សម្ព័ន្ធមិត្តកូរ៉េខាងត្បួងនឹងឆ្លើយតបដោយនឹកស្មានមិនដល់ចំពោះការបាញ់នុយក្លេអ៊ែរ!

កូរ៉េខាងត្បូងថា សម្ព័ន្ធមិត្តរបស់ខ្លួននឹងឆ្លើយយ៉ាងខ្លាំងក្លា ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង


ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ទី ២៦ តុលា បានថ្លែងអះអាងច្បាស់ៗថា ខ្លួនបានយល់ព្រមជាមួយសហរដ្ឋអាមេរិក និងជប៉ុនថា ការបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញដោយកូរ៉េខាងជើង នឹងត្រូវជួបជាមួយនឹងការឆ្លើយតបដ៏ខ្លាំងក្លា «ដែលមិនអាចប្រៀបផ្ទឹមបាន» ពីសំណាក់ប្រទេសសម្ព័ន្ធមិត្តទាំងបីនេះ ខណៈដែលនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងថ្មីៗនេះ បានទម្លាយថា ទីក្រុងព្យុយ៉ាងនាពេលនេះ បានត្រៀមខ្លួនរួចស្រេចបាច់ហើយ សម្រាប់ការសាកល្បងអាវុធមីស៊ីនុយក្លេអ៊ែររបស់ខ្លួននៅពេលណាក៏បាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កូរ៉េខាងត្បូងថា សម្ព័ន្ធមិត្តរបស់ខ្លួននឹងឆ្លើយយ៉ាងខ្លាំងក្លា ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង

ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តជឿជាក់ថា កូរ៉េខាងជើង​អាចនឹងចាប់ផ្តើមការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរឡើងវិញ​ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ប៉ុន្តែអ្នកជំនាញនិយាយថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន រួមទាំងអាមេរិក​មានជម្រើសល្អតិចតូចណាស់ សម្រាប់ការពារខ្លួន ឬឆ្លើយតបចំពោះទង្វើបែបនេះ​របស់ទីក្រុងព្យុងយ៉ាង។

អនុរដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូងលោក លោក Cho Hyun-dong បានពិភាក្សាបញ្ហាជាមួយ​សមភាគីជប៉ុនលោក Takeo Mori និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman នៅទីក្រុងតូក្យូ។

ក្នុងនោះ លោកឆូ យ៉ុន ដុន អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានប្រាប់សន្និសីទសារព័ត៌មានរួមមួយថា «កូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាថា រូបភាពនៃការឆ្លើយតបពីសំណាក់ប្រទេសទាំងបីនេះ គឺនឹងធ្វើឡើងយ៉ាងខ្លាំងក្លា មិនអាចមានអ្វីមកផ្ទឹមបានទេ ប្រសិនបើកូរ៉េខាងជើង​សម្រេចចិត្តសាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​លើកទីប្រាំពីរ​របស់ខ្លួនមែន​នោះ»។

មែន​ទែនទៅ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្តល់ព័ត៌មានលម្អិតមួយ​ចំនួនអំពីវិធានការថ្មី ដែលពួកគេអាចនឹងប្រើក្នុងការឆ្លើយតបទៅនឹងការបន្ត​ការសាកល្បង​នុយក្លេអ៊ែរឡើងវិញរបស់ទីក្រុងព្យុងយ៉ាង ដោយអ្នកនាំពាក្យក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក Vedant Patel បានលើកឡើងកាលពីថ្ងៃពុធ ទី​ ២៦ តុលាដែរថា «សកម្មភាពបង្កហេតុទាំងអម្បាលម៉ាន​របស់កូរ៉េខាងជើង​បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់»។

ការសាកល្បងនុយក្លេអ៊ែរលើកចុងក្រោយរបស់​កូរ៉េខាងជើង បានបង្ហាញឱ្យឃើញថា ប្រទេសចិន និងរុស្ស៊ីនៅតែជួយបន្តបន្ធូរបន្ថយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើទីក្រុងព្យុងយ៉ាង ក្រោយពីមានភាពរកាំរកូសរវាងទំនាក់ទំនងវ៉ាស៊ីនតោន និងម៉ូស្គូក្នុងសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន និងរវាងអាមេរិក និងចិនលើភាពតានតឹងនៃកោះតៃវ៉ាន់។

នៅពេលត្រូវបានសួរអំពីការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោកវ៉ាស៊ីលី នេបេនហ្ស៊ី (Vassily Nebenzia) បានថ្លែងថា យើងត្រូវដោះស្រាយនៅពេលវាកើតឡើងមែន ដោយយើងមិនអាចចេះតែស្មានទុកមុននោះទេ តែបើវាអ៊ីចឹងមែននោះ យើងក៏មិនពេញចិត្តនឹងការសាកល្បងនោះដែរ»។

ម្យ៉ាងវិញទៀត នៅក្នុងសន្និសីទសារព័ត៌មាន​​នៅទីក្រុងតូក្យូ លោកស្រី​ វេនឌី ស៊ើមែន (Wendy Sherman) បានជំរុញឲ្យរបបក្រុងព្យុងយ៉ាង​បញ្ឈប់ការបង្កហេតុ ដូចជាការសាកល្បង​នុយក្លេអ៊ែរ​ជាដើម ដែលវាបង្ក​ឱ្យមាន​អស្ថិរភាព​យ៉ាងខ្លាំង​សម្រាប់តំបន់ និងសន្តិសុខនៃពិភពលោក​ទាំងមូល​។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអំពាវនាវឱ្យប្រទេសទាំងអស់ត្រូវទទួលស្គាល់ និងយល់អំពី «ឫសគល់នៃភាពជាប់គាំងដ៏យូរអង្វែង» លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយភាគីទាំងអស់​ត្រូវចាត់វិធានការ ដើម្បីបង្កើនការជឿទុកចិត្តគ្នា​ទៅវិញទៅមក​ និងដោះស្រាយបញ្ហា​ទាំងអស់គ្នា​ទើបវាប្រសើរជាង៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីនឹងផ្ដល់ទិដ្ឋាការថ្មី អនុញ្ញាតឱ្យជនបរទេសអាចរស់នៅលើកោះបាលីបានដល់ ១០ ឆ្នាំ

ព័ត៌មាន
ប្រសិនបើមានជនបរទេសណាចង់យកកោះបាលីធ្វើជាផ្ទះទី២របស់ពួកគេនោះ ឥឡូវនេះពួកគេអាចធ្វើបែបនោះបានហើយ នៅក្រោមគោលនយោបាយផ្ដល់ទិដ្ឋាការថ្មី ដែលរដ្ឋា…

សិង្ហបុរីខំប្រឹងប្រែងបង្កើនការនាំចូលអគ្គិសនីពីក្នុងតំបន់នៅត្រឹមឆ្នាំ២០៣៥ខាងមុខនេះ

ព័ត៌មាន
នៅចំពេលដែល ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិថាមពលនោះ រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសសិង្ហបុរីបាននិយាយកាលពីថ្ងៃពុធទី២៦តុលាថា ប្រទេសសិង្ហបុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ