាតិ?

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកចំណតផែកុងតឺន័រថ្មី ប្រវែង២៥៣ម៉ែត្រ តម្លៃជាង៣៧លានដុល្លាររបស់កំពង់ផែស្វយ័ត ក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ