គយចិនអនុញ្ញាតឲ្យម្រេចកម្ពុជានាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការ

ទីបំផុត គយចិនអនុញ្ញាតឲ្យម្រេចកម្ពុជានាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការហើយ!


នៅទីបំផុតម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនហើយ ដោយរដ្ឋបាលគយនៃប្រទេសចិននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញឈ្មោះក្រុមហ៊ុនសហគ្រាសចំនួន៧ ដែលត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញម្រេចកម្ពុជាទៅកាន់ប្រទេសចិនដោយផ្ទាល់។
ទីបំផុត គយចិនអនុញ្ញាតឲ្យម្រេចកម្ពុជានាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការហើយ!

អ្នកនាំពាក្យក្រសួងកសិកម្មកម្ពុជា អះអាងថា នេះជាគឺជាជោគជ័យថ្មីមួយទៀតរបស់កសិផលកម្ពុជានៅក្នុងឆ្នាំ២០២៣នេះ ពោលគឺដំណាំម្រេចជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ។

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការទទួលបានការអនុញ្ញាតឱ្យនាំចេញម្រេចកម្ពុជាទៅកាន់ប្រទេសចិន គឺជាជោគជ័យថ្មីមួយទៀតរបស់កសិផលកម្ពុជា។ យ៉ាងណាមិញ ការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះ គឺខុសប្លែកពីការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារប្រទេសផ្សេងទៀត តួយ៉ាង ដូចជាទៅខាងសហគមន៍អឺរ៉ុបជាដើម ដែលភាគច្រើននាំចេញតែប្រភេទម្រេចកំពត ដែលមានផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ប៉ុណ្ណោះ។ ប៉ុន្តែចំពោះម្រេចកម្ពុជាដែលនាំចេញទៅទីផ្សារប្រទេសចិនវិញ គឺមិនត្រឹមតែអាចនាំចេញតែម្រេចកំពតប៉ុណ្ណោះទេ គឺអាចនាំចេញាបានម្រេចកម្ពុជាទូទៅដែលដាំដុះនៅគ្រប់បណ្តាខេត្តទាំងអស់តែម្តង ឱ្យតែដំណាំម្រេចនោះស្របទៅតាមស្តង់ដារតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញ។

ជំទាវ អ៊ឹម រចនា បញ្ជាក់ឱ្យដឹងថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនចំនួន៧ ដែលបានស្នើសុំនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ក៏ប៉ុន្តែនៅមិនទាន់បានធ្វើការនាំចេញជាលើកដំបូងនៅឡើយទេ។ យ៉ាងណាមិញ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅមិនទាន់អាចកំណត់អំពីចំនួននៃការស្រូបទាញរបស់ទីផ្សារប្រទេសចិនបាននៅឡើយនោះទេ។ តែយ៉ាងណាក៏ដោយចុះ ជំទាវ អ៊ឹម រចនា មានគំនិតសុទិដ្ឋិនិយមខ្ពស់ថា ម្រេចកម្ពុជានឹងអាចធ្វើការនាំចេញម្រេចជាលើកដំបូងទៅកាន់ទីផ្សារចិននៅពេលឆាប់ៗខាងមុខនេះផងដែរ។

ទន្ទឹមនេះ ឧកញ៉ា ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញម្រេចកម្ពុជាទៅកាន់ប្រទេសចិន បានលើកឡើងថា នេះគឺជាឱកាសមួយដែលធ្វើឱ្យម្រេចកម្ពុជាមានទីផ្សារល្អ និងមានតម្រូវការច្រើនជាងមុន ព្រមទាំងអាចធ្វើឱ្យតម្លៃម្រេចកម្ពុជាមានភាពប្រសើរជាងមុនផងដែរ។

ក្នុងន័នេះ បើតាម ឧកញ៉ា ហៃ លីអ៊ាង ម្រេចទូទៅរបស់កម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនបានច្រើន អាចលក់បានក្នុងតម្លៃល្អជាងពេលបច្ចុប្បន្នផងដែរ ខណៈដែរសព្វថ្ងៃម្រេចទូទៅរបស់កម្ពុជាភាគច្រើនាំចេញតែទៅកាន់ប្រទេសជិតខាងកម្ពុជា ហើយលក់បានក្នុងតម្លៃទាប។ យ៉ាងណាក៏ដោយចុះ ប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល រូបនេះក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនរបស់លោកកន្លងមក គឺនាំចេញតែម្រេចកំពតប៉ុណ្ណោះ ហើយសម្រាប់ការនាំចេញម្រេចកំពតទៅកាន់ប្រទេសចិននេះ ក្រុមហ៊ុនលោកនៅមិនទាន់អាចកំណត់ផែនការនាំចេញក្នុងចំនួនប៉ុន្មាននោះទេ ដោយសារនេះជាលើកដំបូងដែលអាចនាំចេញទៅកាន់ប្រទេសចិនបាន។

សូមជម្រាបថា បើតាមការបញ្ជាក់របស់ស្ថានទូតចិនប្រចាំកម្ពុជា មានទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែង ដែលត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិន ក្នុងការនាំចេញម្រេចកម្ពុជាទៅកាន់ប្រទេសចិនដោយផ្ទាល់បាន៕




អត្ថបទបន្ទាប់


ទិញផ្ទះតូចឬផ្ទះធំសុទ្ធតែចំណេញដូចគ្នាអោយតែស្របច្បាប់

ព័ត៌មាន
ពិតណាស់ការទិញអចលនទ្រព្យ គឺជារឿងមួយដែលងាយស្រួល ប្រសិនបើអ្នកមានលុយគ្រប់គ្រាន់សម្រាប់ទិញ ឬមិនចាំបាច់មានលុយគ្រប់គ្រាន់ក៏បាន ដោយលោកអ្នកអាចទិ…

ប្រធានាធិបតីឥណ្ឌូណេស៊ីថាពុំមានវឌ្ឍនភាពពិតប្រាកដក្នុងផែនការសន្តិភាពសម្រាប់មីយ៉ាន់ម៉ាទេ

ព័ត៌មាន
ប្រធានប្តូរវេនឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រទេសអាស៊ានទាំង១០នឹងមិនបោះបង់ការព្យាយាមបញ្ចប់អំពើហិង្សាក្នុងប្រទេសសមាជិកមីយ៉ា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ