កម្ពុជាកំពុងអភិវឌ្ឍគេហទំព័រគាំទ្រផ្នែកជីឌី

កម្ពុជាកំពុងអភិវឌ្ឍគេហទំព័រគាំទ្រផ្នែកជីឌីថលសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញធុរកិច្ចឌីជីថល


គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងក្រុមហ៊ុន Meta បានសហការរៀបចំសិក្ខាសាលាស្តីពី «វេបផតថលសម្រាប់ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលកម្ពុជា» នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់វិស័យឯកជន និងវិស័យសាធារណៈសំខាន់ៗ ពាក់ព័ន្ធនឹងធុរកិច្ច និងសេដ្ឋកិច្ចឌីជីថល។
កម្ពុជាកំពុងអភិវឌ្ឍគេហទំព័រគាំទ្រផ្នែកជីឌីថលសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញធុរកិច្ចឌីជីថល

ដោយសម្លឹងឃើញពីសក្តានុពល និង កាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង ជំរុញធុរកិច្ចឌីជីថល, រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអភិវឌ្ឍវេបផតថល ដែលជាគេហទំព័រពាក់ព័ន្ធនឹង​វិស័យឌីជីថល​សំខាន់ចំនួន៤ផងដែរ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «វេបផតថលសម្រាប់ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលកម្ពុជា» ក្រោយការដាក់អនុវត្ត​ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានគូសបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជាត្រូវបានតាក់តែងឡើងក្នុងគោលបំណងកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីដ៏រឹងមាំរបស់កម្ពុជា និង ជាប្រព័ន្ធអេកូឡូស៊ីចម្រុះ សំដៅក្នុងការរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាព​សេដ្ឋកិច្ច និង លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គម​ឌីជីថលកម្ពុជា។ ក្នុងន័យនេះ, ថ្នាល និង វេបផតថល គេហទំព័រគាំទ្រផ្នែកឌីជីថល ត្រូវបានសន្មតថាជាកាតាលីករដ៏ចាំបាច់ ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមចក្ខុវិស័យ​ច្បាស់លាស់ នោះគឺ «ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និង បរិវត្តកម្មឌីជីថល​នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និង ទាំងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី» នៃក្របខណ្ឌគោលនយោបាយសេដ្ឋ-កិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បញ្ជាក់បន្ថែមថា ដោយសម្លឹងឃើញពីសក្តានុពល និង កាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង ជំរុញធុរកិច្ចឌីជីថល, រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងអភិវឌ្ឍវេបផតថលគាំទ្រសំខាន់ៗមួយចំនួនដូចជា ទី១.គេហទំព័ររបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល គឺដាក់បង្ហាញនូវសកម្មភាពការងាររបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ទិន្នន័យ ថ្នាលឌីជីថល និងគម្រោងគាំទ្រសំខាន់ៗពាក់ព័ន្ធនឹងវិស័យដែលគាំទ្រដល់សេដ្ឋកិច្ច និងសង្គមឌីជីថល។ ទី២ គឺថ្នាលធុរកិច្ច គឺប្រមូលផ្តុំព័ត៌មានស្តីពីការធ្វើធុរកិច្ចនៅកម្ពុជា ដាក់ក្នុងកន្លែងតែមួយ សម្រួលដល់ធុរជនក្នុងការស្វែងរកព័ត៌មានស្ដីពីការស្នើសុំវិញ្ញាបនបត្រ, អាជ្ញាបណ្ណនិងលិខិតអនុញ្ញាតធ្វើអាជីវកម្ម និងកិច្ចការងារផ្សេងៗទៀតក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។

ទី៣. ថ្នាលធុរកិច្ចថ្មីកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីថ្នាក់ជាតិធុរកិច្ចថ្មីកម្ពុជា បង្កើតឡើងដើម្បីរៀបបញ្ជីនៃតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជាសំដៅបង្កើនអន្តរសកម្មរវាងតួអង្គគាំទ្រធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីឲ្យកាន់តែមានភាពប្រទាក់ក្រឡា និងរស់រវើក។ និងទី៤.គម្រោង Go4eCam គឺផ្តល់នូវលក្ខខណ្ឌចាំបាច់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងទទួលបានសិទ្ធិប្រើប្រាស់ថវិកាតាមតម្រូវការ ក្នុងការចាប់យកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការធ្វើអាជីវកម្មឱ្យមានលក្ខណៈផ្លូវការ ដើម្បីគាំទ្រដល់ការតៀមខ្លួនក្នុងការនាំចេញ៕
អត្ថបទបន្ទាប់


មេអគ្គិសនីកម្ពុជាបញ្ជាក់ពីហេតុផល ដែលកម្ពុជាមិនដំឡើងថ្លៃអគ្គិសនី ទោះពិភពលោកកំពុងជួបវិបត្តិថាមពល

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីនៅកម្ពុជា ត្រូវបានរងការរំខានដោយសារការឆ្លងរាតត្បាតនៃជំ…

ក្រោយទិញសម្រេចទិញយក Twitter លោក Elon Musk បានបណ្តេញនាយកធំៗណាខ្លះ?

ព័ត៌មាន
លោក Elon Musk បានសម្រេចការទិញ និងក្លាយជាម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter ហើយ ក្នុងទំហំទឹកប្រាក់ ៤៤ពាន់លានដុល្លារ នៅថ្ងៃទី២៧ ខែតុលា ឆ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ