ប្រទេសថៃ

ហេតុអ្វីបញ្ហាប្រឈមនៅតែមាន ទោះប្រធានសភាថៃថ្មីអាចត្រួសត្រាយផ្លូវឱ្យលោក ភីថា លីមចារឿនរ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រី?


ក្រុមអ្នកវិភាគអះអាងថា បញ្ហាប្រឈមនៅតែមាន ទោះបីជាប្រធានសភាថៃថ្មីអាចត្រួសត្រាយផ្លូវឱ្យលោក ភីថា លីមចារឿនរ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រីក៏ដោយ!!!រ ប្រធានរដ្ឋសភាដែលទើបតែងតាំងថ្មី លោក វ៉ាន់ ម៉ូហាម៉ាដ ន័រ ម៉ាថា (Wan Muhamad Noor Matha) បានប្រកាសឱ្យដឹងកាលពីថ្ងៃពុធថា សភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី ១៣ ខែកក្កដាខាងមុខ។
តើឧបសគ្គអ្វីខ្លះ ដែលអាចរារាំងលោក ភីថា មិនឱ្យក្លាយជានាយករដ្ឋមន្ត្រីថៃ?

ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក ម៉ូហាម៉ាដ បានទទួលតំណែងជាប្រធានសភា ខណៈដែលអ្នកវិភាគមួយចំនួនយល់ឃើញថា បើទោះបីជាប្រធានសភាថ្មីអាចបើកផ្លូវសម្រាប់ឱ្យលោក ភីថា ក្លាយជានាយរដ្ឋមន្ត្រីថៃក៏ដោយ ក៏បញ្ហាប្រឈមមួយចំនួនគឺនៅតែមាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។

បក្សឆ្ពោះទៅមុខរបស់លោក ភីថា លីមចារឿនរ៉ាត់ និងបក្សភឿថៃរបស់លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា បានឈ្នះអាសនៈរៀងគ្នាចំនួន ១៥១ និង ១៤១ នៅក្នុងរដ្ឋសភា ក្រោយការបោះឆ្នោតកាលពីឧសភាកន្លងទៅ។ ជាមួយនឹងបក្សសម្ព័ន្ធតូចៗចំនួនប្រាំមួយផ្សេងទៀត បក្សសម្ព័ន្ធមានអាសនៈ៣១២ ក្នុងដៃ និងមានសង្ឃឹមថា ពួកគេនឹងអាចបោះឆ្នោតតែងតាំងលោក ភីថា ឱ្យក្លាយជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក ប្រាយុទ្ធ ចាន់អូចា បាន ជាមួយនឹងការគាំទ្របន្ថែមពីសមាជិកមួយចំនួន ពោលគឺ ៦៤ សំឡេង ក្នុងចំណោមសមាជិកព្រឹទ្ធសភា ២៥០ រូប ដែលតែងតាំងដោយយោធា។

អ្នកវិភាគមួយចំនួនមានការយល់ឃើញស្រដៀងគ្នាថា ការជ្រើសរើសប្រធានសភាតំណាងរាស្រ្តថ្មីរបស់ប្រទេសថៃ គឺជាការសម្របសម្រួលដ៏ល្អមួយរវាងគណបក្សឆ្ពោះទៅមុខ និងគណបក្សភឿថៃ បន្ទាប់ពីមានការខ្វែងគំនិតគ្នារបស់គណបក្សទាំងពីរ ជុំវិញបេក្ខជនដែលគួរបំពេញតួនាទីនេះ។ ការណ៍នេះ ពួកអ្នកជំនាញយល់ឃើញថា នឹងត្រួសត្រាយផ្លូវសម្រាប់លោក ភីថា ឱ្យងាយស្រួលកាន់កាប់តំណែងជានាយករដ្ឋមន្ត្រី។

តែយ៉ាងណា បញ្ហាប្រឈមគឺនៅតែមានសម្រាប់បេក្ខភាពវ័យក្មេងរូបនេះ។ ក្រុមអ្នកសង្កេតការណ៍បានប្រាប់ CNA ថា គោលនយោបាយរបស់គណបក្សលោក ភីថា បានធ្វើឱ្យមានការមិនពេញចិត្តពីក្រុមយោធា។ លោកបណ្ឌិត ខេវិន ហេវីសុន (Kevin Hewison) សាស្ត្រាចារ្យកិត្តិយសសម្រាប់ការសិក្សាអាស៊ីនៅសាកលវិទ្យាល័យ North Carolina បាននិយាយថា «វាអាចទៅរួចដែលថា ប្រសិនបើគាត់ក្លាយជានាយករដ្ឋមន្ត្រី នោះគាត់អាចត្រូវបានដកសិទ្ធិនៅពេលក្រោយ»។ លោកថា ដោយសារតែបក្សនេះមានរបៀបវារៈគោលនយោបាយជ្រុលនិយមបំផុត ដែលប្រើសម្រាប់ការឃោសនាបោះឆ្នោត ដែលស្នើឱ្យមានកំណែទម្រង់យោធា និងការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ គោលនយោបាយនេះហើយបានបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែងអំណាចព្រះមហាក្សត្រថៃ។

តែយ៉ាងណា លោក ខេវិន ហេវីសុន បានពន្យល់បន្ថែមថា «ប្រធានសភាទេដែលកំណត់របៀបវារៈសម្រាប់ផ្នែកណានៃច្បាប់ និងការជជែកដេញដោល ហើយនោះអាចសម្រួលដល់សមាជិកព្រឹទ្ធសភាមួយចំនួនដែលមានការព្រួយបារម្ភអំពីគោលនយោបាយកែប្រែរបស់បក្សឆ្នោះទៅមុខ ជាពិសេសលើមាត្រា១១២ ឬបទប្បញ្ញត្តិស្តីពីការប្រមាថព្រះមហាក្សត្រ។

ស្របពេលជាមួយគ្នា បញ្ហាប្រឈមមួយទៀតគឺ លោក ភីថា ក៏ប្រឈមនឹងជាប់ទោសផងដែរ ប្រសិនបើតុលាការរកឃើញថា លោកពិតជាបានជាប់ពាក់ព័ន្ធនឹងភាគហ៊ុនក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ ដែលច្បាប់ថៃបានសម្រេចឱ្យបិទរួចមកហើយនោះ។ យោងតាមមាត្រាទី៩៨នៃរដ្ឋធម្មនុញ្ញថៃ លោក ភីថា អាចត្រូវបានដកសិទ្ធិពីតំណែងនាយករដ្ឋមន្ត្រី ប្រសិនបើជាប់ទោសទណ្ឌក្នុងរឿងអាស្រូវណាមួយនោះ៕




អត្ថបទបន្ទាប់


អាជ្ញាធរព្រមានចាត់វិធានការអ្នករកស៊ីក្នុងវិស័យអចលនវត្ថុណា ដែលអនុវត្តខុសច្បាប់ និងកឹបកេងផលចំណេញពីអ្នកប្រើប្រាស់

ព័ត៌មាន
ជាមួយនឹងការរីកលូតលាស់ខ្លាំងដែលមិនអាចគ្រប់គ្រងបាននៅក្នុងវិស័យអចលនទ្រព្យ វាបានបង្កឱ្យមានការប្រកួតប្រជែងយ៉ាងផុលផុស ក្នុងវិស័យជួញដូរអចលនទ្រព្…

ពលរដ្ឋចិនស្រវាទិញការធានារ៉ាប់រង និងផ្ញើប្រាក់ដុល្លារនៅហុងកុង ខណៈប្រាក់យ័នចុះខ្សោយ ហើយទំនុកចិត្តលើសេដ្ឋកិច្ចក្នុងស្រុករង្គោះរង្គើ

ព័ត៌មាន
ក្រុមវិនិយោគិនចិនកំពុងប្រញាប់ប្រញាល់ទៅក្រៅប្រទេសចិនដីគោក ដើម្បីធ្វើការដាក់ប្រាក់បញ្ញើជាដុល្លារ និងទិញធានារ៉ាប់រងនៅទីក្រុងហុងកុង។ នេះជាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ